អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី អំពាវនាវឱ្យរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើងបាញ់មីស៊ីល
26, Mar 2021 , 9:29 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov ត្រូវបានស្វាគមន៍ដោយសមភាគីកូរ៉េខាងត្បូង Chung Eui-yong ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov ត្រូវបានស្វាគមន៍ដោយសមភាគីកូរ៉េខាងត្បូង Chung Eui-yong ។ រូបថត AFP
ប្រមុខការទូតរុស្ស៊ី លោកSergey Lavrov នៅថ្ងៃទី២៥ ខែមីនា បានអំពាវនាវឱ្យមានកិច្ចខិតខំរក្សាសន្តិភាពលើឧបទ្វីបកូរ៉េ និងបង្ការការរីកសាយនៃសកម្មភាពយោធានៅក្នុងតំបន់។ ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីល ដែលក្រុងសេអូលវាយតម្លៃថា ជាមីស៊ីលបាលីស្ទិកទៅក្នុងសមុទ្រជប៉ុន។

 
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទឹកដី រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបន្តទស្សនកិច្ចនៅកូរ៉េខាងត្បូងបន្តទៀត។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រមុខការទូតរុស្ស៊ីនៅសេអ៊ូលនៅប៉ុន្មានឆ្នាំចុងក្រោយ។ 
 
ប្រធានបទកូរ៉េខាងជើង ក៏ត្រូវបានជជែកក្នុងជំនួបរវាងលោក lavrov និងសមភាគីកូរ៉េខាងត្បូង Chung Eui-yong។ ក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ប្រមុខការទូតរុស្ស៊ី បានអំពាវនាវឱ្យមានកិច្ចខិតខំរក្សាសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ ដែលជាតំបន់ជាប់ទឹកដីខ្លួន។ 
 
«ខ្ញុំសូមបញ្ជាក់ពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីបូព៌ា ក៏ដូចជាឧបទ្វីបកូរ៉េ»។ លោក Lavrov បានលើកឡើងបែបនេះ ដោយបន្ថែមថា ចំពោះបញ្ហាព្រួយបារម្ភដូចជាសកម្មភាពយោធា និងការរត់ប្រណាំសព្វាវុធ គួរតែត្រូវបោះបង់ចោល ដើម្បីបង្ការកុំឱ្យមានជម្លោះ ឬការប៉ះទង្គិចណាមួយកើតឡើង។  
 
ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបែបនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលចំនួនពីរគ្រាប់ ទៅក្នុងសមុទ្រខាងកើត។ បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលទាំងពីរគ្រាប់នេះ ទំនងជាប្រភេទមីស៊ីលបាលីស្ទិកចម្ងាយខ្លី ដែលបានបាញ់ចេញពីខេត្ត South Hamgyong នៅម៉ោង ៧ព្រឹក។ មីស៊ីលទាំងពីរគ្រាប់ខាងលើ ហោះបានចម្ងាយ ៤៥០គីឡូម៉ែត្រ និងកម្ពស់ ៦០ម៉ែត្រ មុននឹងធ្លាក់ទៅក្នុងសមុទ្រជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
 
ទាក់ទិននឹងការប៉ាញ់មីស៊ីលជាថ្មីបែបនេះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងអំពាវនាវឱ្យមានការគាំទ្រ និងជួយរក្សាសន្តិភាពឧបទ្វីបកូរ៉េពីសំណាក់រុស្ស៊ី។
 
ជាការឆ្លើយតប រុស្ស៊ី បានឯកភាព ក្នុងការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយកូរ៉េខាងត្បូង ដើម្បីចូលរួមចំណែកក្នុងដំណើរសន្តិភាពលើឧបទ្វីបកូរ៉េ។ ប្រមុខការទូតកូរ៉េខាងត្បូង បានចាត់ទុកទំនាក់ទំនងក្រុងសេអូល និងក្រុងមូស្គូ ជាដៃគូរួមដំណើរសម្រាប់សន្តិភាព វិបុលភាព នៅលើឧបទ្វីបកូរ៉េ។ 
 
សូមបញ្ជាក់ថា ក្នុងទស្សនកិច្ចមកកូរ៉េខាងត្បូង ប្រមុខការទូតប្រទេសទាំងពីរបានជជែកលើបញ្ហាជាច្រើនរួមមានការប្រយុទ្ធប្រឆាំងកូវីដ-១៩ ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការផ្តោះប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងបញ្ហាជាច្រើនទៀត។ ក្នុងជំនួបប្រមុខការទូតទាំងពីរ កូរ៉េខាងត្បូង ក៏បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យមកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងផងដែរ៕ 
 

Tag:
 រុស្ស៊ី
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com