អន្តរជាតិ
ផលិតផលម៉ាកល្បីៗ ក្លាយជាផ្ទាំងស៊ីបរបស់ប្រជាជនចិន ក្រោយរិះគន់សំណុំរឿងស៊ីនជាំង
27, Mar 2021 , 11:31 am        
រូបភាព
ក្រុមហ៊ុនលក់សម្លៀកបំពាក់ស៊ុយអែតH_Mដែលរងពហិការនៅចិន។ រូបភាព៖AFP
ក្រុមហ៊ុនលក់សម្លៀកបំពាក់ស៊ុយអែតH_Mដែលរងពហិការនៅចិន។ រូបភាព៖AFP
ដោយ:
ក្រុមហ៊ុនលក់សម្លៀកបំពាក់ និងស្បែងជើងល្បីៗរបស់លោកខាងលើដូចជា H&M, Nike និងAdidas ជាដើម កំពុងក្លាយជាផ្ទាំងស៊ីបរបស់ប្រជាជនចិន ក្រោយក្រុមហ៊ុនទាំងចូលខ្លួនឱ្យពាក់ព័ន្ធក្នុងសំណុំរឿងជនជាតិវីហ្គ័រនៅ តំបន់ស៊ីនជាំង ដែលជារឿងកំពុងក្ដៅ។ ក្រុមហ៊ុនទាំងនោះ ឈប់ទិញកប្បាសដែលដាំក្នុងតំបន់ស៊ីនជាំង ដោយ បារម្ភពីការបង្ខំជនភាគតិចមួយក្រុមនេះឱ្យធ្វើការចម្ការកប្បាស។ ចិនទាត់ចោលការនិយាយបែបនេះ និងថា ការប្រមូលផលធ្វើឡើងដោយម៉ាស៊ីនស្ទើរទាំងអស់។


ពេលនេះក្រុមហ៊ុនលក់ទំនិញល្បីៗ ស្ថិតនៅចំណុចកណ្តាលនៃភាពតានតឹងនយោបាយរវាងចិន និងសហភាពអឺរ៉ុប ដោយប្រជាជនចិននាំគ្នាឈប់ទិញទំនិញ តារាល្បីចិនបញ្ចប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនទាំងនោះ ខណៈកម្មវិធីទិញតាមទូរស័ព្ទ និងគេហទំព័រមួយចំនួនដកក្រុមហ៊ុនទាំងនោះចេញពីប្រព័ន្ធរបស់ខ្លួន។
 
«ផ្សព្វផ្សាយពាក្យចចាមអារ៉ាមពីរឿងកប្បាសនៅស៊ីនជាំង ហើយចង់យកចំណេញពីចិនទៀត?»។ នេះជាសំណេររបស់អ្នកប្រើប្រាស់បណ្តាញសង្គមចិន ដោយសំដៅទៅលើក្រុមហ៊ុន H&M របស់ស៊ុយអែត។ ក្រុមហ៊ុន H&M នេះ រងការរិះគន់ខ្លាំងជាងគេប៉ុន្មានថ្ងៃមកនេះ ក្រោយធ្លាយសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន ពាក់ព័ន្ធ ការធ្វើការដោយបង្ខំនៅចម្ការកប្បាសនៅស៊ីនជាំង។ 
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក៏នាំគ្នារិះគន់ក្រុមហ៊ុនសម្លៀកបំពាក់មួយនេះមិនសំចៃដែរ។ កាសែតបក្សកុម្មុយនីស្តចិន People’s Daily សរសេរថា ក្រុមហ៊ុន H&M មិនសមនឹងប្រើកប្បាសដ៏ល្អពីតំបន់ស៊ីនជាំងឡើយ។ ចំណែក ទូរទស្សន៍រដ្ឋចិនវិញនិយាយថា H&M រកស៊ីចំណេញនៅចិន និងវាយប្រហារប្រទេសនេះស្របពេលតែមួយ។ ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba និង JD.com វិញបានដកផលិតផលក្រុមហ៊ុននេះចេញពីការស្វែងរកក្នុងប្រព័ន្ធរបស់ខ្លួនទៀតផង។
 
ចំណែកក្រុមហ៊ុនសម្ភារកីឡា Nike វិញដែលអះអាងថា ឈប់ទិញកប្បាសដែលផលិតនៅតំបន់ស៊ីនជាំងរយៈ ពេលជាងមួយឆ្នាំហើយនោះ ក៏រងការរិះគន់ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍ជាងមួយឆ្នាំមុន Nike អះអាងពីការ បារម្ភលើពលកម្មបង្ខំ ដែលទាក់ទងទៅនឹងតំបន់ស៊ីនជាំង និងបន្ថែមថា ខ្លួនមិនយកកប្បាស ឬវត្ថុធាតុដើមដែល មានប្រភពពីតំបន់ស៊ីនជាំងឡើយ។ 
 
មិនត្រឹមប្រជាជនធម្មតាឡើយ សូម្បីតារាល្បីៗរបស់ចិន ក៏ចូលរួមក្នុងយុទ្ធនាការប្រឆាំងម៉ាកល្បីទាំងនោះដែរ។ តារាចិនជាច្រើន បានផ្តាច់កិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុនដូចជា Nike, Adidas, Puma, Converse, Calvin Klein, Tommy Hilfiger និង Uniqlo ។ សារព័ត៌មានរដ្ឋចិន បានសសើរទឹក ចិត្ត ស្រឡាញ់ មុខមាត់ជាតិបែបនេះ។ ក្រោយពហិការនិងការរិះគន់ពីសាធារណៈជនចិន ភាគហ៊ុនរបស់ក្រុមហ៊ុន Nike ធ្លាក់ចុះ ៣ភាគរយ ចំណែក Adidas ធ្លាក់ចុះ៦ភាគរយក្នុងទីផ្សារភាគហ៊ុនទីក្រុងឡុងដ៏ ឯភាគហ៊ុន H&M ធ្លាក់ចុះ២ ភាគរយនៅទីផ្សារហ៊ុនស៊ុយអែត។
 
កន្លងមក អង្គការសិទ្ធិមនុស្ស ចោទចិនជាច្រើនដងចំពោះការឃុំខ្លួនជនជាតិភាគតិចវីហ្គ័រ និងជនមូស្លីមដទៃទៀតក្នុងជំរំ និងប្រើប្រាស់ពួកគេដោយបង្ខំ ហើយដែលផលិតផលទាំងនេះអាចចូលរួមដោយផ្ទាល់ និងប្រយោលក្នុង ច្រវាក់ផ្គត់ផ្គង់ពិភពលោក។
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអឺរ៉ុប និងអាមេរិកបានអះអាងថា ខ្លួនពិនិត្យឡើងវិញពីច្រវាក់ផ្គត់ផ្គង់ ដើម្បីធានាថា ផលិតផលទាំងនោះមិនជាប់ពាក់ព័ន្ធទៅនឹងពលកម្មដោយបង្ខំនៅតំបន់ស៊ីនជាំង។ ក្នុងខែធ្នូ ឆ្នាំ ២០២០ រដ្ឋាភិបាលអាមេរិកបានរាំងខ្ទប់ការនាំចេញកប្បាសទាំងអស់ ដោយសង្ស័យថា ផលិតផលទាំងនោះជាប់ ពាក់ព័ន្ធទៅនឹងពលកម្មដោយបង្ខំ៕
 
 
 
 
 
 

Tag:
 ចិន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com