ជាតិ
ក្លិបបាល់ទាត់មួយនៅខណ្ឌសែនសុខចែកស្វាយកែវរមៀត ៥តោនដល់ពលរដ្ឋឥតគិតថ្លៃ
25, Mar 2021 , 11:58 pm        
រូបភាព
រូបភាព៖ ក្លឹបបាល់ទាត់ឪម៉ាល់
រូបភាព៖ ក្លឹបបាល់ទាត់ឪម៉ាល់
ភ្នំពេញ៖ ស្វាយកែវរមៀត ចំនួន៥តោន ត្រូវបានក្លិបបាល់ទាត់ ឪម៉ាល់ ដាក់ចែកជូន ពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ដោយឥតគិតថ្លៃ។ ផ្លែស្វាយដែលត្រូវចែកជូនឥតគិតថ្លៃនេះ ត្រូវបានច្រកថង់ប្លាស្ទិកដែលងាយរលាយ រួចជាស្រេច ដោយក្នុងមួយថង់ៗ មានស្វាយចំនួន១០ផ្លែ។ 


ក្លិបបាល់ទាត់ ឪម៉ាល់ ដែលមានទីតាំងនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចាប់ផ្តើមចែកស្វាយកែវរមៀត ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ដោយគិតថ្លៃ ចាប់តាំងពីថ្ងៃទី២២ មីនាមក។ 
 
លោក ជាប លីឆាយ គ្រូបង្វឹកមួយរូប នៅក្លិបបាល់ទាត់ឪម៉ាល់បានប្រាប់ Thmeythmey25ថា ស្វាយកែវរមៀតដែលកំពុងចែកដល់ពលរដ្ឋនេះ មានបរិមាណសរុប ៥ តោន ដែលលោកបានសុំពីមិត្តភក្តិ ដែលមានស្វាយជ្រុះចោលពេញដី ដោយសារតម្លៃទាប។  លោក លីឆាយ រៀបរាប់ដូច្នេះ៖ «គាត់មានចម្ការស្វាយទំហំ ២៨ហិកតា ដែលបានទុកស្វាយជ្រុះចោល ព្រោះមិនសូវមានទីផ្សារ ហើយមានតម្លៃទាប»។
 
គ្រូបង្វឹករូបនេះ ឱ្យដឹងថាលោកធ្លាប់ឃើញថា នៅប្រទេសហុងគ្រី គេតែងដាក់អាហារ ក៏ដូចជាផ្លែឈើ ព្យួរនៅតាមរបងផ្ទះ ដើម្បីផ្តល់ឲ្យអ្នកខ្វះខាត ហើយនៅក្នុងបរិការណ៍កូវីដ-១៩ នេះ លោក ក៏ចង់ឃើញពីការចំរំលែកនេះ និងចង់ផ្តល់ឲ្យពលរដ្ឋកម្ពុជាដូចគ្នា។  
  

រូបភាព៖ ក្លឹបបាល់ទាត់ឪម៉ាល់

បើតាម លោក ជាប លីឆាយ ជំងឺកូវីដ-១៩ បានប៉ះពាល់ដល់មនុស្សជាច្រើន ពិសេសអ្នកខ្វះខាតដូចជា អ្នករើសអេតចាយ អ្នកលក់ដូរតាមរទេះជាដើម។ សម្រាប់ គ្រូបង្វឹករូបនេះ ការចែករំលែកនៅក្នុងបរិការណ៍ដ៏លំបាកនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់។ ទោះយ៉ាងណា វិធានការអនាម័យ និងបង្ការការឆ្លងជំងឺកូវីដ-១៩ នៅតែត្រូវអនុវត្ត នៅក្នុងការចែកជូននេះដែរ។ គ្រូបង្វឹករូបនេះ បានប្រាប់សារព័ត៌មានThmeythmey25 តាមទូរសព្ទថា៖« ពួកគាត់ដែលមកយកស្វាយ អាចមកយកបានដោយសេរី តែត្រូវរក្សាគម្លាត និងពាក់ម៉ាស់។ ក្រៅពីផ្តល់ជូនស្វាយ យើងក៏បានដាក់ទឹកអាល់កុលនៅទីនោះ សម្រាប់ពួកគាត់លាងដៃផងដែរ»។
 
ស្វាយដែលបេះពីចម្ការមិត្តភក្តិ ដែលដាំដុះនៅជើងភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺនោះ ត្រូវបានច្រកថង់ប្លាស្ទិកដែលងាយរលាយជាមួយជាស្រេច ដោយក្នុងមួយថង់ៗ មានស្វាយចំនួន១០ផ្លែ។  លោក  ជាប លីឆាយ សង្ឃឹមថា ការផ្តល់ជូននេះជាការសម្រួលមួយដល់ពួកគាត់ ដែលអាចបរិភោគស្វាយធម្មជាតិ មានរសជាតិឆ្ងាញ់៕
 

Tag:
 Thmeythmey
  ជាប លីឆាយ
  ក្លិបបាល់ទាត់ ឪម៉ាល់
  ស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com