អន្តរជាតិ
ចិន ចេញរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅអាមេរិកក្នុងឆ្នាំ២០២០
25, Mar 2021 , 5:29 pm        
រូបភាព
អំពើហិង្សាអុកឡុកវិមានសភាកាពីតូល៖ រូបភាព៖ AFP
អំពើហិង្សាអុកឡុកវិមានសភាកាពីតូល៖ រូបភាព៖ AFP
ដោយ:
នៅថ្ងៃទី២៤ ខែមីនា រដ្ឋាភិបាលចិនបានចេញរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅអាមេរិកក្នុងឆ្នាំ២០២០។ ក្នុងរបាយការណ៍នេះ ចិនបន្លិចបញ្ហាជាច្រើនដែលអាមេរិកជួបប្រទះមានស្ថានការណ៍ជំងឺកូវីដ-១៩ ដែលមិនអាច គ្រប់គ្រងបាន អស្ថិរភាពនយោបាយ ជម្លោះរវាងជាតិសាសន៍ និងការបែងចែកសង្គម។ ហេតុការណ៍អុកឡុកវិមាន សភានាថ្ងៃទី៦ ខែមករា និងអំពើហិង្សាបាញ់ប្រហារនានា ក៏ត្រូវបានលើកឡើងដែរ។


ជារៀងរាល់ឆ្នាំចិនតែងចេញរបាយការណ៍ស្តីពីសិទ្ធិមនុស្សអាមេរិក ជាការឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីការ រំលោភសិទ្ធិមនុស្សរបស់ចិននៅតំបន់ស៊ីនជាំង ទីបេ ហុងកុង ក៏ដូចជាទារុណកម្ម ការបាត់ខ្លួនដោយបង្ខំ ការបំបិទ សិទ្ធិសេរីភាពសាសនា និងជំនឿ ទារុណកម្ម និងការបំពានលើអ្នកទោសនយោបាយជាដើម។ សម្រាប់ឆ្នាំ២០២០ ចិនបន្តបរិហារកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់គូប្រជែងខ្លួនទៀត។
 
«អ្វីដែលកើតឡើងលើវិមានកាពីតូល បង្ហាញពីចន្លោះប្រហោងនៃលទ្ធិប្រជាធិបតេយ្យអាមេរិក»។ នេះជាការលើក ឡើងរបស់ Chang Jian នាយកវិទ្យស្ថានសិក្សាពីសិទ្ធិមនុស្សនៃសាកលវិទ្យាល័យTianjin ក្នុង សន្និសីទ សារព័ត៌មានបង្ហាញរបាយការណ៍ដែលរៀបចំឡើងដោយរដ្ឋាភិបាលចិននាថ្ងៃទី២៤ ខែមីនា។ លោក Chang និយាយថា បក្សនយោបាយធំៗទាំងពីរនៅអាមេរិកនឹងធ្វើគ្រប់បែបយ៉ាងដើម្បីបានផលប្រយោជន៍រាប់ទាំង ញុះញង់ ឱ្យមានការបែកបាក់រវាងប្រជាជន។
 
ចំណែកលោក Li Xiaojin មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យក្រុមប្រឹក្សាចិនដែលសសេររបាយការណ៍នេះ និយាយថា អាមេរិកមានបញ្ហាសិទ្ធិមនុស្សក្នុងស្រុកយ៉ាងច្រើន ប៉ុន្តែប្រទេសនេះបែរជា ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេស ផ្សេងដោយយកសិទ្ធិមនុស្សជាលេស។ នេះបើតាមទីភ្នាក់ងារព័ត៌មានAP។
 
របាយការណ៍ដែលមានកម្រាស់១៨ទំព័រនេះ ចាប់ផ្តើមដោយឃ្លា «ខ្ញុំមិនអាចដកដង្ហើមបាន»  ដែលជាសម្រែក របស់លោក George Floyd បុរសជនជាតិស្បែកខ្មៅដែលត្រូវប៉ូលសសង្កត់កដល់ស្លាប់។ របាយការណ៍របស់ចិនក៏ បង្ហាញថា ក្រុមជនជាតិភាគតិចរងការរើសអើងជាប្រព័ន្ធ និងស្ថិតក្នុងស្ថានការណ៍មួយដ៏លំបាក ស្របពេលការ រើសអើងពូជសាសន៍នៅអាមេរិកមានសភាពទូលំទូលាយ ជាលក្ខណៈប្រព័ន្ធ និងមានសភាពជាប់លាប់ទៀតផង។
 
របាយការណ៍ដដែលបង្ហាញថា ជនជាតិអាមេរិកស្បែកខ្មៅប្រឈមទៅនឹងការបាញ់សម្លាប់៣ដងធៀបទៅនឹង ជនជាតិអាមេរិកស្បែកស។ ហើយប៉ូលិស ចំនួន៩៨ភាគរយ ដែលបាញ់សម្លាប់ជនជាតិអាមេរិកស្បែកខ្មៅពុំរងការ ចោទប្រកាន់អ្វីឡើយ ហើយរឿងនេះកើតឡើងអស់រយៈពេល៧ឆ្នាំជាប់គ្នា។ ចិន ក៏សរសេរពីវត្តមាននៃពួកស្បែក សជ្រុលនិយម និងក្រុមណាស៊ីជំនាន់ថ្មី ដែលស្រែកច្រៀងពីការស្អប់ជាតិសាសន៍ដទៃដូចជាអាស៊ី អាមេរិកឡាទីន និងអាមេរិកស្បែកខ្មៅ។
 
លើសពីនោះ ចិនរិះគន់ពីអសមត្ថភាពរបស់អាមេរិកក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យមានផល ប៉ះពាល់យ៉ាងខ្លាំងដល់ជនជាតិភាគតិច និងមនុស្សចាស់ធៀបទៅនឹងជនជាតិអាមេរិកស្បែកស។ របាយការណ៍នេះ បន្ទោសអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ក្នុងការមិនខ្វាយខ្វល់ពីជំងឺកូវីដ-១៩ នៅគ្រាដំបូង។ អាមេរិកមានប្រជាជនត្រឹមតែ៥ភាគរយប៉ុណ្ណោះនៃប្រជាជនពិភពលោក ប៉ុន្តែមានអ្នកឆ្លងចំនួន២៥ភាគរយ និងមានអ្នកស្លាប់ចំនួន២០ភាគរយ។
 
ក្នុងផ្នែកចុងក្រោយនៃរបាយការណ៍ ប៉េកាំងអះអាងថា វ៉ាស៊ីនតោនធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិ ដោយបានដកខ្លួនចេញពីអង្គការសុខភាពពិភពលោក(WHO) កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស គំរាមតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដាក់ទណ្ឌកម្មលើប្រទេសទន់ខ្សោយ រំលោភសិទ្ធិជនភៀសខ្លួន បណ្តេញកុមារចេញពីប្រទេស និងលើកលែងទោសចំពោះបុគ្គលដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
 
ខុសពីអាមេរិកដែលចងក្រងរបាយការណ៍សិទ្ធិមនុស្សប្រទេសដទៃដោយមានអ្នកការទូត និង អង្គការផ្សេងៗជា ប្រភព របាយការណ៍ចិនផ្អែកទាំងស្រុងលើការចុះផ្សាយរបស់អ្នកជំនាញ សារព័ត៌មាន និងគ្រឹះស្ថានស្រាវជ្រាវជា ដើម៕
 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com