ជាតិ
សហគមន៍កសិកម្មមានជ័យស្នួលទ្រេត ជំរុញកសិករដាំស្លឹកគ្រៃឲ្យបាន ១០០០ហិកតា ដើម្បីបិទការនាំចូលពីខាងក្រៅ
28, Mar 2021 , 10:17 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សហគមន៍កសិកម្មមានជ័យស្នួលទ្រេត ជំរុញឲ្យកសិករដាំស្លឹកគ្រៃ ១ ០០០ហិកតា ខណៈបច្ចុប្បន្នសហគមន៍បានសម្រេចលើផ្ទៃដីប្រមាណ ៤០០ហិកតាប៉ុណ្ណោះ។ ការជំរុញរបស់សហគមន៍ ឲ្យកសិករដាំស្លឹកគ្រៃ គឺដើម្បីបិទការនាំចូលស្លឹកគ្រៃពីខាងក្រៅ។

 
ដ្បិតជាប្រទេសកសិកម្មពិតមែន កម្ពុជានៅតែនាំចូលផលិតផលកសិកម្មមួយចំនួន រួមទាំងគល់ស្លឹកគ្រៃផងដែរ។ ដើម្បីទប់ស្កាត់ការនាំចូលគល់ស្លឹកគ្រៃពីក្រៅប្រមាណ ២០០តោន ក្នុងមួយថ្ងៃៗ សហគមន៍កសិកម្មមានជ័យស្នួលទ្រេត បានជំរុញ និងលើកទឹកចិត្ត ចុះកិច្ចសន្យាជាមួយកសិករដែលដាំស្លឹកគ្រៃ។
 
អ្នកស្រី សុខ សាមីន អ្នកផ្ដល់ទីផ្សារក្នុងសហគមន៍កសិកម្មមានជ័យស្នួលទ្រេត បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា៖«សព្វថ្ងៃសហគមន៍ដាំបាន ៤០០ហិកតាហើយ។ ហើយកសិករបានចុះកុងត្រាជាមួយសហគមន៍បន្តបន្ទាប់ ពេលនេះខ្វះប្រមាណ ២០០ហិកតាទៀត នឹងគ្រប់តាមផែនការ»។


 
«គោលដៅសំខាន់របស់សហគមន៍ គឺបញ្ឈប់ការនាំចូលគល់ស្លឹកគ្រៃពីខាងក្រៅ។ សហគមន៍បានអនុញ្ញាតឲ្យកសិករដាំស្លឹកគ្រៃតែពូជភ្លុកដំរីទេ និងដាំតាមលក្ខណៈស្ដង់ដារបច្ចេកទេស»។ នេះជាការអះអាងរបស់អ្នកស្រី សាមីន ប្រាប់សារព័ត៌មានThmeyThmey25។
 
អ្នកស្រីបន្តថា៖«សព្វថ្ងៃសហគមន៍អាចផ្គត់ផ្គង់គល់ស្លឹកគ្រៃប្រមាណ ៤០តោនទៅ ៥០តោន ក្នុងមួយថ្ងៃទៅរាជធានីភ្នំពេញ។ ហើយគោលដៅរបស់គមន៍ ផលិតឲ្យបាន ២០០តោន ទៅ ៣០០តោន ក្នុងមួយថ្ងៃ តែយើងមិនទាន់គ្រប់តាមគោលការណ៍នោះទេ»។
 
ស្ថិតក្នុងស្រុកអូរបីជាន់ ខេត្តបន្ទាយមានជ័យ សហគមន៍កសិកម្មមានជ័យស្នួលទ្រេត បានចាប់ផ្ដើមគម្រោងនេះ ៣ឆ្នាំ មកហើយនៅទាំងប្រទេស។ អ្នកផ្ដល់ទីផ្សាររូបនេះ ប្រាប់ដូច្នេះ៖«យើងប្រមូលទិញគល់ស្លឹកគ្រៃ ពីកសិករ ក្នុងតម្លៃ ១ ០០០រៀល ក្នុងមួយគីឡូក្រាម និងតម្លៃ ៨០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្លឹកគ្រៃក្រៀម»៕


អ្នកស្រី សុខ សាមីន(រូបពីហ្វេសប៊ុក) 

Tag:
 ស្លឹកគ្រៃ
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com