COVID-19
ជាតិ
ភ្នំពេញ និង៤ខេត្តទៀត ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងគម្លាតសុវត្ថិភាព
24, Mar 2021 , 11:59 am        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានកំណត់ទីតាំងភូមិសាស្រ្ត ដែលត្រូវអនុត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព។ ទីតាំងទាំងនោះរួមមាន ភ្នំពេញ ព្រៃវែង កណ្ដាល ព្រះសីហនុ និងសៀមរាប។



ទីតាំងទាំង៥ ដែលក្រសួងសុខាភិបាលបានកំណត់ឱ្យអនុវត្តកាតព្វកិច្ចការពារសុវត្ថិភាពនេះ ដោយសារតែមានការរីករាលនៃជំងឺកូវីដ-១៩ ខ្លាំង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៤ មីនា ដូច្នេះថា៖«ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ មីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍»។
 
កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី២៤ មីនា រហូតដល់មានការជូនដំណឹងជាថ្មី។នេះបើតាមក្រសួងសុខាភិបាល ដែលប្រាប់ឱ្យអាជ្ញាធរ អនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះវិធានការនេះ។
 
ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា បើបុគ្គលណា មិនពាក់មាស់ ក្នុងទីសាធារណៈ ឬក្នុងកន្លែងដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ បុគ្គលនោះ នឹងត្រូវទទួលទណ្ឌកម្ម តាមអនុក្រឹត្យលេខ៣៧ អនក្រ.កប ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩។ បើតាមអនុក្រឹត្យលេខ៣៧ អនក្រ.កប បុគ្គល មិនពាក់ម៉ាស់ នៅទីកន្លែង ដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ ដូចការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវទទួលការព្រមានសិន សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពានលើកទី២ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល។

ចំណែកបុគ្គលដែលមិនរក្សាគម្លាតសុវត្ថិភាព ក៏រងការពិន័យដូចគ្នាដែរ។

© រក្សាសិទ្ធិដោយ thmeythmey.com