ជាតិ
អ្នកស្រី សុម៉ា នៅស្រុកមុខកំពូល លក់កន្ទេលកក់ (ក្រហម) បានជាង៤០កន្ទេលក្នុងមួយខែ
27, Mar 2021 , 10:38 am        
រូបភាព
រូបភាពពីហ្វេសប៊ុក អ្នកស្រី ផុន សុម៉ា
រូបភាពពីហ្វេសប៊ុក អ្នកស្រី ផុន សុម៉ា
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ អាជីវករលក់កន្ទេលក្រហម អ្នកស្រី ផុន សុម៉ា នៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ការលក់របស់ស្ត្រីវ័យ៣៨ឆ្នាំរូបនេះ ទទួលបានការគាំទ្រ លក់បានតម្លៃខ្ពស់ ដោយផលិតមិនទាន់តម្រូវការទីផ្សារឡើយ។ មូលហេតុនៃកង្វះការផ្គត់ផ្គត់នេះ អ្នកស្រី សុម៉ា ប្រាប់ថាដោយសារមិនមានពេលគ្រប់គ្រាន់ក្នុងការផលិត និងពិបាកក្នុងការស្វែងរកដើមកក់មកត្បាញ។ 


រូបភាពពីហ្វេសប៊ុក អ្នកស្រី ផុន សុម៉ា 

អ្នកស្រី ផុន សុម៉ា ជាអ្នកលក់កន្ទេលក្រហមតាមបណ្តាញសង្គមហ្វេសប៊ុកមួយរូប។ អ្នកស្រី ដែលជាអ្នករស់នៅស្រុកមុខកំពូល ខេត្តកណ្ដាល បានប្រាប់សារព័ត៌មាន Thmeythmey25 ថាមូលហេតុដែលខ្លួនលក់កន្ទេលក្រហមតាមអនឡាញដូច្នេះ ក៏ព្រោះថា អាជីវករនៅតាមផ្សារមិនហ៊ានទទួលទិញកន្ទេលនេះយកទៅលក់ព្រោះ វាមានតម្លៃថ្លៃជាងកន្ទេលដែលនាំចូលពីបរទេស។ 
 
អ្នកស្រី សុម៉ា ដែលជាគ្រូបង្រៀនភាសាអង់គ្លេសផងនោះ បាន ថា ខ្លួនបានឆ្លៀតពេលទំនេរពីការបង្រៀនរបស់ ទើបតែចាប់មុខរបរលក់កន្ទេលក្រហម ប្រមាណជា៤ខែប៉ុណ្ណោះ។ ប៉ុន្តែផលិតផលកន្ទេលកក់របស់ខ្លួន ទទួលបានការពេញនិយមច្រើនពីអតិថិជន។ នេះបើតាមអ្នកគ្រូ សុម៉ា ដែលបានប្រាប់សារព័ត៌មាន Thmeythmey25 ទៀតថា ក្នុងមួយខែ អ្នកស្រី អាចលក់បានកន្ទេលបានជាង៤០កន្ទេលឯណោះ ហើយការគាំទ្រដ៏ច្រើននេះ ធ្វើឱ្យអ្នកស្រី រកកន្ទេលលក់ជូនអតិថិជនសឹងតែមិនទាន់។  អ្នកស្រី សុម៉ា បញ្ជាក់ដូច្នេះថា៖ «មួយខែ អាចលក់បានអាតូចៗ បាន៤០ ហើយអាធំហ្នឹង ៤-៥អ៊ីដែរ តែធ្វើឲ្យភ្ញៀវអត់ទាន់»។
 
តាមស្ត្រីវ័យ៣៨ឆ្នាំរូបនេះ អ្នកស្រីបានទទួលទិញកន្ទេលកក់ ឬកន្ទេលក្រហមនេះ ពីមិត្តភក្តិរបស់ខ្លួន ដែលជាគ្រូបង្រៀនដូចគ្នា និងជាអ្នកធ្វើស្រែផង។ អ្នកស្រី ផុន សុម៉ា ពន្យល់ថា មានមូលហេតុចម្បង២ដែលធ្វើឰ្យការត្បាញកន្ទេលកក់ មិនទាន់តម្រូវការរបស់អតិថិជន។ មូលហេតុទី១ គឺអ្នកត្បាញមិនបានត្បាញពេញដៃពេញជើង ពោលគឺឆ្លៀតពីការងារបង្រៀន និងទំនេរពីការងារធ្វើស្រែចម្ការ។ មូលហេតុទី២ គឺការលំបាក ក្នុងការស្វែងរកវត្ថុធាតុដើម គឺដើមកក់នេះឯង ពិសេសនៅរដូវប្រាំង ដែលដើមកក់ មិនសូវមានគុណភាពល្អ។ 


រូបភាពពីហ្វេសប៊ុក អ្នកស្រី ផុន សុម៉ា 
 
ទោះបីជួបការលំបាក លើការស្វែងរកវត្ថុធាតុដើម ដែលមានគុណភាពយកមកផលិត កន្លងមកគ្រូបង្រៀនរូបនេះ ក៏បានស្វែងរកទិញពីប្រទេសវៀតណាម ប៉ុន្តែគុណភាពមិនសូវល្អដូចដើមកក់ ក្នុងស្រុកនោះទេ។ អ្នកស្រី ផុន សុម៉ា អះអាងដូច្នេះថា៖ «ដើមកក់ខ្មែរយើង ពិបាករកទិញ ត្រូវដើររកសួរតាមផ្ទះ តាមអី។ តែបើកក់វៀតណាមត្រូវការអីបានភ្លាម តែគ្រាន់តែវាអត់ល្អ។ ដើមកក់វៀតណាម វាស្រួយ ពេលជ្រលក់ សម្បុរអត់ស្រស់។ ដូច្នេះ មានតែព្យាយាមរកដើមកក់ក្នុងស្រុក»។
 
បើតាមគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ កន្ទេលក្រហមដែលខ្លួនលក់ មានចាប់ពីទំហំតូចគឺ ៥០,៥ សង់ទីម៉ែត្រ គុណនឹង៧០ សង់ទីម៉ែត្រ តម្លៃ៣ម៉ឺន៥ពាន់រៀល ទៅ ៤ម៉ឺនរៀល។ ចំណែកទំហំធំបំផុត ១,៨ម៉ែត្រ គុណនឹង ២ម៉ែត្រ តម្លៃ១៤ម៉ឺនរៀលផងដែរ។ ចំពោះអ្នកស្រី ទំហំដែលរៀបរាប់នេះ ជាទំហំទូទៅ ដែលមានលក់ប៉ុណ្ណោះ ពោលគឺទំហំអាចធ្វើបាន ទៅតាមការបញ្ជាទិញរបស់ភ្ញៀវផងដែរ។ 
 
ដោយឡែកចំពោះកន្ទេលក្រហមមានទំហំ ១,៥ម៉ែត្រ គុណនឹង២ម៉ែត្រវិញ អ្នកស្រី ផុន សុម៉ា ប្រាប់ថាមានតម្លៃថ្លៃជាងទំហំ១,៨ ចំនួន១ម៉ឺនរៀល. ការណ៍នេះ ពាក់ព័ន្ធនឹងជំនឿ របស់ប្រជាពលរដ្ឋ។ ស្រ្តីវ័យ៣៩ឆ្នាំរូបនេះ និយាយដូច្នេះថា៖ « កន្ទេលមួយម៉ែត្រកន្លះ ថ្លៃជាងមួយម៉ែត្រប្រាំបី ដោយសារការត្បាញ អត់យកកក់មកតគ្នាទេ ហើយប្រើកក់ដែលថ្លោសៗល្អ កម្ពស់១,៥ម៉ែត្រ។ នៅខែក្ដៅ កក់បានត្រឹមតែ ១,២ម៉ែត្រទេ។ ទាល់ដល់ខែភ្លៀងទើបបាន ១,៤ម៉ែត្រ ឬ១,៥ម៉ែត្រ ជាកក់លេខមួយ។ អ៊ីចឹងប្រជាជនខ្លះ គាត់មានជំនឿ អត់ប្រើរបស់បែកបាក់ ឬរបស់តទេ»។ 


រូបភាពពីហ្វេសប៊ុក អ្នកស្រី ផុន សុម៉ា 
 
សព្វថ្ងៃ តាមការយល់ឃើញរបស់ អ្នកស្រី ផុន សុម៉ា មានតែមនុស្សវ័យចំណាស់ប៉ុណ្ណោះ នៅនិយមគំាទ្រស្រឡាញ់ កន្ទេលក្រហមនេះ។ ឯយុវជនបច្ចុប្បន្នខ្លះ ក៏មិនបានស្គាល់ដែរ បណ្ដាលឲ្យតម្លៃការស្រឡាញ់មានការថយចុះ។ មួយវិញទៀត កន្ទេលក្រហម ដែលលក់មានតម្លៃថ្លៃ ហើយអ្នកចេះត្បាញ មានការថយចុះម្ដងបន្តិចៗ ដែលអាចនឹងបាត់បង់នៅពេលអនាគត។ 
និយាយដល់ការបាត់បង់នាពេលអនាគត អ្នកស្រី សុម៉ា បាននិយាយដូច្នេះទៀតថា៖«តែបើសិន មានខាងអង្គការ ឬខាងណាមួយព្យាយាមរក្សាវា គេឲ្យកម្លាំងចិត្តអ្នកភូមិ ផ្ដល់ទីផ្សារច្បាស់លាស់ អាចមានការគំាទ្រ ឬរក្សាបាន។ តែបើមិនអ៊ីចឹងទេ អាចនឹងមានការថយចុះទៅៗ ទៀតហើយ»៕
 

Tag:
 ផុន សុម៉ា
  កន្ទេលក្រហម
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com