ជាតិ
ឯកអគ្គរដ្ឋទូតចិន៖ វ៉ាក់សាំងចិន នឹងក្លាយជាជញ្ជាំងរឹងមាំសម្រាប់កម្ពុជា ការពារជំងឺកូវីដ-១៩
26, Mar 2021 , 11:37 am        
រូបភាព
ភ្នំពេញ៖ វ៉ាក់សាំងចិន នឹងក្លាយជាជញ្ជាំងរឹងមាំសម្រាប់កម្ពុជា ការពារជំងឺកូវីដ-១៩។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់វ៉ាក់សាំង Sinovac ១,៥ លានដូស ដល់កម្ពុជា នៅព្រឹកថ្ងៃទី២៦ មីនា។


 
លោក វ៉ាង វិនធាន បានបញ្ជាក់ថា ការបញ្ជូនវ៉ាក់សាំងមកកម្ពុជាជាបន្តបន្ទាប់នេះ វាបានបង្ហាញពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន នៅក្នុងកាលៈទេសៈនៃការប្រយុទ្ធប្រឆាំងកូវីដ-១៩ ។ តាមរយៈកិច្ចសហប្រតិបត្តិការគ្នានេះ លោក វិនធាន អះអាងថា វ៉ាក់សាំងចិន នឹងក្លាយជាជញ្ជាំងរឹងមាំសម្រាប់កម្ពុជា ការពារជំងឺកូវីដ-១៩។ 
 
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាននិយាយភាសាចិន ដោយមានអ្នកបកប្រែជាភាសាខ្មែរ នៅពិធីទទួលវ៉ាក់សាំង នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដូច្នេះថា៖«ខ្ញុំសង្ឃឹមដោយស្មោះថា វ៉ាក់សាំងចិន នឹងអាចបង្កើតជាជញ្ជាំងការពារសុខភាពដ៏រឹងមាំ សម្រាប់ប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩»។
 
វ៉ាក់សាំង Sinovac ១,៥លានដូស មានតម្លៃ១៥លានដុល្លារ ។ បានន័យថា ចិនលក់វ៉ាក់សាំង Sinovac នេះ ឱ្យកម្ពុជា ក្នុងតម្លៃ១០ដុល្លារ ក្នុងមួយដូស។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
 
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាននិយាយថា វ៉ាក់សាំងSinovac ចិន ដែលលក់ឱ្យកម្ពុជានេះ គឺជាតម្លៃសមរម្យ សម្រាប់ឱ្យកម្ពុជា មានលទ្ធភាពខ្ពស់ក្នុងការការពារប្រជាពលរដ្ឋ។ បើតាមលោក វ៉ាង វិនធាន ចិននឹងជួយកម្ពុជា ប្រយុទ្ធប្រឆាំងយកឈ្នះជំងឺកូវីដ-១៩នេះ។«បើសិនជាជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាតប្រទេសកម្ពុជានោះ កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅតែបន្តឥតឈប់ឈរនោះដែរ»។ នេះបើតាមលោក វ៉ាង វិនធាន ដែលបានបន្ថែមថា ចិននៅតែបន្តគាំទ្រផ្ដល់ជំនួយ និងជួយសម្រួលដល់ការទិញវ៉ាក់សាំងដល់កម្ពុជា។
 
ក្នុងពិធីទទួលវ៉ាក់សាំងSinovac នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឱ្យរដ្ឋាភិបាលកម្ពុជា បានអះអាងថា ទាំងជំនួយ និងទំនិញវ៉ាក់សាំងចិននេះ វាជាអាវុធសំខាន់មួយ ដែលជួយឱ្យកម្ពុជា អាចការពារអាយុជីវិតប្រជាជន។ មិនតែប៉ុណ្ណោះវ៉ាក់សាំងនេះ ក៏អាចជួយកម្ពុជា ស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ នៅពេលដែលពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់គ្នា។
 
ក្រៅពីលក់វ៉ាក់សាំងឱ្យកម្ពុជានេះ ចិនក៏ផ្ដល់ជំនួយវ៉ាក់សាំង Sinopharm ៦០ម៉ឺនដូសមក កាលពីដើមខែកុម្ភៈដែរ។ ចិនគ្រោងនឹងផ្ដល់វ៉ាក់សាំង៧០ម៉ឺនដូស មកកម្ពុជាទៀត នៅថ្ងៃទី៣១ ខែមីនានេះ។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងជាង៩២ម៉ឺនដូស ដោយក្នុងនោះ វ៉ាក់សាំង៦០ម៉ឺនដូសរបស់ក្រុមហ៊ុនSinopharm ជាជំនួយចិន និងវ៉ាក់សាំងAstraZeneca ជាង៣២ម៉ឺនដូសទៀត បានមកពីយន្តការCOVAX។ កម្ពុជា ក៏កំពុងបញ្ជាទិញវ៉ាក់សាំង AstraZeneca ៥លានដូស ពីឥណ្ឌា និងចរចាទិញវ៉ាក់សាំង Johnson &Johnson ពីអាមេរិកដែរ។ បើតាមគម្រោងកម្ពុជា នឹងទិញវ៉ាក់សាំង២០លានដូសពីប្រទេសផលិត ដើម្បីយកមកចាក់ឱ្យប្រជាពលរដ្ឋ១០លាននាក់។ ប៉ុន្តែក្នុងគម្រោងទិញនេះ កម្ពុជា អាចទទួលបានជំនួយវ៉ាក់សាំង១១លានដូស។ នេះបើតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា បែងចែកវ៉ាក់សាំងSinopharm ចាក់លើមនុស្សវ័យ១៨ឆ្នាំ ដល់៥៩ឆ្នាំ ។ចំណែកវ៉ាក់សាំងCoviSheild របស់ក្រុមហ៊ុ AstraZeneca  សម្រាប់ចាក់លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ។ កម្មវិធីចាក់វ៉ាក់សាំងនេះ ចាប់តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មក ។ ចំពោះអ្នកដែលមានបញ្ហាសុខភាពនិងប្រតិកម្មនានា មិនអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ទាំងនេះ បានឡើយ។ 
 
គិតត្រឹមថ្ងៃទី២៦មីនា កម្ពុជាមានពលរដ្ឋជាង៣៥ម៉ឺននាក់ ដោយក្នុងនោះ មានជាង២៣ម៉ឺននាក់ ជាពលរដ្ឋអាទិភាព និងជាង១១ម៉ឺននាក់ទៀត ជាកងកម្លាំងយោធា៕
 

Tag:
 COVID-19
  Sinovac
© រក្សាសិទ្ធិដោយ thmeythmey.com