COVID-19
ជាតិ
សាសនា / ធម៌
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រៀបចំពិធីសាសនាសុំឱ្យជំងឺកូវីដ១៩ ឆាប់រលាយសាបសូន្យ
25, Mar 2021 , 9:59 pm        
រូបភាព
 រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង រៀបចំពិធីសាសនា នៅបរិវេណប្រាសាទលាន់នាង នាខេត្តសៀមរាប នៅថ្ងៃទី២៥ មីនា ដើម្បីបួងសួងសុំឱ្យបារមីបុព្វបុរសខ្មែរ ថែរក្សាប្រជាពលរដ្ឋកម្ពុជា ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាត
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង រៀបចំពិធីសាសនា នៅបរិវេណប្រាសាទលាន់នាង នាខេត្តសៀមរាប នៅថ្ងៃទី២៥ មីនា ដើម្បីបួងសួងសុំឱ្យបារមីបុព្វបុរសខ្មែរ ថែរក្សាប្រជាពលរដ្ឋកម្ពុជា ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាត
សៀមរាប៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសាសនាមួយនៅបរិវេណប្រាសាទលាន់នាង នាខេត្តសៀមរាប ក្នុងន័យបួងសួងសុំឱ្យបារមីបុព្វបុរសខ្មែរ ថែរក្សាប្រជាពលរដ្ឋកម្ពុជា ពិសេសឱ្យជំងឺកូវីដ១៩ ឆាប់រលាយបាត់ពីភពផែនដី។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនារសៀលថ្ងៃទី២៥ មីនា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ដ្បិតពិភពលោកមានការព្យាបាលបែបវិទ្យាសាស្រ្ដច្រើន តែពុំទាន់ធ្វើឱ្យជំងឺកូវីដ១៩ ថមថយឡើយ។ លោកស្រីបន្ថែមថា ការរៀបចំពិធីសាសនា មិនមែនជារឿងអ្វីចម្លែកទេសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់មានជំនឿពីបុរាណកាលមក។ លោកស្រី ជូ ប៊ុនអេង សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« យើងគិតថា ដោយសារខ្មែរយើងមានជំនឿពីបុព្វបុរស មានសម័យកាលដែលមានជំងឺរាតត្បាត អាសន្នរោគ ចាស់បុរាណតែងរៀបចំពិធីបួងសួង ដើម្បីឱ្យគ្រូឪសថបុរាណប្រោះព្រំ ថាធ្វើយ៉ាងណាឱ្យយើងប្រើប្រាស់ឪសថទៅវាបានប្រសិទ្ធភាព»។


 
ក្រុមការងារពីក្រសួងមហាផ្ទៃប្រមាណជិត១០នាក់ អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ មន្រ្តីនៃរដ្ឋបាលខេត្តមួយចំនួនទៀត បានរៀបចំពិធីសាសនាជាទ្រុងទ្រាយតូច ដោយសារគោរពវិធានការសុខាភិបាលក្នុងកាលៈទេសៈនេះ។ ពិធីនេះធ្វើឡើងនៅបរិវេណប្រាសាទលាន់នាង ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរ។ ពិធីនេះក៏មានការនិមន្តព្រះសង្ឃមកពីបណ្ដាវត្តចំនួន៧ក្នុងតំបន់អង្គរ និងការប្រគំវង់ភ្លេងថ្វាយបារមីជាដើម។ 
 
លោកស្រី ជូ ប៊ុនអេង បានរៀបរាប់ទៀតថា ការធ្វើពិធីនេះឡើងដើម្បីរម្ងាប់ផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលជឿលើបារមីផ្លូវងងឹង ថាអាចសង្រ្គោះទុកលំបាក ភាពភ័យខ្លាចនានានៅចំពោះមុខនេះ។ លោកស្រីបន្ថែមថា៖«តាមពិតទៅ ត្រង់ជឿយ៉ាងណាមិនដឹងទេ ប៉ុន្តែគេហៅថាជាផ្លូវចិត្ត សម្រាប់ឱ្យប្រជាពលរដ្ឋគាត់ស្ងប់អារម្មណ៍ ដើម្បីកុំឱ្យគាត់បារម្ភ ដោយមើលឃើញថាមានការឆ្លង ឬមើលឃើញស្លាប់ជាបន្តបន្ទាប់ ចឹងយើងចង់គ្រប់គ្រងឱ្យប្រជាពលរដ្ឋបានស្ងប់ និងព្យាយាមធ្វើខ្លួនឱ្យនឹងក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន និងគិតជានិច្ចថាត្រូវការពារខ្លួនគាត់យ៉ាងម៉េច»។


 
ក្នុងនាមប្រជាពលរដ្ឋមួយរូប និងមានជំនឿទៅលើការបួងសួងតាមពិធីបែបព្រហ្មញ្ញសាសនាផងដែរនោះ លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អ្នកដែលស្លាប់ដោយសារជំងឺកូវីដក្នុងកាលៈទេសៈនេះ មិនបានរៀបចំពិធីសាសនាបានត្រឹមត្រូវ ដូច្នេះការបួងសួងសុំឱ្យបារមីថែរក្សាក្នុងផ្លូវងងឹតនេះ ក៏អាចជាកុសលដល់អ្នកដែលស្លាប់ផងដែរ។
 
«យើងចង់ឧទ្ទិសបួងសួង សុំបារមីនៃលោកគ្រូស្ដេចថ្នាំ ប្រសិទ្ធីឱ្យថ្នាំទាំងសម័យបុរាណ គួបផ្សំមានប្រសិទ្ធភាព ឱ្យអ្នកដែលបានឈឺតិចតួចធូរស្រាលឡើងវិញ អ្នកឈឺខ្លាំងធូរស្រាល ហើយអ្នកមិនទាន់អីឱ្យជួយទប់ស្កាត់ ការពារខ្លួន ក្នុងន័យគួបផ្សំទាំងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា»។ 
 
លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃរៀបរាប់យ៉ាងដូច្នេះថា៖« សុំឱ្យអនុភាពនៃការគោរពបូជារបស់យើង សុំឱ្យជួយកំចាត់កំចាយនូវទុក្ខភ័យដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ហើយសុំឱ្យជំងឺស្រាកស្រានទៅ សុំឱ្យប្រទេសជាតិយើងបានស្ងប់សុខ  និងមានការអផិវឌ្ឍន៍ឡើងវិញមក ហើយសុំផ្តល់នូវកម្លាំងចិត្ដដល់ម្រ្តីរាជការ ឱ្យលោកមានកម្លាំងជួយប្រជាពលរដ្ឋបន្តទៀត ហើយប្រជាពលរដ្ឋបានស្ងប់រួចពីភ័យ ថាយើងមានបារមីផ្លូវក្នុងអីតាមថែរក្សាមួយចំណែកដែរ»៕






 
 

Tag:
 ពិធីសាសនា
  កូវីដ១៩
© រក្សាសិទ្ធិដោយ thmeythmey.com