អន្តរជាតិ
កូរ៉េខាងជើងថា ខ្លួនបាញ់ុមីស៊ីលប្រភេទថ្មី ខណៈអាមេរិកព្រមានចាត់វិធានការតប
26, Mar 2021 , 11:50 am        
រូបភាព
កូរ៉េខាងជើង បាញ់មីស៊ីលមួយប្រភេទនៅក្នុងឆ្នាំ២០២០។ រូបភាព៖ KCNA
កូរ៉េខាងជើង បាញ់មីស៊ីលមួយប្រភេទនៅក្នុងឆ្នាំ២០២០។ រូបភាព៖ KCNA
កូរ៉េខាងជើង បានអះអាងថា មីស៊ីល ដែលបាញ់ទៅក្នុងសមុទ្រជប៉ុន គឺជាមីស៊ីលប្រដេញប្រភេទថ្មី ដែលត្រូវបានអភិវឌ្ឍជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២៦ ខែមីនា។ យ៉ាងណាមិញ ការធ្វើតេស្តមីស៊ីលពីរគ្រាប់ថ្មីនេះ ត្រូវបានអាមេរិកព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតប ប្រសិនបើកូរ៉េខាងជើង ធ្វើតេស្តមីស៊ីលរបស់ខ្លួនកាន់តែខ្លាំងឡើង។


 
កូរ៉េខាងជើង បានបាញ់មីស៊ីលពីរគ្រាប់ទៅក្នុងសមុទ្រខាងកើតនៅព្រឹកម្សិលមិញ ដោយកូរ៉េខាងត្បូង អាមេរិក និងជប៉ុន វាយតម្លៃថាជាមីស៊ីលបាលីស្ទិក។ យ៉ាងណាមិញ ក្រុងព្យុងយ៉ាង បញ្ជាក់ថាវាជាមីស៊ីលប្រដេញប្រភេទថ្មី ដែលត្រូវបានអភិវឌ្ឍសមត្ថភាពមួយចំនួន។
 
«មីស៊ីលប្រដេញប្រភេទថ្មីនេះ គឺជាអាវុធ ដែលមានបំពាក់ក្បាល់គ្រាប់រហូតដល់ទម្ងន់ ២,៥តោន»។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយបែបនេះ ដោយបន្ថែមថា ក្បាលគ្រាប់នេះ ត្រូវបានបំពាក់លើបច្ចេកវិទ្យាមីស៊ីលប្រដេញដែលមានស្រាប់។ បើតាមការអះអាងរបស់កូរ៉េខាងជើង ការសាកល្បងរបស់ខ្លួន គឺប្រហារត្រូវគោលដៅល្អ ដែលបាញ់បានចម្ងាយ ៦០០គីឡូម៉ែត្រ ទៅក្នុងសមុទ្រខាងកើត។ ក្នុងន័យនេះ កូរ៉េខាងជើង បានប្រកាសជោគជ័យលើការសាកល្បងមីស៊ីលរបស់ខ្លួន។ 
 
ទន្ទឹមគ្នានេះ កូរ៉េខាងជើង បានបញ្ជាក់ផងដែរថា មីស៊ីលទាំងពីរគ្រាប់នេះ ត្រូវបានប្រើប្រាស់ថាមពលរឹង ដែលត្រូវបានអភិវឌ្ឍថ្មីផងដែរ។ លោក Ri Pyong Chol អនុប្រធានគណៈកម្មការយោធាមជ្ឈិមបក្សពលករកូរ៉េ អះអាងថា ការបាញ់សាកល្បងមីស៊ីលថ្មីនេះ ជាដំណើរដ៏សំខាន់មួយក្នុងការអនុវត្តគោលនយោបាយការពារជាតិ និងអភិវឌ្ឍកម្លាំងយោធា ដើម្បីប្រឆាំងរាល់ទម្រង់យោធាដែលគំរាមកំហែងមកលើកូរ៉េខាងជើង។ 
 
យ៉ាងណាមិញ ការធ្វើតេស្តនេះ ត្រូវអាមេរិករិះគន់យ៉ាងខ្លាំង និងព្រមានចាត់វិធានការតប ប្រសិនបើកូរ៉េខាងជើង ធ្វើតេស្តមីស៊ីលកាន់តែខ្លាំងឡើង។ អាមេរិកប្ដូរជំហររបស់ខ្លួនវិញ ក្រោយការសាកល្បងចុងក្រោយនេះ ខណៈការសាកល្បងមុនត្រូវបានទីក្រុងវ៉ាស៊ីតោនហៅថា បញ្ហាតូចតាចនោះ។
 
«វានឹងមានការឆ្លើយតប ប្រសិនបើពួកគេ [កូរ៉េខាងជើង] ជ្រើសយកការរីកសាយអាវុធ»។ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថា អាមេរិកនឹងឆ្លើយតប ដោយផ្អែកទៅតាមសកម្មភាពសាកល្បងមីស៊ីលទាំងនោះ។ 
 
សូមបញ្ជាក់ថា ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ឡើយ កូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលរហូតដល់ទៅពីរលើក។ ទង្វើនេះ ការបាញ់មីស៊ីលនេះ ហាក់ដូចជាផ្គើនលោកបៃឌិន ដែលធ្លាប់លើកឡើងថា មិនមែនជាបញ្ហាធំដុំ៕
 

Tag:
 កូរ៉េខាងជើង
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com