ពីនេះ ពីនោះ
«ភាស៊ី» ជាពាក្យកម្ចី ខណៈខ្មែរមានពាក្យ «សួយ», «ពន្ធ»
23, Mar 2021 , 7:29 am        
រូបភាព
ការពិតទៅពាក្យ«ភាស៊ី»ដែលធ្លាប់តែពលរដ្ឋនិយមនិយាយសម្រាប់សំដៅលើការទារពន្ធផ្សេងៗពីម្ចាស់អាជីវករលក់ដូរតាមផ្សារនីមួយៗដែលមានបញ្ញត្តិឲ្យទារយកនោះគឺជាពាក្យកម្ចីពីសៀម (ថៃ)។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
 «ភាស៊ីឡាន ភាស៊ីម៉ូតូ ឬភាស៊ីទំនិញផ្សេងៗ» គឺជាពាក្យដែលពលរដ្ឋខ្មែរនិយមនិយាយ ហើយសឹងតែចាត់ទុកពាក្យនេះជាពាក្យខ្មែរទៅហើយ។ ប៉ុន្តែពាក្យនេះជាពាក្យកម្ចីពីសៀម ដែលសៀមនិយាយពាក្យនេះថា «ផាស៊ី»។ 
 
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បានបញ្ជាក់ពីពាក្យខ្មែរមួយចំនួនដែលមានន័យសំដៅលើការទារពន្ធផងដែរ។ ពាក្យទាំងនោះ មានដូចជា «សួយ» ដែលមានន័យថា អាករ, មុខអាករ; ពន្ធខ្លួន; ពន្ធដែលត្រូវហូតយកក្នុងទីតំបន់មួយៗ, មុខគយ, មុខភាស៊ី ។ សួយរៃអាករដែលរៃគ្នាយកទៅជូនឥស្សរជន ( ក្នុងសម័យបុរាណ ) ។ សួយសារអាករ អាករដែលនាំឡើងមានសំបុត្រជាផ្លូវរាជការអមផង ។ ស្រុកសួយ ( ព. បុ. ) ស្រុកដែលត្រូវនាំសួយមកឡើង, ស្រុកចំណុះ ។ ឡើងសួយ ( ព. បុ. ) នាំអាករឡើងតាមកាលកំណត់ ។ ឲ្យសួយ ( ព. ប្រ. ) លះ ឬប្រគល់ខ្លួនឲ្យតាមតែគេត្រូវការ ។
 
ពាក្យ «ពន្ធ» ដែលមានន័យថា សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់។ ពន្ធស្រូវ, ពន្ធទូក, ពន្ធទាស, ពន្ធខ្លួន . . . ; ទារពន្ធ, បង់ពន្ធ ។ ពន្ធដារ ពន្ធគ្រប់មុខ : ការបង់ពន្ធដារសម្រាប់ផែនដី ហៅថា រាជពលី ។ ពន្ធចំពោះពន្ធដីស្រែចម្ការជាដើម ដែលសាមីខ្លួនជាម្ចាស់របស់ត្រូវបង់ជូនរាជការ តាមចំនួនដែលមានកម្រិតទុកជាស្រេចក្នុងបញ្ជី ។ ពន្ធមិនចំពោះ ពន្ធនៃគ្រឿងបរិភោគនិងគ្រឿងប្រើប្រាស់ផ្សេងៗដូចជាពន្ធគយនិងរដ្ឋាករជាដើម ដែលជននីមួយៗត្រូវបង់ជូនរាជការ ដោយសារខ្លួនត្រូវការបរិភោគឬប្រើប្រាស់នូវវត្ថុទាំងនោះ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com