អន្តរជាតិ
តៃវ៉ាន់ ប្រកាសចេញលុយទិញវ៉ាក់សាំងកូវីដ-១៩ ឱ្យសម្ព័ន្ធមិត្ត តែហាមទិញពីចិន
24, Mar 2021 , 6:29 pm        
រូបភាព
លោកJoseph Wu​រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់។ រូបភាព៖ Reuters
លោកJoseph Wu​រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់។ រូបភាព៖ Reuters
ដោយ:
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu អះអាងថា តៃវ៉ាន់នឹងជួយរកទិញវ៉ាក់សាំងកូវីដ-១៩ ឱ្យប្រទេសដែលកំពុងមានទំនាក់ទំនងការទូតជាផ្លូវការនឹងខ្លួន។ ជំនួយរបស់តៃវ៉ាន់នេះ មានលក្ខខណ្ឌមិន គឺមិនទិញវ៉ាក់សាំងរបស់ចិនឡើយ។


តៃវ៉ាន់ដែលមានប្រទេសទទួលស្គាល់ និងមានទំនាក់ទំនងការទូតជាមួយត្រឹមតែ១៥ប្រទេសនោះ បារម្ភជាពន់ពេកខ្លាចបាត់បង់សម្ពន្ធមិត្តអំឡុងវិបត្តិជំងឺកូវីដ-១៩ ដោយសារតែចិន កំពុងប្រើប្រាស់វ៉ាក់សាំងដើម្បីផ្ដល់ឱ្យប្រទេសដែលត្រូវការទៅប្រទេសទាំងនោះ។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wu នៅថ្ងៃទី២៤ ខែមីនា ក៏ប្រកាសផែនការរបស់តៃវ៉ាន់ក្នុងការចេញមុខជួយរកវ៉ាក់សាំងឱ្យប្រទេសជាមិត្តរបស់ខ្លួន។
 
«ប៉ុន្តែមានលក្ខខណ្ឌមួយ នោះគឺមិនអាចទិញវ៉ាក់សាំងចិន។ បើទិញវ៉ាក់សាំងចិន អ្នកមិនអាចប្រើលុយតៃវ៉ាន់ឡើយ»។ នេះជាការលើកឡើងរបស់លោក Wu នៅចំពោះមុខកិច្ចរដ្ឋសភានាថ្ងៃទី២៤ ខែមីនា។ 
 
មានប្រទេសចំនួន១៥តែប៉ុណ្ណោះដែលបន្តមានទំនាក់ទំនងជាមួយតៃវ៉ាន់ ដោយភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍដែលស្ថិតនៅតំបន់ប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការ៉ាអ៊ីប។ ខណៈដែលចិនបានផ្តល់ជំនួយជាវ៉ាក់សាំងទៅប្រទេសជាច្រើននៅជុំវិញពិភពលោក តៃវ៉ាន់វិញទើបតែបានផ្តល់សម្ភារវេជ្ជសាស្ត្រមួយចំនួនទៅប្រទេសដែលមានទំនាក់ទំនងជាមួយខ្លួនដែរ។ 
តៃវ៉ាន់ខ្លួនឯង ទើបតែចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងក្នុងសប្តាហ៍នេះ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca។ ចំណែកវ៉ាក់សាំងដែលអភិវឌ្ឍក្នុងស្រុក ទំនងត្រូវបានផលិតយ៉ាងឆាប់បំផុតនៅពាក់កណ្តាលខែមិថុនា។
 
នៅថ្ងៃទី២២ ខែមីនា ក្រសួងការបរទេសប៉ារ៉ាហ្កាយដែលជាប្រទេសមួយមានចំណងការទូតជាមួយតៃវ៉ាន់ បញ្ជាក់ថា មានអ្នកមកទាក់ទងខ្លួន និងធានាផ្តល់វ៉ាក់សាំងទៀតផង បើសិនជាផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ជាមុន។ យ៉ាងណាក្តី អត្តសញ្ញាណ ឬចំណងរវាងបុគ្គលនោះនឹងរដ្ឋាភិបាលចិន ពុំត្រូវបានបង្ហាញឡើយ។ ប៉ារ៉ាហ្កាយថ្កោលទោសការប៉ុនប៉ងប្រើប្រាស់ស្ថានការណ៍មនុស្សធម៌ដែលកំពុងដុនដាប ដើម្បីទាញយកផលចំណេញសេដ្ឋកិច្ច និងនយោបាយ៕ 
 

Tag:
 ចិន
  តៃវ៉ាន់
  ប៉ារ៉ាហ្កាយ
© រក្សាសិទ្ធិដោយ thmeythmey.com