កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ជើងទី១រវាង Real Madrid និង Liverpool មិនធ្វើនៅទឹកដីកណ្តាលឡើយ
25, Mar 2021 , 8:29 am        
រូបភាព
ទេព ពិទូរ្យ កីឡាអន្តរជាតិ អន្តរជាតិ ()
ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League ដែល Real Madrid ត្រូវទទួល Liverpool នៅ Santiago Bernabéu នឹងមិនផ្លាស់ប្តូរទៅទឹកដីកណ្តលឡើយ ក្រោយអេស្ប៉ាញបន្ធូរបន្ថយការរឹតត្បិតក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
អេស្ប៉ាញបានដាក់កម្រិតលើការហោះហើរពីអង់គ្លេស កាលពីខែធ្នូកន្លងទៅដោយសារបារម្ភពីការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ អំឡុងពេលរឹតត្បិតនោះ ធ្លាប់បានប៉ះពាល់ដល់ការប្រកួតក្របខណ្ឌអឺរ៉ុបរបស់ Chelsea និង Manchester United រួចមកហើយ។
យ៉ាងណាក៏ដោយ គោលការណ៍នេះនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមីនា។ ដូច្នេះ អធិរាជសដែលត្រូវទទួលហង្សក្រហមនៅជំនួបជើងទី១ វគ្គ១/៤ ផ្តាច់ព្រ័ត្រ នៅថ្ងៃទី៦ ខែមេសា អាចធ្វើនៅក្នុងទឹកដីអេស្ប៉ាញបានជាធម្មតា។
មួយវិញទៀត Granada របស់អេស្ប៉ាញ ក៏អាចធ្វើជាម្ចាស់ផ្ទះដើម្បីទទួលភ្ញៀវ Manchester United នៅជើងទី១ វគ្គ៨ក្រុម ពាន Europa League នាថ្ងៃទី៨ ខែមេសាផងដែរ។
ប្រទេសផ្សេងទៀតដែលរួមមានអាល្លឺម៉ង់ក៏បានដាក់កម្រិតស្រដៀងគ្នានឹងអេស្ប៉ាញដែរលើការធ្វើដំណើរពីអង់គ្លេស ដែលនាំឱ្យជំនួប Manchester City និង Borussia Monchengladbach វគ្គ១៦ក្រុម ត្រូវផ្លាស់ប្តូរការប្រកួតទាំងពីរជើងទៅទឹកដីកណ្តាល។ Liverpool និង RB Leipzig ក៏លេងនៅទឹកដីកណ្តាលដូចគ្នាដែរ៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com