ជាតិ
សត្វស្លាបនៅទួលព័ន្ធតាឡីបន្តងាប់ជាង១០០ក្បាលក្នុងមួយថ្ងៃដោយសារវីរុស A/H5N1 រូបភាពផ្ដល់ដោយលោក នួន សារ៉េត អនុប្រធានតំបន់ការពារធម្មជាតិទូលព័ន្ធតាឡី (2)
× សត្វស្លាប នៅតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី ខេត្តព្រៃវែង បន្តងាប់ជាង១០០ក្បាលក្នុងមួយថ្ងៃ ដែលធ្វើឲ្យចំនួនសត្វស្លាបងាប់កើនជាង៦០០ក្បាល។ តាមលទ្ធផពិសោន៍របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃកសិកម្ម សត្វស្លាបដែលងាប់ទាំងនោះ គឺដោយសារជំងឺផ្ដាសាយបក្សី ដែលបង្កឡើងដោយវីរុស A/H5N1ពីបរិស្ថាន។
រយៈពេល៩ថ្ងៃ គិតចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សត្វស្លាបនៅតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី-បឹងស្នេហ៍ បានងាប់ជាបន្តបន្ទាប់ និងកើនឡើងជាង៦០០ក្បាលហើយ ។ នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលស្គាល់ថាសត្វស្លាបដែលងាប់ទាំងអស់នោះ គឺពិតជាមានជំងឺផ្ដាសាយបក្សី ដែលបង្កឡើងដោយវីរុស A/H5N1ពីបរិស្ថាន ពិសោធដោយវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ។
រូបភាពផ្ដល់ដោយលោក នួន សារ៉េត អនុប្រធានតំបន់ការពារធម្មជាតិទូលព័ន្ធតាឡី
ជុំវិញបញ្ហានេះ ក្រសួងក៏បានចាត់វិធានការការពារ ដើម្បីជៀសវាងការចម្លងទៅមនុស្ស និងសត្វស្លាបរាប់ម៉ឺនក្បាលទៀត ដោយបំផ្លាញចោលរាល់សាកសពសត្វ និងបក្សីដែលសង្ស័យថាមានជំងឺ រួមទាំងផលិតផលបក្សីក្នុងតំបន់ផ្ទុះជំងឺតាមវិធានបច្ចេកទេសបសុពេទ្យ។ អាជ្ញាធរ ត្រូវផ្អាកការចេញចូល និងឆ្លងកាត់ចម្ងាយ៣គីឡូម៉ែត្រ ពីតំបន់ផ្ទុះជំងឺ និងកន្លែងដែលត្រូវតាដាន។ មន្រ្តីពាក់ព័ន្ធ ត្រូវសិក្សារកប្រភពជំងឺក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យសកម្មភាពបក្សីផងដែរ។ នៅពេលមានបក្សីងាប់ ត្រូវរាយការណ៍ដល់មន្ទីរកសិកម្មខេត្ត ដើម្បីអនុវត្តវិធានបច្ចេកទេសបសុពេទ្យ។
នៅថ្ងៃទី២៥ មីនា ដដែលនេះ រដ្ឋបាលខេត្តព្រៃវែង ក៏បានចេញសេចក្ដីជូនដំណឹង ដោយហាមឃាត់ពលរដ្ឋ មិនឲ្យបរិភោគ ឬប៉ះពាល់សត្វមួយចំនួនដូចជា សត្វចង្កៀលខ្យង សត្វត្រយងខ្លួនរលោង សត្វខ្វែក សត្វកុកគ្រោង សត្វក្អែក រួមទាំងសត្វស្លាបផ្សេងៗផងដែរ។ នៅពេលពលរដ្ឋ ប្រទះឃើញសត្វស្លាបងាប់ និងសង្ស័យថាមានជំងឺត្រូវដុតបំផ្លាញចោលទាំងអស់ ដើម្បីបង្ការការចម្លងជំងឺផ្ដាសាយបក្សីដល់មនុស្ស៕
Tag:
សត្វស្លាប
ទួលព័ន្ធតាឡី
ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com