បវរកញ្ញាអាមេរិក Abena Akuaba Appiah បានក្លាយជាម្ចាស់មកុដបវរកញ្ញា Miss Grand International កាលក្នុងការប្រកួតនៅក្នុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែមីនា ខណៈកញ្ញា លីវ ជីលី បានក្លាយជាបវរកញ្ញាដំបូងតំណាងកម្ពុជា ជាប់ក្នុងតំណែង Top 20 ក្នុងចំណោមបេក្ខនារី៦៣នាក់ពីបណ្តាប្រទេសផ្សេងៗគ្នាលើពិភពលោក និងបានពានរង្វាន់ជាឯកត្តជនមួយចំនួនផងដែរ។
បង្កើតឡើងដោយក្រុមហ៊ុនថៃនៅឆ្នាំ២០១៣ ព្រឹត្តិការណ៍ប្រកួតសម្រស់ និងសមត្ថភាព Miss Grand International ឈានចូលដល់ឆ្នាំទី៨របស់ខ្លួននៅឆ្នាំ២០២០ ដែលដំបូងឡើយត្រៀមរៀបចំនៅប្រទេសវេណេស៊ុយអេឡា ប៉ុន្តែត្រូវបានលើកទៅធ្វើនៅក្រុងបាកកកនៅឆ្នាំ២០២១នេះវិញ ដោយសារតែវិបត្តិកូវីដ-១៩។
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បវរកញ្ញាអាមេរិក Abena Akuaba Appiah បានក្លាយជាម្ចាស់មកុដ Miss Grand International 2020 ដោយស្នងតំណែងពីបវរកញ្ញាវេណេស៊ុយអេឡា Valentina Figuera។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ កញ្ញា លីវ ជីលី បានក្លាយជា Miss Grand Cambodia ដំបូងបំផុតដែលជាប់ក្នុងតំណែង Top 20 ក្នុងចំណោមបេក្ខនារី៦៣នាក់ពីទូទាំងពិភពលោក និងបានពាន Country’s Choice of the Year ដោយមានសំឡេងគាំទ្រលើសបវរកញ្ញាប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ និងឥណ្ឌូណេស៊ី។
ក្រៅពីនេះ កញ្ញា លីវ ជីលី បានក្នុងចំណោម Top 6 លើការស្លៀកពាក់ប្រពៃណីជាតិ (Best in National Costume) ជាប់ Top 10 សម្រាប់ឈុតហែលទឹក និងជាប់ Top 7 លើផ្នែកប្រជាប្រិយភាពតាមរយៈការបោះឆ្នោត (Miss Popular Vote) ហើយក៏ស្ថិតក្នុងចំណោមអ្នកឈ្នះលើការស្លៀកពាក់ឈុតប្រពៃណីថៃ (Dress up in Thai National Costume) និងការបរិភោគអាហារថៃ (Thai Food Challenge) ផងដែរ។
តាមពិតទៅបវរកញ្ញា លីវ ជីលី វ័យ២៤ឆ្នាំ ពីបន្ទាយមានជ័យ ជាបវរកញ្ញាឯករងទីពីរក្នុងព្រឹត្តិការណ៍ Miss Grand Cambodia 2020 ប៉ុន្តែបានទទួលឱកាសតំណាងឲ្យកម្ពុជា បន្ទាប់បវរកញ្ញា សេង រដ្ឋា មានបញ្ហាចម្រូងចម្រាសជាមួយក្រុមហ៊ុនផលិតកម្មវិធីនៅកម្ពុជា រីឯបវរកញ្ញាឯករងទីមួយ លឹម សុធាវី ក៏បានសម្រេចចិត្តបោះបង់តំណែង។