ជាតិ
សេដ្ឋកិច្ច
ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ស្តារសេដ្ឋកិច្ចជាតិ!
26, Mar 2021 , 9:59 pm        
រូបភាព
លោក រង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច។ រូបថតទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន​
លោក រង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច។ រូបថតទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន​
ភ្នំពេញ៖ រដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំងបង្ការកូវីដ-១៩(COVID-19) សម្រាប់ចាក់ជូនពលរដ្ឋកម្ពុជា ដើម្បីបើកលទ្ធភាពស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ នេះជាការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឆ្លើយតបនឹងអ្នកសារព័ត៌មាន នៅក្នុងពិធីទទួលវ៉ាក់សាំងSinovacចំនួន១,៥លានដូសពីប្រទេសចិន នាថ្ងៃទី២៦មីនា។



លោក វង្សី វិស្សុត បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជននេះ វាមិនត្រឹមតែការពារអាយុជីវិតទេ។ តែវ៉ាក់សាំងបង្ការកូវីដ-១៩នេះ គឺជាអាវុធដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញដែរ។ 
 
«កាលណាយើងបានចាក់វ៉ាក់សាំងអស់ លែងឆ្លង[កូវីដ-១៩] យើងអាចបើកសេដ្ឋកិច្ចធ្វើសកម្មភាពសេដ្ឋកិច្ចឡើងវិញ ហើយជីវភាពប្រជាជននឹងមានឡើងវិញ តាមរយៈការរកស៊ីវិញបានជាធម្មតា, តាមរយៈការបង្កើតការងារ បង្កើតការវិនិយោគ...។ បើអត់វ៉ាក់សាំងទេ គឺមិនអាចដោះស្រាយបញ្ហាអាយុជីវិត! មិនអាចទប់ស្កាត់ការរាតត្បាតជំងឺ! មិនអាចស្តារសេដ្ឋកិច្ចបានឡើងវិញទេ! ហើយក៏អាចមិនអាចឱ្យជីវភាព[របស់ប្រជាជន] មានប្រក្រតីភាពឡើងវិញទេ!»។ នេះជាការលើកឡើងរបស់លោក រង្សី វិស្សុត ។
 
កម្ពុជាមានវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm និងវ៉ាក់សាំងរបស់ក្រុមហ៊ុនAstraZeneca ចំនួនជាង៩២ម៉ឺនដូស ខណៈកម្ពុជាក៏ត្រៀមចាក់សាំងរបស់ក្រុមហ៊ុនSinovac នាពេលឆាប់ៗ ក្រោយទទួលបាន១,៥លានដូសពីប្រទេសចិន  នាថ្ងៃទី២៦មីនានេះ។ កម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនពលរដ្ឋ ចាប់តាំងពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១ ។ 
 
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស៊ី វិស្សុតបានអះអាងថា កម្ពុជានឹងមានវ៉ាក់សាំងបង្ការកូវីដ-១៩ ជាហូរហែរសម្រាប់ចាក់ជូនប្រជាជនយ៉ាងតិច១០លានដូស នៅបំណាច់ឆ្នាំ២០២១។
 
គិតត្រឹមថ្ងៃទី២៦មីនា កម្ពុជាមានពលរដ្ឋជាង៣៥ម៉ឺននាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយក្នុងនោះ ជាង២៣ម៉ឺននាក់ ជាពលរដ្ឋអាទិភាព និងជាង១១ម៉ឺននាក់ទៀត ជាកងកម្លាំងយោធា។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងនេះ មានជាង៨ពាន់នាក់ ចាក់វ៉ាក់សាំង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា។ កម្ពុជា មានគោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យយ៉ាងហោចណាស់១០លាននាក់។  
 
កាលឆ្នាំ២០២០ កម្ពុជាបានចាយថវិកាអស់ជាង១ពាន់ដុល្លារសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលបណ្តាលមកពីការរាលដាលនៃជំងឺកូវីដ-១៩ជាសកលលោកនេះ។ កម្ពុជាក៏មានធនធានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ផងដែរ សម្រាប់ឆ្លើយតបនឹងរាលដាលជំងឺនេះ។ នេះបើតាមលោក រង្សី វិស្សុត៕ 
 
 
 

Tag:
 លោក រង្សី វិស្សុត
  COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com