ជាតិ
ត្រីអណ្តែង និងកង្កែប ជាប្រភពចំណូលដ៏សំខាន់ក្នុងចំណោមកសិករនៅព្រៃវែង
27, Mar 2021 , 2:16 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
ដោយ:
ឆ្នាំ២០២០កន្លងទៅ កសិករខេត្តព្រៃវែង ទទួលបានចំណូលសរុបចំនួន ៣៣ ៦៧៥ ០០០ដុល្លារពីការចិញ្ចឹមត្រីអណ្ដែង និងការចិញ្ចឹមកង្កែប។ នេះបើតាមទំព័រហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

 
វារីវប្បករបន្តកើនឡើងយ៉ាងរហ័សអំឡុងវិបត្តិកូវីដ-១៩ ធ្វើឲ្យខេត្តព្រៃវែង មានកសិដ្ឋានផលិតកូនត្រីពូជចំនួន ៩កន្លែង កសិដ្ឋានផលិតកូនកង្កែបពូជចំនួន ១៦កន្លែង និងកន្លែងផ្សាំកូនត្រីពូជ របស់វារីវប្បករចំនួន ៣៥កន្លែង។ នេះបើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង រាយការណ៍របាយការណ៍ជូនលោក វេង សាខុន។
 
បច្ចុប្បន្នខេត្តព្រៃវែងមានអ្នកចិញ្ចឹមត្រីអណ្តែង សរុបចំនួន ៩ ៣៥០គ្រួសារ ក្នុងនោះមានស្រះចិញ្ចឹមត្រីចំនួន ៦ ៧០០ស្រះ និងអាងចិញ្ចឹមត្រី ចំនួន ២ ៤៦០អាង ដែលមានបរិមាណត្រីអណ្ដែងសរុប ១៩ ១០០តោន និងបរិមាណកង្កែបសរុប ១០០តោន។ ទិន្នផលរបស់ត្រីអណ្ដែង និងកង្កែបទាំងនេះ គិតជាទឹកប្រាក់ទទួលបានចំនួន ៣៣ ៦៧៥ ០០០ដុល្លារ ក្នុងនោះត្រីអណ្តែងមានតម្លៃប្រហែលជា ៣៣ ៤២៥ ០០០ ដុល្លារ និងកង្កែប ប្រហែលជា ២៥០ ០០០ដុល្លារ។
 
តាមរយៈសមិទ្ធផលនេះ ក្រសួងកសិកម្ម បានជំរុញ គាំទ្រ និងលើកទឹកចិត្តដល់កសិករ បន្តការងារផ្នែកវារីវប្បកម្មបន្តទៀត។ លោក វេង សាខុន បានលើកឡើងថា៖ «ក្រសួងកសិកម្មឲ្យកសិករខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាបាននូវសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប ជាលក្ខណៈគ្រួសារតាមបច្ចេកទេសសមស្រប សាមញ្ញ ប្រើពេលខ្លី ដើមទុនតិច ទទួលផលច្រើន រក្សានូវស្ថានភាពជីវភាពប្រក្រតីអំឡុងនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩»។
 
ដើម្បីរក្សាបាននូវនិរន្តរភាពផលិតកម្មវារីវប្បកម្មនេះ ក្រសួងកសិកម្ម បានជំរុញ និងលើកទឹកចិត្តបន្ថែមដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប, កសិករដែលមានធនធាន និងបទពិសោធ គួរតែបន្តរក្សាសកម្មភាពអាជីវកម្មបង្កាត់ ភ្ញាស់ ដើម្បីផលិតពូជត្រីបានល្អសម្រាប់ផ្សព្វផ្សាយពូជ អភិរក្ស និងធ្វើអាជីវកម្មលក់ដូរជូនបងប្អូនវារីវប្បករនៅទូទាំងខេត្ត និងខេត្តជាប់ព្រំប្រទល់ផងដែរ៕
 

Tag:
 វារីវប្បកម្ម
 ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com