អន្តរជាតិ
តៃវ៉ាន់ ចាប់ផ្តើមផលិតមីស៊ីលចម្ងាយឆ្ងាយ
25, Mar 2021 , 10:29 pm        
រូបភាព
រូបគំរូមីស៊ីលដែលត្រូវតាំងបង្ហាញពីតៃវ៉ាន់នាពេលកន្លងមក។ រូបថត AFP
រូបគំរូមីស៊ីលដែលត្រូវតាំងបង្ហាញពីតៃវ៉ាន់នាពេលកន្លងមក។ រូបថត AFP
តៃវ៉ាន់ បានចាប់ផ្តើមផលិតមីស៊ីលចម្ងាយឆ្ងាយ និងកំពុងអភិវឌ្ឍមីស៊ីល៣ផ្សេងទៀតផងដែរ។ នេះបើការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅថ្ងៃទី២៥ ខែមីនា ដែលជាការសារភាពដ៏កម្ររបស់ដែន កោះមួយពីកិច្ចប្រឹងប្រែងពង្រឹងសមត្ថភាពការពារខ្លួន ស្របពេលកំពុងរងសម្ពាធកាន់តែខ្លាំងពី សំណាក់ចិន។ 


ចិនដែលអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួននោះ តែងតែធ្វើសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ ដើម្បីកំញើញទឹកដីមួយនេះ។ សកម្មភាពរបស់ចិន ធ្វើឱ្យតៃវ៉ាន់ប្រឹងធ្វើទំនើបកម្មយោធារបស់ ខ្លួន ទាំងស្រវាស្រទេញទិញសពា្វវុធពីបរទេស និងទាំងពង្រឹងសមត្ថភាពក្នុងស្រុកផង។  
 
នៅថ្ងៃទី២៥ ខែមីនា មន្ត្រីតៃវ៉ាន់ ប្រកាសពីការផលិតមីស៊ីលចម្ងាយឆ្ងាយរបស់ខ្លួន។ នាកិច្ចប្រជុំសភា រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បានអះអាងថា ការអភិវឌ្ឍមីស៊ីលដែលមាន សមត្ថភាពវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ជាអាទិភាពមួយ។ 
 
«យើងសង្ឃឹមថា វាអាចបាញ់បានក្នុងរយៈចម្ងាយឆ្ងាយ ហើយត្រឹមត្រូវ និងអាចចល័តបាន»។ លោក Chiu បន្ថែមដូចនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Leng Chin-hsu នាយករង វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលជាកន្លែងស្រាវជ្រាវនិងផលិតអាវុធតៃវ៉ាន់ បានបញ្ជាក់ថា មីស៊ីលរយៈចម្ងាយឆ្ងាយ ត្រូវបានចាប់ផ្តើមផលិតហើយ ហើយមីស៊ីលរយៈចម្ងាយឆ្ងាយ៣ប្រភេទ ទៀតកំពុងស្ថិតក្រោមការអភិវឌ្ឍ។
 
ប៉ុន្មានខែថ្មីៗនេះ វិទ្យាស្ថានដែលដឹកនាំការអភិវឌ្ឍអាវុធរបស់កោះតៃវ៉ាន់ បានសាកល្បងមីស៊ីលជា បន្តបន្ទាប់នៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានផ្តិតយករូបភាពការ បាញ់មីស៊ីល ព្រមទាំងផ្សាយសេចក្តីណែនាំ ឱ្យជើងហោះហើរនានាចៀសវាងហោះមកក្បែរតំបន់ ដែលកំណត់សម្រាប់បាញ់មីស៊ីលសាកល្បង។ 
សូមបញ្ជាក់ថា កោះតៃវ៉ាន់ មានរដ្ឋធានីវ៉ាស៊ីនតោនជាអ្នកផ្គត់ផ្គង់អាវុធបរទេសដ៏ធំខណៈ កោះនេះតែងចង់បង្កើតឱ្យមានតុល្យភាពយោធាជាមួយចិន៕
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com