អន្តរជាតិ
សកម្មជន​បរិស្ថាន៖ ជីវិត​នៅ​លើ​ភព​ផែនដី​ពឹងផ្អែក​លើ​ការ​ស្តារ​ព្រៃឈើ​នៅ​ទូទាំង​ពិភពលោក
27, Mar 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ តំបន់ព្រៃអាម៉ាហ្សូននៅក្នុងរដ្ឋ Mato Grosso ភាគខាងលិចប្រទេសប្រេស៊ីល កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៥។
រូបឯកសារ៖ តំបន់ព្រៃអាម៉ាហ្សូននៅក្នុងរដ្ឋ Mato Grosso ភាគខាងលិចប្រទេសប្រេស៊ីល កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៥។
ដោយ: VOA
ក្នុង​ការ​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ សកម្មជន​បរិស្ថាន​កំពុង​អំពាវនាវ​ឱ្យ​ស្តារ​ព្រៃឈើ​និង​ប្រព័ន្ធ​ជីវចម្រុះ​ដែល​គាំទ្រ​ដល់​ជីវិត​ព្រៃឈើ​ ដែល​សកម្មជន​ទាំង​នោះ​និយាយ​ថា ស្ថិត​ក្រោម​គំរាមកំហែង​កាន់​តែ​ខ្លាំង​ពី​អាជីវកម្ម​ខុស​ច្បាប់។

 
ព្រៃឈើ​គឺ​ជា​សួត​របស់​ភព​ផែន​ដី។ ព្រៃឈើ​ជួយ​ផ្តល់​ខ្យល់​ឱ្យ​យើង​ដកដង្ហើម​ និង​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ទឹក​ស្អាត។ អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ​មនុស្ស​ជាង ​១ ពាន់លាន​នាក់​ ពឹង​ផ្អែក​លើ​ម្ហូប​អាហារ​ បាន​មក​ពី​អនុផល​ព្រៃឈើ​ ហើយ​មនុស្ស​ចំនួន​ ២,៤ ពាន់​លាន​នាក់ ​ប្រើប្រាស់​ជ័រ​ឈើ និង​ធ្យូង ដើម្បី​ចម្អិន​ម្អូប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។
 
លើស​ពី​នេះ​ទៅ​ទៀត សុខភាព​របស់​ពិភពលោក​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ឱសថ​បៃតង ​ដែល​រក​បាន​នៅ​ក្នុង​ព្រៃ។ អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ​ថ្នាំ​ពេទ្យ​រហូត​ដល់​ ២៥%​ នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​និង​ ៨០%​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពឹង​ផ្អែក​លើ​រុក្ខជាតិ។
 
ជា​អកុសល​អ៊ុកស៊ីសែន​ដែល​ធ្វើ​ឱ្យ​រុក្ខជាតិ​និង​អំបូរ​សត្វ​នៅ​លើ​ភព​ផែនដី​ ដែល​គេ​ស្គាល់​ចំនួន​ ៨០% ​អាច​បន្ត​មាន​ជីវិត​ប្រកប​ដោយ​ចីរភាព​កំពុង​រង​ការ​គំរាមកំហែង។ នាយក​ផ្នែក​ព្រៃឈើ​នៃ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) អ្នកស្រី Mette Wilkie បាន​និយាយ​ថា ​ព្រៃឈើ និង​ជីវចម្រុះ​ដែល​ព្រៃឈើ​ស្ថិត​នៅ​កំពុង​រង​ហានិភ័យ​ពី​សកម្មភាព​ដែល​ផ្លាស់ប្តូរ​ដី​ទាំង​នោះ ​ដើម្បី​ប្រើប្រាស់​សម្រាប់​កសិកម្ម និង​ការ​កែងប្រវ័ញ្ជ​ផ្សេងៗ​ទៀត។​
 
អ្នកស្រី Mette Wilkie បាន​ថ្លែង​ថា៖ «ជា​រៀងរាល់​ឆ្នាំ ​ពិភពលោក​បាត់បង់​ព្រៃឈើ​ជាង ​១០ លាន​ហិកតា។ វា​ប្រហែល​ស្មើ​នឹង​ទំហំ​ ២ ដង​នៃ​ប្រទេស​កូស្តារីកា (Costa Rica)។ ការណ៍​នេះ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​អាកាសធាតុ​ជីវចម្រុះ​ និង​មនុស្សជាតិ។ យើង​ដឹង​ថា ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​និង​ការ​ធ្លាក់ចុះ​គុណភាព​ដី​កំពុង​ប៉ះពាល់​ដល់​សុខាមាលភាព​របស់​មនុស្ស​ យ៉ាង​ហោច​ណាស់​ ៣,២ ពាន់​លាន​នាក់​ នៅ​ទូទាំង​ពិភពលោក និង​ធ្វើ​ឱ្យ​បាត់បង់​ផលិតផល​សរុប​ក្នុង​ស្រុក​ប្រចាំ​ឆ្នាំ​ ជាង​ ១០%​ នៅ​ទូទាំង​ពិភពលោក ​ដោយ​សារ​តែ​បាត់បង់​នូវ​សេវាកម្ម​អេកូឡូស៊ី​»។
 
អ្នកស្រី Wilkie បាន​ថ្លែង​បន្ត​ថា​ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឆ្លង​រាតត្បាត​មួយ ​ក្នុង​ចំណោម​បី​ករណី​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​ការ​ប្រើប្រាស់​ដី​ ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​ពុះ​បំបែក​ព្រៃឈើ​ទៅ​ជា​តំបន់​តូចៗ។ អ្នកស្រី​ព្រមាន​ថា ​ហានិភ័យ​នៃ​ការ​រាតត្បាត​ថ្មី​នឹង​នៅ​តែ​បន្ត​កើន​ឡើង ប្រសិន​បើ​ពិភពលោក​នៅ​បន្ត​សកម្មភាពទាំង​នេះ​ដដែល។
 
អ្នកស្រី Mette Wilkie បាន​ថ្លែង​ថា៖ «មូលហេតុ​សម្រាប់​បញ្ហា​នេះ ​គឺ​ថា យើង​រំខាន​ដល់​ជម្រក​របស់​អំបូរ​សត្វ​ព្រៃ​មួយ​ចំនួន ​ដែល​មាន​ផ្ទុក​ជំងឺ​ឆ្លង។ មាន​ន័យ​ថា ​យើង​កំពុង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ពី​សត្វ​ព្រៃ​ទៅ​មនុស្ស​ដោយ​ផ្ទាល់ ឬ​ទៅ​សត្វ​ស្រុក ហើយ​បន្ទាប់​មក​ឆ្លង​ទៅ​មនុស្ស។ ដូច្នេះ ​ការ​ផ្លាស់ប្តូរ​ធម្មជាតិ​របស់​ព្រៃឈើ ​និង​ការ​កាត់​បន្ថយ​ជម្រក​សត្វ​ព្រៃ​ មាន​ន័យ​ថា ​យើង​កំពុង​បង្កើន​ហានិភ័យ»។​
 
អ្នកស្រី Wilkie និយាយ​ថា ស្ថានភាព​នេះ​អាច​កែប្រែ​បាន ​តាមរយៈ​ការ​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​វិនិយោគ​ប្រាក់​ដែល​ចាំបាច់​ដើម្បី​ស្តារ​ព្រៃឈើ​ឱ្យ​មាន​សុខភាព​ល្អ​វិញ។ អ្នកស្រី​បន្ថែម​ថា​ សកម្មភាព​ទាំង​នេះ​អាច​រួមចំណែក​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ដំណាក់កាល​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​ជួយ​បណ្តា​ប្រទេស​ជាតិ​នានា ​កាត់​បន្ថយ​និង​សម្រប​ខ្លួន​ទៅ​នឹង​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ៕
 
សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com