COVID-19
អន្តរជាតិ
វ៉ាក់សាំងរបស់ Sinovac មានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់កុមារ
23, Mar 2021 , 8:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech បង្ហាញពីសុវត្ថិភាព និងមានសមត្ថភាពក្នុងការបង្កើតភាពស៊ាំសម្រាប់កុមារ និងមនុស្សវ័យជំទង់។ នេះបើតាមលទ្ធផលបឋមនៃការធ្វើតេស្តដំណាក់កាលទី១ និងទី២ របស់វ៉ាក់សាំងលើក្រុមមនុស្សវ័យក្រោម១៨ឆ្នាំ ដែលបង្ហាញដោយក្រុមហ៊ុននេះនាថ្ងៃទី២២ ខែមីនា។ លទ្ធផលនៃការធ្វើតេស្តត្រូវបានបញ្ជូនទៅនិយ័តករឱសថចិនដើម្បីវាយតម្លៃថែមទៀត។


ការធ្វើតេស្តវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ធ្វើឡើងទៅលើកុមារនិងមនុស្សវ័យជំទង់ចំនួនជាង៥០០នាក់ដែលមានអាយុពី៣ឆ្នាំ ទៅ១៧ឆ្នាំ។ កុមារ និងវ័យជំទង់ទាំងនោះទទួលបានវ៉ាក់សាំងចំនួន២ដូសក្នុងកម្រិតតិច មធ្យម ឬវ៉ាក់សាំងបញ្ឆោត។ នេះបើតាមការសារព័ត៌មានរដ្ឋចិន Global Times ។
 
លោក Zeng Gang នាយកផ្នែកវេជ្ជសាស្ត្រនៃក្រុមហ៊ុននេះបញ្ជាក់ថា វ៉ាក់សាំងនេះមានសុវត្ថិភាពចំពោះមនុស្សជំទង់ចំនួន៧២នាក់ក្នុងការធ្វើតេស្តដំណាក់កាលទី១ និងមានសុវត្ថិភាពចំពោះអ្នកធ្វើតេស្តចំនួន៤៨០នាក់ផ្សេងទៀតក្នុងដំណាក់កាលទី២។ ចំពោះអង់ទីក័រសម្រាប់កុមារដែលបង្កើតឡើងដោយវ៉ាក់សាំងនេះវិញ លោកZeng អះអាងថា មានកម្រិតខ្ពស់ជាងអង់ទីក័រសម្រាប់មនុស្សអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំទៅទៀត។
 
សម្រាប់កុមារដែលមានអាយុពី៣ ទៅ១១ឆ្នាំ វ៉ាក់សាំងក្នុងបរិមាណតិចអាចបង្កើតអង់ទីក័រក្នុងប្រព័ន្ធភាពស៊ាំបាន ចំណែកក្រុមមនុស្សជំទង់ចាប់ពីអាយុ១២ ដល់១៧ឆ្នាំ អាចបង្កើតអង់ទីក័របាននៅពេលប្រើប្រាស់វ៉ាក់សាំងក្នុងកម្រិតមធ្យម។ សម្រាប់ផលវិបាកដែលកើតពីវ៉ាក់សាំងវិញ កម្រិតប្រតិកម្មមានពី២៣,៧ភាគរយទៅ២៩ភាគរយ ប៉ុន្តែពុំមានអ្វីធ្ងន់ធ្ងរឡើយ ដោយកុមារចំនួន២នាក់អាយុ៣ឆ្នាំ និង៦ឆ្នាំឡើងកម្តៅរាងកាយ។
 
បើទោះបីជាមានសញ្ញាវិជ្ជមានស្តីពីការបង្កើតភាពស៊ាំក្នុងរាងកាយសម្រាប់កុមារមែន ក៏ក្រុមហ៊ុនSinovac អះអាងថា ខ្លួនពុំទាន់អាចកំណត់កម្រិតវ៉ាក់សាំងច្បាស់លាស់ក្នុងការផ្តល់ឱ្យក្រុមកុមារនៅឡើយទេ។ ក្រៅតែពីការធ្វើតេស្តលើមនុស្សអាយុក្រោម១៨ឆ្នាំ ក្រុមហ៊ុន Sinovac ក៏កំពុងធ្វើតេស្តលើការបង្កើនភាពស៊ាំតាមរយៈការចាក់វ៉ាក់សាំងដូសទី៣ ក្រោយការទទួលបានវ៉ាក់សាំងដូសទីពីររយៈពេល៨ខែ។
 
ការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារ ក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Sinopharm Pfizer Johnson & Johnson និង Moderna ផងដែរ។ ក្រុមហ៊ុន Moderna ធ្វើតេស្តវ៉ាក់សាំងលើកុមារចំនួន៦,៧៥០នាក់នៅអាមេរិក និងកាណាដាដែលមានអាយុពី៦ខែ ដល់១១ឆ្នាំ។ កុមារដែលមានអាយុ៦ខែដល់១ឆ្នាំ ទទួលបានវ៉ាក់សាំងចំនួន២ដូសក្នុងរយៈពេល២៨ថ្ងៃ និងដែលមានកម្រិតត្រឹមតែ២៥ ឬ៥០ ឬ១០០មីក្រូក្រាម។ ចំណែកកុមារដែលមានអាយុពី២ឆ្នាំដល់១១ឆ្នាំ ទទួលបានវ៉ាក់សាំងក្នុងកម្រិត៥០ ឬ១០០មីក្រូក្រាម។
 
ចំណែកPfizer ធ្វើតេស្តវ៉ាក់សាំងចំពោះកុមារដែលមានអាយុចាប់ពី១២ ដល់១៥ឆ្នាំ ចំនួន២,២៥៩នាក់ចាប់តាំងតែពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែអះអាងថាពុំដឹងពីពេលវេលាក្នុងការប្រកាសពីទិន្ន័យឡើយ។ វ៉ាក់សាំង Johnson & Johnson វិញចាប់ធ្វើតេស្តលើកុមារអាយុពី១២ ដល់១៨ឆ្នាំ ដោយរំពឹងថា អាចនឹងមានវ៉ាក់សាំងសម្រាប់មនុស្សក្រុមនេះក្នុងខែកញ្ញាខាងមុខ៕
 
 
 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com