COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូនឹងមិនមានអ្នកគាំទ្រពីក្រៅឡើយ តែអ្នកគាំទ្រក្នុងស្រុកនឹងអបអរឱ្យគ្រប់អត្តពលិក
24, Mar 2021 , 8:29 am        
រូបភាព
អ្នកគាំទ្រជប៉ុននឹងលើកទឹកចិត្តដល់អត្តពលិកទាំងអស់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ បន្ទាប់ពីអ្នករៀបចំកម្មវិធីសម្រេចចិត្តជាប្រវត្តិសាស្ត្រ ដោយមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រពីក្រៅប្រទេសឡើយ ព្រោះបារម្ភពីការកើនឡើងនៃជំងឺ COVID-19 ។


អូឡាំពិកទីក្រុងតូក្យូ នឹងក្លាយជាព្រឹត្តិការណ៍អូឡាំពិកលើកដំបូងដែលមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រពីក្រៅប្រទេស។ គណៈកម្មាធិការអូឡាំពិកឆ្នាំ២០២០ សម្រេចបែបនេះនាកិច្ចប្រជុំថ្ងៃទី២២ ខែមីនា។ អ្នកស្រី Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកក្រុងតូក្យូ បានហៅការសម្រេចចិត្តនេះថាជាការខកចិត្ត។ 
 
យ៉ាងណាមិញ ជប៉ុន មិនអាចជៀសផុតពីការសម្រេចនេះទេ ព្រោះពួកគេព្យាយាមរៀបចំព្រឹត្តិការណ៍នេះដោយសុវត្ថិភាព អំឡុងជំងឺកូវីដ-១៩ រាតត្បាត។ នាយកផ្នែកកីឡារបស់គណៈកម្មាធិការរៀបចំ អ្នកស្រី Mikako Kotani ទទួលស្គាល់ថា នេះជាការបាត់បង់នូវភាពសុខដុម និងភាពសម្បូរបែបនៃព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ។
 
បើទោះមានការសម្រេចយ៉ាងនេះក្តី ប៉ុន្តែអ្នកស្រី Kotani ជឿជាក់ថាអ្នកទស្សនាជាពលរដ្ឋជប៉ុននឹងអាចកែប្រែស្ថានភាពនេះបាន តាមរយៈការគាំទ្រអត្តពលិកគ្រប់សញ្ជាតិ ដែលធ្វើឱ្យទីក្រុងតូក្យូទាំងមូលនឹងមានអារម្មណ៍ដូចជាពិភពលោកកំពុងចូលរួមព្រឹត្តិការណ៍រដូវក្តៅនេះអ៊ីចឹងដែរ។
 
មួយវិញទៀត គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) រាយការណ៍ថា ស្ថាប័នខ្លួនបានស្វែងរកដំណោះស្រាយមួយ ជុំវិញការលើកលែងសម្រាប់ភ្ញៀវក្រៅប្រទេសមួយចំនួន។ IOC ចង់ឱ្យជប៉ុនអនុញ្ញាតឱ្យក្រុមគ្រួសាររបស់អត្តពលិកពីក្រៅប្រទេសចូលរួមព្រឹត្តិការណ៍នេះ។ ប៉ុន្តលោក Toshiro Muto នាយកប្រតិបត្តិអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ អះអាងនៅថ្ងៃទី២២ ខែមីនាថា មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយលើករណីនេះឡើយ៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com