អន្តរជាតិ
អ៊ីស្រាអែល បោះឆ្នោតសភាលើកទី៤ ក្នុងរយៈពេល២ឆ្នាំ
23, Mar 2021 , 4:47 pm        
រូបភាព
ដោយ:
ពលរដ្ឋអ៊ីស្រាអែល នៅថ្ងៃទី២៣ ខែមីនា ចេញទៅបោះឆ្នោតសភាជាលើកទី៤ ក្នុងរយៈពេល២ឆ្នាំ។ ការបោះឆ្នោតដល់ទៅ៤លើកនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលបង្កើតក្រោយការបោះឆ្នោតលើកទី៣ ត្រូវរំលាយក្នុងខែធ្នូកាលពីខែធ្នូ ក្រោយមិនអាចស្វែងរកសំឡេងគ្រប់គ្រាន់ក្នុងការអនុម័តការទូទាត់ចំណាយឆ្នាំ២០២០ និងកញ្ចប់ថវិកាថ្មីសម្រាប់ឆ្នាំ២០២១ ។


ការបោះឆ្នោតសភាអ៊ីស្រាអែលលើកទី៤ ធ្វើឡើងក្នុងស្ថានការណ៍នយោបាយដែលលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងជាប់ក្តីក្តាំក្នុងតុលាការពីរឿងពុករលួយ ស្របពេលរដ្ឋាភិបាលរបស់លោកកំពុងមានស្នាដៃក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងដល់ប្រជាជនអ៊ីស្រាអែលចំនួន៩លាននាក់។ 
 
ការបោះឆ្នោតលើកទី៤ នេះអាចលេចចេញលទ្ធផល១ ក្នុងចំណោមសេណារីយ៉ូចំនួន៣ផ្សេងៗគ្នាគឺការបង្កើតរដ្ឋាភិបាលចម្រុះដោយលោក ណេតាន់យ៉ាហ៊ូ រដ្ឋាភិបាលចម្រុះរបស់បក្សផ្សេងៗឯទៀតគ្នាផ្តុំគ្នាដោយមិនពេញចិត្តលោកណេតាន់យ៉ាហ៊ូ និងការបោះឆ្នោតលើកទី៥។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលកំពុងជាប់ក្តីក្តាំពុករលួយក្នុងតុលាការ និយាយថា លោកនឹងមិនរារាំងនីតិវិធីក្នុងសំណុំរឿងពុករលួយរបស់លោកឡើយ។ ប៉ុន្តែអ្នករិះគន់លោកអះអាងពីលទ្ធភាពដែលលោកណេតាន់យ៉ាហ៊ូអាចប្រើប្រាស់នីតិវិធីសភាក្នុងការពន្យារពេលកាត់ក្តី ឬបញ្ចប់ការកាត់ក្តីលើរូបលោកតែម្តង។ 
 
ប៉ុន្តែការប្រើប្រាស់នីតិវិធីសភាចាំបាច់ត្រូវការសំឡេងភាគច្រើន ដែលគ្មានគណបក្សនយោបាយអ៊ីស្រាអែលណាមួយអាចស្វែងរកបានក្រោយបោះឆ្នោត៣ដងរួចមកហើយ។ ដើម្បីបង្កើតរដ្ឋាភិបាលបាន បក្សនយោបាយមួយ ត្រូវការសំឡេងគាំទ្រចំនួន៦១ក្នុងសភាដែលមានអាសនៈចំនួន១២០។ ក្នុងការបោះឆ្នោតលើកទី៣ ក្នុងឆ្នាំ២០១៩ បក្សលីឃូដរបស់លោក ណេតាន់យ៉ាហ៊ូ រកបានអាសនៈត្រឹមតែ៣៦ប៉ុណ្ណោះ។ ក្នុងន័យនេះ លោកត្រូវការបក្សតូចៗជាច្រើនដើម្បីបង្កើតរដ្ឋាភិបាលចម្រុះការប៉ាន់ស្មានរបស់លោកស្រី Dahlia Scheindlin ដែលជាអ្នកវិភាគម្នាក់ លើកឡើងថា ពលរដ្ឋអ៊ីស្រាអែលមានទំនោរទៅកាន់លទ្ធិស្តាំនិយមកាន់តែច្រើន ហើយបក្សដែលមានទំនោរស្តាំនិយមទាំងអស់អាចនឹងទទួលបានអាសនៈលើសពីចំនួន៨០អាសនៈ។
 
អ្នកប្រជែងដ៏ចម្បងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺលោក Yair Lapid មកពីបក្សដែលមានទំនោរកណ្តាលនិយម។ ដើម្បីអាចឈ្នះលោក ណេតាន់យ៉ាហ៊ូ លោក Lapid ត្រូវបង្កើតសម្ពន្ធភាពជាមួយបក្សទាំងឡាយណាដែលមិនចូលជាមួយលោក ណេតាន់យ៉ាហ៊ូ ។ លោក Lapid ប្ដេជ្ញាមិនធ្វើជានាយករដ្ឋមន្ត្រីឡើយ បើសិនជាការលះបង់នេះនាំឱ្យបក្សផ្សេងៗទៀតប្រមូលសំឡេងឈ្នះបក្សកាន់អំណាចរបស់លោក ណេតាន់យ៉ាហ៊ូ ។ 
 
បើសិនជាលោក ណេតាន់យ៉ាហ៊ូ និងគូប្រជែងរបស់លោកមិនអាចរកអាសនៈចំនួន៦១ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះទេ នោះការបោះឆ្នោតលើកទី៥នឹងត្រូវធ្វើឡើង។ លោក Gideon Rahat អ្នកវិភាគនយោបាយអ៊ីស្រាអែលនិយាយថា ការបោះឆ្នោតច្រើនដងទៀតទំនងជាអ្វីដែលលោក ណេតាន់យ៉ាហ៊ូ ចង់បាន ព្រោះលោកអាចកាន់អំណាចបន្តជានាយករដ្ឋមន្ត្រីចាំផ្ទះ៕
 
 
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com