ជាតិ
សង្គមជាតិ
កូរ៉េផ្តល់ថវិកា៧លានដុល្លារដល់កម្ពុជាសម្រាប់លើកកម្ពស់ការអប់រំបែបបច្ចេកវិទ្យាព័ត៌មាន
25, Mar 2021 , 6:59 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Rho Hyunjun នាយកភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Rho Hyunjun នាយកភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានផ្តល់ថវិកាចំនួន៧លានដុល្លារមកកម្ពុជា សម្រាប់កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានវិទ្យានៅថ្នាក់មធ្យមសិក្សាបឋមភូមិ ក្នុងរយៈពេល៥ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២៤ ខែមីនា។

 
ថវិកា៧លានដុល្លារនេះត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី«គម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា»រវាងលោក Rho Hyunjun នាយកភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈប្រព័ន្ធវីដេអូអនឡាញកាលពីថ្ងៃទី២៤ ខែមីនា។
 
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ថវិកាទាំងនោះ ក្រសួងអប់រំ យុវជន និងកីឡា នឹងយកទៅអនុវត្តគម្រោងចំនួន៤ ដូចជា ការកែលំអកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ICT,អភិវឌ្ឍសមត្ថភាពលើការបង្រៀន និងរៀន ICT,ពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ICT នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគោលដៅ  និងពង្រឹង និងជំរុញការដឹកនាំគ្រប់គ្រងការអនុវត្តកម្មវិធី ICT នៅកម្រិតសាលារៀន។ គម្រោងទាំងនោះនឹងត្រូវអនុវត្ត រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។
 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមប្រព័ន្ធវីដេអូអនឡាញនៅមុខលោក Rho Hyunjun នាយកភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជាថា គម្រោងនេះនឹងជាឱកាសថ្មីមួយបន្ថែមទៀតក្នុងការជួយកែលំអគុណភាពការអប់រំនៅកម្រិតមធ្យមសិក្សាបឋមភូមិ ស្របតាមបរិបទនៃការអប់រំបែបឌីជីថលកម្ពុជា។
 
អំឡុងខែមីនានេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក៏បានផ្តល់ថវិកាចំនួន១០លានដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីន រយៈពេល៥ឆ្នាំផងដែរ៕ 
 

Tag:
 ថវិកា
 អប់រំ
 បច្ចេកវិទ្យាព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com