ជាតិ
ពីឆ្នាំ២០១៦ ដល់២០២០ កម្ពុជាបានចំណូលប្រមាណ១១,៦លានដុល្លារពីការលក់ឥណទានកាបូន
28, Mar 2021 , 8:59 am        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
ដោយ:
ភ្នំពេញ៖ កម្ពុជាលក់ឥណទានកាបូន បានប្រមាណ ១១,៦លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ពីគម្រោងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី, និងគម្រោងរ៉េដបូកក្រវាញខាងត្បូង ។ នេះបើតាម ក្រសួងបរិស្ថានដែលបញ្ជាក់ទៀតថា ក្រសួង និងដៃកំពុងរៀបចំនីតិវិធី លក់ឥណទានកាបូន នៅដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀត។ គិតត្រឹមដើមឆ្នាំ២០២១នេះ កម្ពុជាមានតំបន់អភិរក្ស ចំនួន៧៣កន្លែង ដែលមានផ្ទៃដីសរុបជិត ៧,៣ លានហិកតា។

 
កម្ពុជា ទទួលបានចំណូល ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូន ឲ្យទៅក្រុមហ៊ុនអន្តរជាតិធំៗ លើពិភពលោក ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។  នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន ផ្សព្វផ្សាយកាលពីថ្ងៃទី ១៩ មីនា ដែលបានបន្តបញ្ជាក់ថា ចំណូលនេះ គឺបានពីការលក់ឥណទានកាបូនចំនួន ២គម្រោង ដោយគម្រោងទី១ មាននៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងគម្រោងទី២ គម្រោងរ៉េដបូកក្រវាញខាងត្បូង (ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ)។ 
 
ក្រសួងបរិស្ថាន បញ្ជាក់ទៀតថា ក្រសួង និងដៃគូ កំពុងរៀបចំនីតិវិធី លក់ឥណទានកាបូន នៅដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតដែរ។
 
តាមក្រសួងបរិស្ថានដដែល បច្ចុប្បន្ន នៅអាស៊ាន មានតែកម្ពុជា និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលបានលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ ក្រុមហ៊ុន ដែលបានទិញឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត មានក្រុមហ៊ុន Disney, Shell និងក្រុមហ៊ុន Gucci។ កម្ពុជា ក៏កំពុងស្វែងរកដៃគូទិញឥណទានកាបូនបន្ថែមទៀតដែរ។  
 
សម្រាប់ ថវិកាដែលបានពីការលក់ឥណទានកាបូន ត្រូវបានក្រសួងបរិស្ថាន បញ្ជាក់ថា ត្រូវបានយកទៅប្រើប្រាស់ក្នុងការងារអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋាន ដែលក្នុងសកម្មភាពទាំងនោះ នឹងជួយឲ្យពលរដ្ឋនៅតំបន់នោះ បង្កើតមុខរបរថ្មីបម្រើឲ្យវិស័យអេកូទេសចរណ៍,  អប់រំពលរដ្ឋឱ្យចេះគ្រប់គ្រងការងារចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំផ្គត់ផ្គង់ទីផ្សារ ដែលអាចធ្វើឲ្យពលរដ្ឋមានជីវភាពប្រសើរជាងមុន។  
 
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីអភិរក្ស ចំនួន ៧៣ កន្លែង ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ ហិកតា ឬស្មើនឹង ៤១ភាគរយ នៃប្រទេសកម្ពុជា។ តំបន់អភិរក្សទាំងនោះ មានឧទ្យានជាតិចំនួន ១១, ដែនជម្រកសត្វព្រៃចំនួន ១៩ , តំបន់ទេសភាពចំនួន ១៣, តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៨, តំបន់រ៉ាមសារ ចំនួន៥ , តំបន់ស្នូលនៃបឋនីយជីវមណ្ឌល ចំនួន ៣ , តំបន់បេតិកភណ្ឌធម្មជាតិចំនួន ១១ និងតំបន់ឧទ្យានសមុទ្រចំនួន ១ ។ ក្រៅពីនេះ ក៏មានតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ដែលមានផ្ទៃដី ១៦,៣០ ហិកតា និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិដែលផ្ទៃដីចំនួន ១,៤២៧,៩៤០ ហិកតា៕
 
 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com