ជាតិ
មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គ្រោងសង់ទីតាំងបូជាសព ប៉ុល ពត ដើម្បីបង្ហាញប្រវត្តិសាស្ត្រ
27, Mar 2021 , 10:07 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបភាពពីទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
ដោយ:
មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង



រដ្ឋបាលស្រុក និងមន្ទីរពាក់ព័ន្ធ កំពុងសិក្សាគម្រោងសាងសង់ទីតាំងបូជាសព ប៉ុល ពត
ក្នុងស្រុកអន្លង់វែង។ នាយកដ្ឋានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ពន្យល់ថា គម្រោងសាងសង់នេះ នឹងបង្ហាញពីប្រវត្តិសាស្ត្រខ្មែរ
ក្នុងសម័យប្រល័យពូជសាស្ត្រ ប៉ុល ពត ដល់កូនខ្មែរ និងសាកលលោក និងដើម្បីជំរុញភ្ញៀវទេសចរ
ទៅកាន់ខេត្តឧត្តរមានជ័យដែរ។ 
 
កន្លែងបូជាសព ប៉ុល ពត បានក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយ
ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមរយៈសំណង់នេះ នឹងអាចទាក់ទាញទេសចរ
ទៅកាន់ទីតាំងនោះ ព្រោះមិនត្រឹមជាទីតាំងប្រវត្តិសាស្ត្រ ថែមទាំងទីតាំងស្ថិតនៅចន្លោះ
អង្គរវត្ត និងប្រាសាទព្រះវិហារ។ នេះជាការពន្យល់របស់ លោក លី សុខឃាង នាយកដ្ឋានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រាប់សារព័ត៌មានThmeythmey25។
 
លោក លី សុខឃាង  បញ្ជាក់ដូច្នេះ៖ «គម្រោងនេះនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះសម័យប្រល័យពូជសាស្ត្រ ប៉ុល ពត គឺល្បីលើពិភពលោក។ ទីតាំងនេះក៏ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រអំពើប្រល័យពូជសាស្ត្រ និងសង្គ្រាមស៊ីវិល មួយវិញទៀត ជាចំណុចចន្លោះប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ »។  


រូបភាពពីទំព័រហ្វេសប៊ុកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង 

ក្រៅពីការបង្កើតគម្រោងសាងសង់នេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏មានមគ្គទេសក៍ទេសចរណ៍ ៣៣នាក់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ និងបរិយាយពីប្រវត្តិនៅទីនោះ ប្រាប់ភ្ញៀវទេសចរផងដែរ។ 
 
តាមគម្រោងសំណង់ទីតាំងបូជាសព ប៉ុល ពត
នឹងសាងសង់ឡើងពីដែក ដោយយកគំរូ ពីធាងត្នោត។ តាមលោក លី សុខឃាង ការយកធាងត្នោត
ជាគំរូសាងសង់ព្រោះ ត្នោតជាអត្តសញ្ញាណខ្មែរ ជាពិសេសនឹងរំលឹកពីអំពើឃោឃៅរបស់ ប៉ុល ពត
ដែលបានយកធាងត្នោត ជាឧបករណ៍ សម្លាប់ប្រជាជនខ្មែរ។ យ៉ាងណាក៏ដោយ លោក សុខឃាង
មិនទាន់អាចបញ្ជាក់ពីទំហំចំណាយលើការសាងសង់នៅឡើយ ព្រោះរដ្ឋបាលស្រុក និងមន្ទីរពាក់ព័ន្ធកំពុងពិនិត្យលើគម្រោងនេះ។ 
គួរបញ្ជាក់ផងដែរថា អន្លង់វែង
ត្រូវបានគេស្គាល់ ថាជាតំបន់តស៊ូចុងក្រោយ របស់ទាហានខ្មែរក្រហម
និងបានចូលសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចុងក្រោយគេបង្អស់នៅឆ្នាំ
១៩៩៨។ ក្នុងស្រុកអន្លង់វែង មានតំបន់ប្រវត្តិសាស្ត្រចំនួន១៤ កន្លែង៕ 
 
 
 

Tag:
 លី សុខឃាង
  ប៉ុល ពត
  អន្លង់វែង
  ឧត្តរមានជ័យ
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com