ជាតិ
សម្ដេច ហ៊ុន សែន សម្រេចឲ្យដំណើរការស្ពានស្ទឹងត្រង់-ក្រូចឆ្មា ជាបណ្ដោះអាសន្ន ដើម្បីបញ្ចៀសកកស្ទះ
23, Mar 2021 , 11:29 pm        
រូបភាព
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ (រូបពីក្រសួងសាធារណការ)
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ (រូបពីក្រសួងសាធារណការ)
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត បានសម្រេចឲ្យបើកដំណើរការបណ្ដោះអាសន្ននៅស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរត្រួតពិនិត្យយស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ មីនា។

 
លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា ស្ពាននេះ គ្រោងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ មីនា ប៉ុន្តែដោយសារបញ្ហាឆ្លងកូវីដ-១៩ នៃព្រឹត្តិការណ៍២០កុម្ភៈមិនទាន់បញ្ចប់ ទើបសម្ដេច ហ៊ុន សែន សម្រេចលើកពេលសម្ពោធវិញ។ រដ្ឋមន្រ្តីក្រសួងសាធារណការ បានបញ្ជាក់ដូច្នេះថា៖« សម្តេចនាយករដ្ឋមន្ត្រីបានឯកភាពបើកឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ស្ពាននេះជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះទៅ រង់ចាំពេលវេលាសមស្របណាមួយ ដើម្បីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ»។ 
 
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺមានប្រវែង១,១៣១ម៉ែត្រ ហើយត្រូវបានសាងសងចប់មុនគម្រោងរយៈពេលពីរខែ ពោលគឺមុនគម្រោងបញ្ចប់នៅខែឧសភា។ ស្ពាននេះ ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាមួយនឹងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។ គម្រោងស្ពានមិត្តភាពកម្ពុជា-ចិនទី៨នេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១ធ្នូ ឆ្នាំ២០១៧។ 
 
គម្រោងស្ពាននេះ ចំណាយថវិកាប្រមាណ៥៨,៤២លានដុល្លារអាមេរិក ជាគម្រោងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសាធារណការ ដោយបញ្ជាក់ថា ស្ពាននេះនឹងជួយទាញភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកជិតគ្នា ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀតផង៕ 
 

Tag:
 ស្ពានស្ទឹងត្រង់-ក្រូចឆ្មា
© រក្សាសិទ្ធិដោយ thmeythmey.com