ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន សាទរលោក ថងលួន ស៊ីសូលីត ដែលក្លាយជាប្រធានាធិបតីឡាវ
23, Mar 2021 , 8:59 pm        
រូបភាព
សម្តេច ហ៊ុន សែន (ស្តាំដៃ) និង លោក ថងលួន ស៊ីសូលីត ជួបគ្នា  ក្នុងឱកាសលោក ថងលួន ស៊ីសូលីត មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលកន្លងមក។ ​រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន (ស្តាំដៃ) និង លោក ថងលួន ស៊ីសូលីត ជួបគ្នា ក្នុងឱកាសលោក ថងលួន ស៊ីសូលីត មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលកន្លងមក។ ​រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតទៅលោក ថងលួន ស៊ីសូលីត ដើម្បីអបអរសាទរលោក ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជំនួសលោក ប៊ុនញ៉ាង វរាជិត ដែលចូលនិវត្ត។


សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការជ្រើសតាំងលោក ថងលួន ស៊ីសូលីត ឲ្យធ្វើជាប្រធានាធិបតី គឺបង្ហាញឲ្យឃើញពីការជឿទុកចិត្តខ្ពស់របស់ប្រជាជនឡាវ ចំពោះសមត្ថភាពដឹកនាំនិងការលះបង់របស់លោក ក្នុងការបម្រើជាតិមាតុភូមិ។  
 
តាមលិខិតចុះហត្ថលេខានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងទៅកាន់ប្រធានាធិបតីឡាវថ្មីថា៖«ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសយើង ដែលផ្អែកលើស្មារតីនៃភាពជាអ្នកជិតខាង និងសាមគ្គីភាពជាបងប្អូន មិនត្រឹមតែបានចូលរួមចំណែកដល់សុខុមាលភាពរបស់ប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ ព្រមទាំងពិភពលោកទាំងមូលផងដែរ»។ 
 
មុនក្លាយជាប្រធានាធិបតី លោក ថងលួន ស៊ីសូលីត កាន់តំណែងជានាយករដ្ឋមន្រ្តីរយៈពេល៥ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០១៦មក។ ការជ្រើសតាំងលោក ថងលួន ស៊ីសូលីត ជាប្រធានាធិបតី ធ្វើឡើងក្នុងកិច្ចប្រជុំលើកដំបូងនៃសភាឡាវអាណត្តិទី៩ នៅថ្ងៃទី២២ ខែមីនា។ ក្រៅពីតំណែងជាប្រធានាធិបតី លោក ថងលួន ស៊ីសូលីត ដែលមានវ័យ៧៥ឆ្នាំ ក៏កំពុងកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តឡាវ។
 
ចំណែកតំណែងនាយករដ្ឋមន្ត្រីរបស់លោក ថងសួន ស៊ីសូលីត គឺធ្លាប់ទៅលើលោក ផាន់ខាំ វិផាវណ្ណ ដែលជាអនុប្រធានាធិបតី។ តំណែងអនុប្រធាធិបតីនេះ ត្រូវបានប្រគល់ទៅឲ្យឥស្សរជានពីររូព គឺអ្នកស្រី ផានី យ៉ាធូទូ ដែលជាអតីតប្រធានសភា និងលោក ប៊ុនថង ជិតម៉ានី ដែលជាឧបនាយករដ្ឋមន្រ្តី។ ដោយឡែក ប្រធានសភាថ្មី គឺលោក សៃសំផន ភូមិវិហាន។ 
 
ក្នុងលិខិតរបស់ខ្លួន នាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញការប្តេជ្ញាចិត្តថា នឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្រ្តីឡាវថ្មី ដែលបន្តវេនពីលោក ថងលួន ស៊ីសូលីត  ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងឡាវ និងដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕ 
 

Tag:
 កម្ពុជា-ឡាវ
  ហ៊ុន សែន
  ថងលួន ស៊ីសូលីត
  ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com