ជាតិ
កូវីដ-១៩ កាត់ផ្តាច់ចំណូលមគ្គុទ្ទេសក៍ទេសចរនៅអង្គរ ហើយបង្ខំឲ្យពួកគាត់ទៅធ្វើការងារផ្សេង
23, Mar 2021 , 9:59 pm        
រូបភាព
ដោយ:
កូវីដ-១៩ ធ្វើឱ្យមគ្គុទេ្ទសក៍ទេសចរជាច្រើននាក់នៅតំបន់អង្គរ បាត់ប្រាក់ចំណូលរបស់ខ្លួនស្ទើរទាំងស្រុង ក្រោយជំងឺនេះបានរាំងស្ទះ ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ មគ្គុទេ្ទសក៍ទេសចរជាច្រើន បានចាកឆ្ងាយ ពីវិជ្ជាជីវៈ និងជំនាញរបស់ខ្លួនទៅប្រកបរបរសិកម្ម រកស៊ី ធ្វើសំណង់ ធ្វើវីដេអូក្នុងយូធូប និងរបរមួយចំនួនផ្សេងទៀត ដើម្បីផ្គត់ផ្គង់ជីវភាព។



មគ្គុទេ្ទសក៍ទេសចរក្នុងតំបន់អង្គរជាច្រើននាក់ កំពុងជួបកង្វល់កាន់តែខ្លាំង ក្រោយជំងឺកូវីដ-១៩ រីករាលដាលជាង ១ឆ្នាំមកនេះ។ អ្នកនាំភ្ញៀវទេសចរជាច្រើន បានត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលរបស់ខ្លួន ដែលត្រូវយកមកបង់ធនាគារ និងផ្គត់ផ្គង់ជីវភាពរស់នៅ។


លោក_ខៀវ_ធី_ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ 

លោក ខៀវ ធី ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍អង្គរ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទថា មគ្គុទេ្ទសក៍ទេសចរក្នុងសមាគមនេះ បានបែកស្ញាញទៅធ្វើការងារខុសពីជំនាញរបស់ខ្លួន។ លោក ខៀវ ធី រៀបរាប់ដូច្នេះថា៖ «គាត់[មគ្គុទ្ទេសក៍ទេសចរ] ប៉ះពាល់ខ្លាំង ដោយសារគាត់ត្រូវការលុយបង់ធនាគារ ដល់ពេលអត់ភ្ញៀវអ៊ីចឹង គាត់ខ្លះទៅធ្វើសំណង់ ខ្លះទៅចិញ្ចឹមមាន់ចិញ្ចឹមទា ខ្លះទៅលក់អចលនទ្រព្យ និងខ្លះទៅធ្វើយូធូប»។
 
ទោះបីរករបរផ្សេងក្រៅពីជាមគ្គុទេ្ទសក៍ទេសចរ ក៏អ្នកនាំភ្ញៀវមួយចំនួន មិនអាចផ្គត់ផ្គង់ជីវភាពបានដែរ។ ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍អង្គរដដែលរៀបរាប់ឱ្យដឹងថា ជីវភាពរបស់មគ្គុទេ្ទសក៍ទេសចរយ៉ាប់ខ្លាំង គឺរកមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។ 


លោក_ខៀវ_ធី_អំឡុងពេលបំពេញការងារជាមគ្គុទ្ទេសក៍ទេសចរ 

ស្រដែងគ្នានេះដែរ សម្រាប់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា មានសមាជិក ៨២៧នាក់ នៅខេត្តសៀមរាបក៏ជួបបញ្ហាដូចគ្នានេះដែរ។ បើតាមលោក ទៀ គីឡេង ប្រធានសមាគមមួយនេះ មានមគ្គុទេ្ទសក៍ទេសចរ ភាសាចិនជាច្រើននាក់ បានចេញទៅធ្វើការងារផ្សេងៗ។ លោក គីឡេង មិនអាចទស្សន៍ទាយបានទេ ថាពួកគាត់នឹងត្រឡប់មកធ្វើមគ្គុទ្ទេសក៍ទេសចរវិញ ឬយ៉ាងណានោះទេ ក្រោយជំងឺកូវីដ-១៩ បានធូរស្រាល។ 
 
លោក ទៀ គីឡេង បញ្ជាក់បែបនេះ៖ «បច្ចុប្បន្នមគ្គុទេ្ទសក៍ទេសចរភាសាចិនសម្រាកនាំភ្ញៀវស្ទើរតែ១០០ភាគរយទៅហើយ ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារយ៉ាងខ្លាំងផងដែរ។ មគ្គុទេ្ទសក៍មួយចំនួនក៏ទន្ទឹងរង់ចាំការទប់ស្កាត់កូវីដ-១៩បានទាំងស្រុង សង្ឃឹមថាវិស័យទេសចរណ៍ដំណើរការល្អឡើងវិញផងដែរ។ យើងមិនអាចនិយាយបានថា ពួកគាត់ឈប់ ឬបោះបង់ការងារមគ្គុទេ្ទសក៍ចោលមានចំនួនតិច ឬចំនួនច្រើនបានទេ ស្ថិតលើស្ថានភាពជាក់ស្តែង»។
 

លោក_ទៀ_គីឡេង_ប្រធានសមាគមមគ្គុទ្ទេសក៏ទេសចរណ៍ភាសាចិន_កម្ពុជា



បើគិតចាប់តាំងពីការរាលដាលកូវីដ-១៩មក មគ្គុទ្ទេសក៍ និងអ្នកប្រកបរបបរផ្នែកទេសចរណ៍មួយចំនួនបានប្តូរការងារ អ្នកខ្លះទៅស្រុកកំណើតវិញ រីឯអ្នកខ្លះទៀត សម្រេចចិត្តផ្លាស់ប្តូរទីលំដៅ ជាពិសេសមកកាន់រាជធានីភ្នំពេញ ដើម្បីប្រកបរបរទទួលទានទៅតាមសមត្ថភាពរបស់ខ្លួន។
 
តាមរយៈបញ្ហា ដែលកំពុងកើតមានទាំងនេះ លោក ខៀវ ធី បានស្នើដល់ក្រសួងទេសចរណ៍ ដើម្បីលើកលែងថ្លៃអាជ្ញាប័ណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ និងប្រាក់ឧបត្ថម្ភចំនួន ៤៥ដុល្លារក្នុងមួយខែ។ ក្រសួងទេសចរណ៍ បានអនុគ្រោះមិនយកថ្លៃ អាជ្ញាប័ណ្ណ ប៉ុន្តែមិនអាចផ្ដល់ប្រាក់ឧបត្ថម្ភ ៤៥ដុល្លារបាននោះទេ៕ 
 


 
 
 
 

Tag:
 COVID-19 មគ្គុទេ្ទសក៍ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com