ជាតិ
លោក វិទិត ជាមន្ត្រីUNទី៧ ដែលត្រូវឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា ជំនួសលោកស្រី ស្មីត នៅដើមខែឧសភា
25, Mar 2021 , 9:35 am        
រូបភាព
ភ្នំពេញ៖ លោក វិទិត មុនតាបន (Vitit Muntarbhorn) នឹងចូលកាន់តួនាទីរាយការណ៍ពីស្ថានការណ៍សិទ្ធិមនុស្សកម្ពុជាផ្លូវការ ជំនួសលោកស្រី រ៉ូណា ស្មីត នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។ជនជាតិថៃរូបនេះ ក្លាយជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទី៧ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។


លោក វិទិត ត្រូវបានតែងតាំងជាផ្លូវការ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីដើមខែមីនា។ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជិតផុតអាណត្តិនេះ បានសរសេរលើហ្វេសប៊ុកជាភាសាខ្មែរ និងអង់គ្លេសថា៖«ខ្ញុំមានកិត្តិយសដែលបានជួបលោកជាច្រើនលើក ជាច្រើនឆ្នាំកន្លងមកនេះ ហើយយើងនឹងពិភាក្សាអំពីការប្រគល់អាណត្តិនៅប៉ុន្មានសប្តាហ៍ខាងមុខ។ លោកគឺជាមេធាវីអន្តរជាតិដែលមានបទពិសោធន៍ខ្ពស់មួយរូប និងជាអតីតអ្នករាយការណ៍ពិសេស អ.ស.ប និងជាសាស្ត្រាចារ្យមហាវិទ្យាល័យនៅអាស៊ីអាគ្នេយ៍»។
 
លោក វិទិត មុនតាបន បញ្ចប់ការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ លោក ធ្លាប់បម្រើការងារតាមស្ថាប័ននានារបស់អង្គការសហប្រជាជាតិ ។ បច្ចុប្បន្ន លោក មានវ័យ៦៩ឆ្នាំ។
 
លោក ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការជួញដូរកុមារ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៤។ ដល់ឆ្នាំ២០០៤ លោក ធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងត្បូង ហើយនៅឆ្នាំ២០០៤ដដែល លោក ក៏ទទួលបានពាន់រង្វាន់ផ្នែកសិទ្ធិមនុស្សរបស់អង្គការយូណេស្កូ (UNESCO)៕
 

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com