COVID-19
អន្តរជាតិ
មន្ត្រីថៃអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ ក្រោយបុរសម្នាក់ស្លាប់ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ បាន១០ថ្ងៃ
26, Mar 2021 , 6:19 pm        
រូបភាព
បុរសជនជាតិថៃម្នាក់ បានទទួលមរណភាព បន្ទាប់ពីចាក់វ៉ាក់សាំងបានរយៈពេល ១០ថ្ងៃ។ យ៉ាងណាមិញ អាជ្ញាធរថៃ នៅថ្ងៃទី២៦ ខែមីនា បានអះអាងថា ករណីស្លាប់របស់បុរសរូបនោះ មិនមែនដោយសារវ៉ាក់សាំងឡើយ ប៉ុន្តែដោយសារជំងឺរ៉ាំរ៉ៃរបស់លោក ហើយអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់។

 
ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មានមួយនៅថ្ងៃទី២៦ ខែមីនា វេជ្ជបណ្ឌិត Tawee Chotpitayasunondh សមាជិកគណៈកម្មាធិការគ្រប់គ្រងជំងឺឆ្លងថៃ បានអះអាងថា គ្រូពេទ្យបានពិនិត្យរួចហើយ បុរសដែលបានទទួលមរណភាពបន្ទាប់ពីចាក់វ៉ាក់សាំងបាន ១០ថ្ងៃ។   រូបគេស្លាប់ដោយសារធ្លាយសរសៃឈាមក្នុងពោះ មិនមែនដោយសារលទ្ធផលនៃការចាក់វ៉ាក់សាំងឡើយ។ 
 
បើតាមលោកវេជ្ជបណ្ឌិត Tawee វាគ្រាន់តែជួនពេលជាមួយនឹងការចាក់វ៉ាក់សាំងប៉ុណ្ណោះ។ ក្នុងន័យនេះ លោកវេជ្ជបណ្ឌិត បានជំរុញឱ្យប្រជាជនថៃទៅចាក់វ៉ាក់សាំងបន្តទៀត ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ នៅក្នុងប្រទេស។ 
 
ក្នុងថ្ងៃដដែលនេះដែរ លោកវេជ្ជបណ្ឌិត  Sophon Iamsirithaworn អនុប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង ក៏បានអះអាងដូចលោក Tawee ដែរ ដោយលើកឡើងថា វាជាករណីប៉ោងសរសៃឈាម។ បុរសរូបនេះ មិនមានទើបតែមានជំងឺនេះទេ ប៉ុន្តែមានតាំងពីកំណើតមកម្លេះ ដែលទាមទារឱ្យមានការព្យាបាលជាញឹកញាប់។ 
 
នៅចុងខែមករាកន្លងមក បុរសរូបនេះ បានវះកាត់ ដើម្បីព្យាបាលជំងឺម្តងហើយ និងត្រូវសម្រាកនៅមន្ទីរពេទ្យរហូតដល់ ៤០ថ្ងៃ មុននឹងអនុញ្ញាតឱ្យចាកចេញ។ ដោយសារបារម្ភពីកូវីដ-១៩ នៅថ្ងៃទី៣ ខែមីនា លោកបានមកទទួលវ៉ាក់សាំងដើម្បីប្រឆាំងនឹងជំងឺឆ្លងមួយនេះ។ បន្ទាប់ពីចាក់បាន ៤ ឬ៥ថ្ងៃ សុខភាពអ្នកជំងឺនៅធម្មតាទេ ប៉ុន្តែចូលដល់ថ្ងៃទី៨ និងទី៩ ខែមីនា បុរសរូបនេះ បានឈឺនៅត្រង់ទ្រូង, វិលមុខ និងសន្លប់ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅ និងទទួលមរណភាពនៅថ្ងៃទី១៣ ខែមីនា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ដោយសារករណីស្លាប់របស់បុរសរូបនេះ មិនពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅតែបន្តដដែល។
 
គិតមកត្រឹមថ្ងៃទី២៦ ខែមីនា វ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ១៣៦០០០ដូស ត្រូវបានចាក់។ ភាគច្រើន ថៃចាក់វ៉ាក់សាំងរបស់ចិន Sinovac ខណៈវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ទើបតែត្រូវបានចាប់ផ្តើមនាពេលថ្មីៗនេះប៉ុណ្ណោះ។ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា បានចាក់វ៉ាក់សាំងAstraZeneca មុនគេ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនចាក់បន្ត៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com