អន្តរជាតិ
លោក ពូទីន ចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ តែមិនផ្សាយផ្ទាល់តាមទូរទស្សន៍ឡើយ
24, Mar 2021 , 9:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ រួចហើយ។  នេះបើតាមអ្នកនាំពាក្យប្រធានាធិបតី Dmitry Peskov នៅថ្ងៃទី២៣ ខែមីនា។ លោក ពូទីន ទទួលវ៉ាក់សាំងផលិតដោយរុស្ស៊ីផ្ទាល់ តែមិនបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ដូចមេដឹកនាំដទៃឡើយ។

 
ខុសពីមេដឹកនាំរបស់ប្រទេសដទៃ ដែលបានចាក់វ៉ាក់សាំង និងផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន ឬលើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចាក់វ៉ាក់សាំង មួយដូសជាលើកដំបូង ដោយមិនមានការផ្សព្វផ្សាយអ្វីឡើយ។
 
«លោក ពូទីន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចហើយ»។ លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតី បានលើកឡើងបែបនេះ ដោយបន្ថែមថា សុខភាពរបស់លោក ល្អប្រសើរទេ ហើយថ្ងៃបន្ទាប់ លោកនឹងធ្វើការពេញមួយថ្ងៃវិញ។ 
 
ទន្ទឹមនេះ អ្នកនាំពាក្យប្រធានាធិបតីបានប្រាប់ឱ្យអ្នកសារព័ត៌មានជឿលើពាក្យសម្តីរបស់លោក ព្រោះលោក ពូទីន ពិតជាបានចាក់វ៉ាក់សាំងរួចហើយ។ ការចាក់វ៉ាក់សាំងរបស់លោក ពូទីន  ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យប្រជាជនរុស្ស៊ីទៅចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាននៃករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេស ខណៈពេលប្រជាជនក្នុងប្រទេសមិនមានទំនុកចិត្តលើវ៉ាក់សាំងដែលផលិតនៅក្នុងស្រុក។ 
 
ឯរឿងមិនផ្សាយតាមទូរទស្សន៍វិញ លោក Peskov បានបកស្រាយថា លោកប្រធានាធិបតី មិនចូលចិត្តចាក់វ៉ាក់សាំងនៅមុខកាមេរ៉ាទេ។ អ្នកនាំពាក្យរូបនេះ ក៏មិនបានប្រាប់ទេពី ប្រភេទវ៉ាក់សាំងដែរ ខណៈរុស្ស៊ីមានវ៉ាកសាំងដល់ទៅបីប្រភេទដែលត្រូវបានដាក់ឱ្យប្រើប្រាស់។ 
 
កន្លងមក លោក ពូទីន ដែលមានវ័យ៦៨ឆ្នាំ ធ្លាប់បានលើកឡើងថា លោកនឹងរង់ចាំចាក់វ៉ាក់សាំងរហូតដល់ មានការធានា វាអាចចាក់លើមនុស្សមានអាយុលើសពី ៦៥ឆ្នាំ។ លើសពីនេះ លោកក៏ធ្លាប់អះអាងផងដែរថា នឹងមិនចាក់វ៉ាក់សាំងនៅពីមុខកាមេរ៉ាឡើយ ដ្បិតមេដឹកនាំប្រទេសជាច្រើន បានចាក់វ៉ាក់សាំងនៅពីមុខឧបករណ៍នេះក៏ដោយ។ 
 
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ប្រជាជនរុស្ស៊ីជាង ៦លាននាក់ បានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ គោលដៅរបស់រុស្ស៊ី ត្រូវចាក់ឱ្យបានចំនួន ៦០ភាគរយនៃប្រជាជនរុស្ស៊ីទាំងអស់ ត្រឹមខែកក្កដា៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com