កីឡាអន្តរជាតិ
អន្តរជាតិ
គូ្រអេហ្ស៊ីបថា វត្តមាន Salah សំខាន់ណាស់ក្នុងការដណ្តើមមេដាយនៅអូឡាំពិកតូក្យូ
26, Mar 2021 , 4:28 pm        
រូបភាព
Mohamed Salah ខ្សែប្រយុទ្ធរបស់ Liverpool បានត្រៀមខ្លួនរួចស្រេចដើម្បីជួយក្រុមជម្រើសជាតិអេហ្ស៊ីបដណ្តើមមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ។ លោក Shawky Gharib គ្រូបង្វឹកអេហ្ស៊ីបបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដូច្នេះនៅថ្ងៃទី២៥ ខែមីនា។



លោក Gharib ដែលជាអតីតកីឡាករអេហ្ស៊ីបរហូតក្លាយជាគ្រូបង្វឹក បានប្រាប់ AFP ថាលោកបានស្នើ Salah ឱ្យចូលរួមជាមួយក្រុមឈុតអូឡាំពិកវិញ្ញាសាបាល់ទាត់បុរស ហើយខ្សែប្រយុទ្ធឆ្នើមរូបនេះក៏បានឆ្លើយយល់ព្រមដែរ។
 
«ខ្ញុំបានប្រកាសជាសាធារណៈថាខ្ញុំចង់ ឲ្យគាត់ធ្វើដំណើរជាមួយយើងទៅកាន់អូឡាំពិកនៅតូក្យូ ហើយគាត់ក៏មិនបដិសេធ ដែលនេះមានន័យថាគាត់ក៏ចង់លេងជាមួយយើងដែរ។ គ្រូបង្វឹកវ័យ៦២ឆ្នាំអះអាងដូច្នេះ មុនបន្ថែមថាការចូលរួមរបស់ Salah ទៅកាន់អូឡាំពិកក៏មានការជំរុញពីរដ្ឋបាល រួមជាមួយក្រសួងកីឡា និងសហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប ក្នុងកិច្ចប្រឹងប្រែងរួមគ្នាមួយដើម្បីដណ្តើមមេដាយពីព្រឹត្តិការណ៍អូឡាំពិកជាលើកដំបូង។
 
យ៉ាងណាក៏ដោយ ការអនុញ្ញាតឱ្យ Salah ទៅកាន់អូឡាំពិកឆ្នាំ២០២០ ក៏ត្រូវមានការសម្រេចបន្ទាប់ទៀតពីសំណាក់អ្នកចាត់ការ Liverpool លោក Jurgen Klopp ផងដែរ។ លោក Gharib ជឿជាកថាអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់នឹងយល់ព្រម ដ្បិតវត្តមានខ្សែប្រយុទ្ធវ័យ២៨ឆ្នាំនេះ សំខាន់ណាស់សម្រាប់ក្រុមរហស្សនាម Pharoahs នៅអូឡាំពិក។
 
បើទោះបីក្រុមម្ចាស់ការពារជើងឯកហង្សក្រហមធ្វើមិនបានល្អនៅ Premier League ក៏ដោយ ប៉ុន្តែ Salah កំពុងនាំមុខគេក្នុងនាមអ្នករកគ្រាប់បាល់បានច្រើននៅលីគកំពូលចំនួន១៧គ្រាប់ និង២៥គ្រាប់ពីគ្រប់ការប្រកួតនៅរដូវកាលនេះ៕
 

Tag:
 Mohamed Salah
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com