ជាតិ
មន្ទីរកសិកម្មមណ្ឌលគិរី ជំរុញការដាំខ្ទឹមស ក្រោយកសិករ៥គ្រួសារសាកល្បងដោយជោគជ័យ
27, Mar 2021 , 11:59 am        
រូបភាព
រូបពីហ្វេសប៊ុកលោករដ្ឋមន្រ្តីកសិកម្ម វេង សាខុន
រូបពីហ្វេសប៊ុកលោករដ្ឋមន្រ្តីកសិកម្ម វេង សាខុន
ដោយ:
កសិករចំនួន ៥គ្រួសារ បានទទួលជោគជ័យ ក្នុងការដាំដុះខ្លឹមស សាកល្បង ក្រោមការផ្គត់ផ្គង់ពូជពីមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ។ ដោយមើលឃើញពីភាពជោគជ័យនេះ មន្ទីរកសិកម្មខេត្តមណ្ឌលគិរី អះអាងថានឹងជំរុញឱ្យកសិករពង្រីកការដាំដុះ និងបង្កើនអ្នកដាំផងដែរនៅឆ្នាំក្រោយ។

 
មន្ទីរកសិកម្មខេត្តមណ្ឌលគិរី គ្រោងបន្ថែមការដាំដុះ ខ្ទឹមស បន្ទាប់ពីការដាំសាកល្បងដំណាំមួយមុខនេះទទួលបានទិន្នផលខ្ពស់។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មាន Thmeythmey25 ថា បច្ចុប្បន្ន មានកសិករចំនួន ៥គ្រួសារ បានព្រមព្រៀងដាំខ្ទឹមស ក្រោមការជ្រោមជ្រែងពូជ ពីមន្ទីរកសិកម្មខេត្ត។ 
 
លោក សុង ឃាង បញ្ជាក់ថា៖ «ដំណាក់កាលដំបូង យើងសាកល្បងត្រឹមកសិករ ៥គ្រួសារទេ តែទទួលជោគជ័យ ព្រោះប្រមូលផលបានច្រើន។ យើងធ្វើតាមដំណាក់កាល និងធ្វើជាបន្តបន្ទាប់។ ឆ្នាំក្រោយ នឹងឲ្យកសិករដាំដុះបន្ថែម និងបង្កើនអ្នកដាំដែរ»។ 
 
មណ្ឌលគិរី ជាខេត្តដែលមានសក្កានុពល ក្នុងការដាំដុះច្រើនប្រភេទពិសេសបន្លែដូចជា ខ្ទឹមបារាំង ដំឡូងបារាំង ការ៉ុត ស្ពៃក្ដោប ស្ពៃបូកគោជាដើម។ ដោយឡែកសម្រាប់ការដាំដុះខ្ទឹមស លោកប្រធានមន្ទីរកសិកម្មបន្តថា បើឆ្នាំក្រោយអាចបន្ថែមការដាំដុះបាន នឹងអាចកាត់បន្ថយការនាំចូលខ្ទឹមសពីខាងក្រៅ។
 
យ៉ាងណាក្ដី ស្ថិតក្នុងបរិបទកូវីដ-១៩នេះ លោកប្រធានមន្ទីរកសិកម្ម បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey25 ថា ទីផ្សារបន្លែក្នុងខេត្តមណ្ឌលគិរី មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ មានតែប្រសើរជាងមុន។ «ទីផ្សារមិនមានបញ្ហាទេ មានតែល្អជាងមុន។ សព្វថ្ងៃ គេនិយមបន្លែពីខេត្តមណ្ឌលគិរី»។ នេះជាការអះអាងរបស់លោក សុង ឃាង។
 
បើតាមប្រធានមន្ទីរកសិកម្មរូបនេះ បច្ចុប្បន្នបន្លែ ដែលពេញនិយមក្នុងខេត្តមណ្ឌលគិរី មានស្ពៃក្ដោប តម្លៃ ៤ ០០០រៀល ក្នុងមួយគីឡូក្រាម ស្ពៃបូកគោ តម្លៃ ៤ ០០០រៀល ក្នុងមួយគីឡូក្រាម និងការ៉ុត តម្លៃ ៤ ០០០រៀល ទៅ ៤ ៥០០រៀល ក្នុងមួយគីឡូក្រាម៕
 

Tag:
 ខ្ទឹមស
 មណ្ឌលគិរី
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com