អន្តរជាតិ
ប្រមុខរបបសឹកមីយ៉ាន់ម៉ា សន្យាផ្ទេរអំណាចក្រោយការបោះឆ្នោត ខណៈអ្នកតវ៉ា១៦នាក់ទៀតស្លាប់
27, Mar 2021 , 7:39 pm        
រូបភាព
របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែមីនា បានរៀបចំក្បួនព្យុហយាត្រាដ៏ធំមួយដើម្បីអបអរទិវាកងទ័ព ខណៈបាតុករ១៦នាក់ទៀត បានបាត់បង់ជីវិតក្នុងការតវ៉ាប្រឆាំងរបសឹក។ ប្រមុខកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រកាសជាថ្មីថា នឹងផ្ទេរអំណាចទៅអ្នកឈ្នះការបោះឆ្នោតដែលនឹងរៀបចំនៅពេលក្រោយ។

 
បាតុកម្មប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ា នៅតែមិនស្រាកស្រាន្តឡើយ ដោយប្រជាជនមីយ៉ាន់ម៉ានៅតែប្រមូលផ្ដុំគ្នាតវ៉ានៅតាមទីក្រុងនានានៅស្ទើរទូទាំងប្រទេស បើទោះមានការបង្រ្កាបកាន់តែហិង្សាដោយកម្លាំងសន្តិសុខក្ដី។ បើតាមសាក្សី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែមីនា មនុស្សយ៉ាងហោចណាស់១៦នាក់ទៀត បានបាត់បង់ជីវិតនៅទីតាំងផ្សេងគ្នាអំឡុងការតវ៉ាដែលចាប់ផ្ដើមតាំងពីព្រឹកព្រលឹម ដែលធ្វើឡើងស្របទិវាកងទ័ព។
 
នៅរដ្ឋធានីណៃពិដោ អគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើជាអធិបតីក្នុងពិធីអបអរដល់ថ្ងៃងើបតស៊ូប្រឆាំងការគ្រប់គ្រងរបស់ជប៉ុន។ នៅចំពោះមុខកងទ័ពរាប់ពាន់នាក់ លោក មីន អ៊ុងឡាំង និយាយការពាររដ្ឋប្រហារជាថ្មី ហើយក៏សន្យាជាឱឡារិកថា នឹងប្រគល់អំណាចនៅក្រោយការបោះឆ្នោត។ លោកមិនបញ្ជាក់ពីកាលបរិច្ឆេទរៀបចំការបោះឆ្នោតនេះឡើយ តែកន្លងមកធ្លាប់និយាយថា នឹងធ្វើនៅក្រោយការបញ្ចប់ភាពអាសន្នមួយឆ្នាំដែលដាក់កាលពីខែកុម្ភៈ។
 
ឆ្លៀតពេលនោះ ប្រមុខរបបយោធារូបនេះ ក៏ផ្ញើសារព្រមានក្រុមបាតុករដែលតវ៉ាប្រឆាំងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដោយលោកនិយាយចំៗថា សកម្មភាពភេរវកម្មដែលបំផ្លាញភាពស្ងប់ស្ងាត់ និងសន្តិសុខជាតិ មិនអាចទទួលយកបានឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក មីន អ៊ុងឡាំង សង្កត់ធ្ងន់ថា៖ «ប្រជាធិបតេយ្យដែលយើងចង់បាន នឹងមិនមានវិន័យឡើយ ប្រសិនបើពួកគេមិនគោរព ហើយបំពានច្បាប់។»
 
ជាទម្លាប់ កម្មវិធីដ៏ធំខាងលើ តែងមានវត្តមានប្រតិភូបរទេសចូលរួម ប៉ុន្តែឆ្នាំនេះមានភ្ញៀវបរទេសតិចតួចប៉ុណ្ណោះដែលបង្ហាញវត្តមានក្នុងនោះមានតំណាងរុស្ស៊ី និងចិន ខណៈបបយោធាកំពុងព្យាយាមស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។ អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី Alexander Fomin ទំនងជាមន្រ្តីបរទេសឋានៈខ្ពស់ជាងគេដែលចូលពិធីនេះ។ លោកក៏បានជួបមេដឹកនាំរបបយោធាដែលបានចាត់ទុករុស្ស៊ីជាមិត្តពិតប្រាកដរបស់មីយ៉ាន់ម៉ា៕ 
  
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com