អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ថា រុស្ស៊ីនិងចិនគួរកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក
22, Mar 2021 , 5:21 pm        
រូបភាព
ប្រមុខការទូតរុស្ស៊ី Sergei lavrov ។ រូបថត Xinhua
ប្រមុខការទូតរុស្ស៊ី Sergei lavrov ។ រូបថត Xinhua
ដោយ:
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសចិនពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ខែមីនា។ មុនចាកចេញពីរុស្ស៊ី លោកLavrov លើកឡើងថា ប៉េកាំង និងមូស្គូ គួរចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់រូបិយវត្ថុនៃបណ្តាប្រទេសលោកខាងលិច និងដុល្លាររបស់អាមេរិក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងរុស្ស៊ី និងចិនដើម្បីប្រឆាំងនឹងអនុត្តរភាពអាមេរិក។


ប្រមុខការបរទេសរុស្ស៊ី Sergei Lavrov ចាប់ផ្តើមដំណើរទស្សនកិច្ចពីរថ្ងៃនៅចិនតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងបរិបទមួយដែលទំនាក់ទំនងរវាងអាមេរិក ជាមួយចិន និងរុស្ស៊ីធ្លាក់ដុនដាបមិនធ្លាប់មាន។ ប្រមុខការទូតអាមរិក និងចិនទើបតែបញ្ចប់ជំនួបដែលធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែមីនា ដែលភាគីទាំងសងខាងរិះគន់គ្នាជាសាធារណៈ ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីទើបត្រឡប់ចូលប្រទេសវិញ ក្រោយប្រធានាធិបតីអាមេរិក និយាយថា ប្រធានាធិបតីរុស្ស៊ីជាឃាតករ និងជ្រៀតជ្រែកចូលការបោះឆ្នោតអាមេរិកឆ្នាំ២០២០។
 
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនធ្វើដំណើរទៅចិន លោក Lavrov និយាយថាចិន និងរុស្ស៊ីត្រូវបង្ខំចិត្តអភិវឌ្ឍខ្លួនដោយឯករាជ្យពីអាមេរិក ដើម្បីបង្ការការប៉ុនប៉ងរបស់អាមេរិកក្នុងការរាំងខ្ទប់ការអភិវឌ្ឍបច្ចេកវិទ្យានៃប្រទេសទាំងពីរ។ លោកទំនងចង់សំដៅវិធានការរបស់អាមេរិកលើចិន ឬុរុស្ស៊ីលើការរឹតត្បិតការនាំចេញបច្ចេកវិទ្យាមួយចំនួនទៅប្រទេសទាំងពីរមិនថាតាមរយៈការលក់ ឬវិនិយោគ នៅពេលមានជម្លោះនឹងគ្នាម្ដង។
 
«យើងចាំបាច់កាត់បន្ថយហានិភ័យនៃទណ្ឌកម្ម ដោយពង្រឹងឯករាជ្យភាពបច្ចេកវិទ្យា ប្តូរទៅការទូទាត់ប្រាក់ដោយរូបិយវត្ថុជាតិ និងអន្តរជាតិជំនួសអោយដុល្លារ»។ នេះជាការលើកឡើងរបស់ប្រមុខការបរទេសរុស្ស៊ី ដោយសង្កត់ធ្ងន់ថារុស្ស៊ី និងចិនត្រូវឈប់ប្រើប្រាស់រូបិយវត្ថុអន្តរជាតិដែលគ្រប់គ្រងដោយបស្ចិមលោក។
 
សូមបញ្ជាក់ថា រូបិយវត្ថុនៃប្រទេសដែលតម្កល់នៅមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF)និងដែលត្រូវចាត់ទុកជារូបិយវត្ថុរឹងមានដុល្លាររបស់អាមេរិក អឺរ៉ូរបស់សហភាពអឺរ៉ុប ផោនរបស់អង់គ្លេស យេនរបស់ជប៉ុន រ៉ិនមីនប៊ីរបស់ចិន និងហ្វ្រង់របស់ស្វីសជាដើម។
 
ចំពោះវិធានការដាក់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុប ប្រមុខការបរទេសរុស្ស៊ីនិយាយថា បណ្តាប្រទេសទាំងនោះបានបោះបង់ចោលរបៀបរបបការទូតដែលមានលក្ខណៈជាប្រពៃណីអស់ទៅហើយ។ លោកលើកឡើងថា ចាប់ពីរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា រហូតដល់លោក ដូណាល់ ត្រាំ ការដាក់ទណ្ឌកម្មលើប្រទេសដទៃត្រូវបានអាមេរិកចាត់ទុកជារឿងធម្មតាក្នុងការចាត់តែងកិច្ចការអន្តរជាតិ។ ប៉ុន្តែលោករំឭកថា វាមិនមែនជារឿងល្អឡើយចំពោះការដាក់ទណ្ឌកម្មលើចិន និងរុស្ស៊ី។
 
សម្រាប់ប្រមុខការទូតរុស្ស៊ីរូបនេះ រុស្ស៊ី និងចិនគួរពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ជាបន្ទាន់នូវវិធានការគំរាម និងឯកតោភាគីរបស់អាមេរិក ហើយឆ្លៀតឱកាសពង្រឹងការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងពង្រឹងកម្លាំងប្រទេសជាតិ។
 
សូមរំឭកថា ឆ្នាំ២០២១ ជាខួបទី២០ឆ្នាំនៃសន្ធិសញ្ញានៃភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងរុស្ស៊ី និងចិន។ ប្រមុខការបរទេសរុស្ស៊ី សសើរពីកិច្ចសហប្រតិបត្តិការប្រកបដោយថាមភាពរវាងប្រទេសទាំងពីរ និងចាត់ទុកជាមូលដ្ឋានគ្រឹះផ្នែកនយោបាយ និងច្បាប់ក្នុងទំនាក់ទំនងបែបថ្មីនៃប្រទេសទាំងពីរផងដែរ។ តាមលោក Lavrov ចិន និងរុស្ស៊ីនឹងពន្យារសន្ធិសញ្ញាខាងលើ ដែលអស់សុពលភាពនៅឆ្នាំនេះ៕
 
 

Tag:
 ចិន
  រុស្ស៊ី
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com