អន្តរជាតិ
បុរសកូរ៉េខាងជើងដែលធ្វើឱ្យមានទំនាស់ការទូតជាមួយម៉ាឡេស៊ី ឡើងតុលាការអាមេរិកជាលើកដំបូង
23, Mar 2021 , 3:21 pm        
រូបភាព
ទីតាំងស្ថានទូតកូរ៉េខាងជើងនៅម៉ាឡេស៊ី ត្រូវបានបិទទ្វារ។ រូបថត AP
ទីតាំងស្ថានទូតកូរ៉េខាងជើងនៅម៉ាឡេស៊ី ត្រូវបានបិទទ្វារ។ រូបថត AP
ជនជាតិកូរ៉េខាងជើង ដែលត្រូវបានធ្វើបត្យាប័នជាលើកដំបូងទៅអាមេរិក បានបង្ហាញមុននៅតុលាការនៅថ្ងៃទី២២ ខែមីនា ដោយប្រឈមនឹងបទលាងលុយកខ្វក់។ បុរសរូបនេះ ត្រូវបានម៉ាឡេស៊ី ចាប់បញ្ជូនទៅអាមេរិក បន្ទាប់ពីចាញ់ក្តីរបស់តុលាការជាន់ខ្ពស់ម៉ាឡេស៊ី។

 
 
 
បុរសជនជាតិខាងជើងលោក Mun Chol Myong វ័យ ៥៥ឆ្នាំ ត្រូវបានម៉ាឡេស៊ីបញ្ជូនទៅអាមេរិកក្រោមបទសង្ស័យលាងលុយកខ្វក់។ លោក Mun ជាជនជាតិកូរ៉េខាងជើងទីមួយ ដែលត្រូវកាត់ក្ដីនៅតុលាការអាមេរិកផងដែរ។ បញ្ហាបុរសរូបនេះហើយដែលធ្វើឱ្យក្រុងព្យុងយ៉ាងសម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយក្រុងគូឡាឡាំពួ។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២២ ខែមីនា ក្រសួងយុត្តិធម៌អាមេរិក បានចោទលោក Mun ជាច្រើនករណី ក្នុងនោះមានដូចជាការលាងលុយកខ្វក់ និងពាក់ព័ន្ធការយកការសម្ងាត់ឱ្យកូរ៉េខាងជើងផងដែរ។ ក្នុងការបង្ហាញមុខជាលើកដំបូងនៅតុលាការសហព័ន្ធក្នុងទីក្រុងវ៉ាស៊ីនតោន លោក Mun ត្រូវប្រឈមនឹងបទចោទចំនួន៦ករណី ទាក់ទិននឹងការលាងលុយកខ្វក់ក្នុងទំហំទឹកប្រាក់១,៥លានដុល្លារ។ លើសពីនេះ បុរសវ័យ ៥៥ឆ្នាំរូបនេះ ត្រូវចោទពីបទពាក់ព័ន្ធនឹងការិយាល័យស៊ើបការណ៍របស់កូរ៉េខាងជើងទៀតផង។  
 
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាមេរិក ជនជាតិកូរ៉េខាងជើងរូបនេះ ត្រូវបានចោទពីការលាងលុយកខ្វក់ក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក តាំងពីខែមេសា ឆ្នាំ២០១៣ ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីផ្តល់សម្ភារប្រណីតទៅកូរ៉េខាងជើង។ 
 
«ដីកា ចោទប្រកាន់ថា លោក Mun បានឆបោកធនាគារ និងលាងលុយកខ្វក់ ក្នុងការគេចវេសពីទណ្ឌកម្មលើកូរ៉េខាងជើង ដែលត្រូវបានដាក់ដោយអាមេរិក និងអង្គការសហប្រជាជាតិ»។ លោក John Demers ឧបការីរដ្ឋមន្ត្រីយុត្តិធម៌អាមេរិកបានលើកឡើងបែបនេះ ដោយបនែ្ថមថា អាមេរិក នឹងការពារប្រជាជនខ្លួនពីការគេចវេសទណ្ឌកម្ម និងការគំរាមកំហែងសន្តិសុខជាតិផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
សំណុំរឿងបុរសជនជាតិកូរ៉េខាងជើងខាងលើ ក៏នាំឱ្យកូរ៉េខាងជើង សម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី ដោយអះអាងថា ជនជាតិខ្លួនរកស៊ីស្របច្បាប់។ ម៉ាឡេស៊ី ក៏ចាត់វិធានការតបវិញដោយបិទស្ថានទូតនៅព្យុងយ៉ាង ហើយប្រាប់ឱ្យអ្នកការទូតកូរ៉េខាងជើងរៀបបង្វេចទៅព្យុងយ៉ាងវិញដែរ៕
 

Tag:
 កូរ៉េខាងជើង
  ម៉ាឡេស៊ី
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com