ជាតិ
រឿង​ក្រោយ​ឆាក​នៃ​ការ​សម្តែង​សៀក​២៤ម៉ោង​​របស់ហ្វារ ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក
28, Mar 2021 , 11:29 pm        
រូបភាព
លោក ប៊ូរ រដ្ឋា សិល្បករសៀក ប្រចាំល្ខោនសៀកកម្ពុជាហ្វារ។ (រូបភាពផ្តល់ឲ្យ) Photo: Courtesy Photo
លោក ប៊ូរ រដ្ឋា សិល្បករសៀក ប្រចាំល្ខោនសៀកកម្ពុជាហ្វារ។ (រូបភាពផ្តល់ឲ្យ) Photo: Courtesy Photo
ដោយ: VOA
ភ្នំពេញ — បើ​ទោះ​ជា​លោក​ ប៊ូរ​ រដ្ឋា មាន​កាយ​សម្បទា​មាំ​មួន​រហ័ស​រហួន​ធ្លាប់​រែក​ទឹក​ជា​ច្រើន​អម្រែក​កាល​ពី​កុមារ​ភាពហើយ​ធ្លាប់ហាត់ និង​សម្តែង​សៀក​ជិត ​២០ ឆ្នាំ​ក៏​ដោយ ការ​សម្តែង​សៀកលើ​ឆាក​ភ្លើង​ពណ៌​ដែល​មានកាមេរ៉ា​នៅ​ពីមុខកំពុង​ផ្សាយ​បន្តផ្ទាល់​ជាប់គ្នា​ពេញ ២៤ម៉ោង​ ១០នាទី​ និង​ ៣០វិនាទី​ មិន​ដូចជាពេល​ទូទៅ​ដែល​លោកសម្តែងសៀក​ឡើយ​។
 
ភ័យផង​រំភើប​ផង បារម្ភ​ផង​ លោក ​ប៊ូរ រដ្ឋា គេង​មិនលក់។ លោក​ប្រាប់វីអូអេ​តាមទូរស័ព្ទ​ពីខេត្ត​បាត់​ដំបង​មកថា៖ «អូរ​ភ័យ...​ភ័យ​មែនទែន...​។​ និយាយ​ឲ្យ​ចំ​ទៅ​មួយ​ថ្ងៃ ២៤ម៉ោងហ្នឹង​ ខ្ញុំ​អត់ដេក​បណ្តោយ ខ្ញុំ​ចេះ​តែ​ភ័យ​ គិត​អារម្ម​ណ៍​ខ្ញុំ​នៅ​អត់​ស្ងប់ទេ ចេះតែ​ចាំ​ ចេញ​ចូលៗ​ដើរ​ចុះ​ដើរ​ឡើង​មើល​រហូត ដូចមាន​អារម្មណ៍​ខុស​ប្លែក​ដូចយើង​រំភើប​ផង​អី​ផង»​។​
 
កាលពីថ្ងៃ​ទី ​៧ និងថ្ងៃ​ទី ៨​ ខែមីនា ឆ្នាំ​២០២១ ​ក្រុមសិល្ប​ករសៀក​និង​សិស្ស​ហាត់​សៀក​ចំនួន​ ៩០ ​នាក់ និង​ក្រុមការងារក្រោយ​ឆាក​ជិត​ ១០០ នាក់ ​ទៀត ​បាន​បង្ហាញផ្ទាំង​ទស្សនីយភាព​សៀក​ដ៏​ពិសេសមួយ។ ពួកគេ​សម្តែង​សៀកពេញ ២ ៤​ម៉ោង​ ដើម្បី​បំបែកកំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោកសម្រាប់ការសម្តែងផ្ទាល់រយៈពេលយូរជាងគេបង្អស់ ​នៅ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ស្ថាប័ន ​Guinness World Records។
 
​មនុស្ស​ជាង ​១ លាន​នាក់​ ទស្សនា​តាម​វីដេអូ​ផ្សាយ​ផ្ទាល់​ចេញ​ពី​រោង​សាលា​សៀក​នៃ​បរិវេណ​សមាគម​ហ្វារពន្លឺសិល្បៈ នៅឯខេត្ត​បាត់​ដំបង ដែល​ជា​ភូមិកំណើត​របស់សិល្បករ​ល្បី​ៗ​ ដូចជាកវី​និពន្ធ​ អ្នកចម្រៀង និង​វិចិត្រករ​ជាដើម​។
 
ក្រៅ​ពី​ចង់បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យជូន​ដល់​ទស្សនិកជន​បរទេស​និង​ខ្មែរ​ក្រុម​សិល្បករនេះមានក្តី​សង្ឃឹម​រួម​មួយ។ ​ពួកគេ​ចង់​ឃើញ​សមាគម​ដែលបានបណ្តុះ​បណ្តាល​ជំនាញ​ដល់សិល្បករច្រើន​ជំនាន់ជាង​ ២៧ ឆ្នាំ​មកហើយ​នោះ​ នៅ​តែ​បន្តដំណើរ​ការដោយ​មិន​បិទ​ទ្វារ ទោះ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​បង្ក​ដោយជំងឺរាតត្បាត​កូវីដ​១៩ ​ក៏​ដោយ។
 
សហគ្រាស​សង្គម​ហ្វារនៅឯ​ខេត្ត​សៀមរាបត្រូវបាន​បង្កើត​ឡើងកាលពី ៨ ឆ្នាំមុន ​ដើម្បី​ផ្តល់ការងារ​និងចំណូល​ដល់សិល្បករដែល​បានពីការ​សម្តែង​សៀក​ឲ្យភ្ញៀវ​ទេសចរបរទេស។ ​ប៉ុន្តែ​ឥឡូវ​នេះ វា​ត្រូវបាន​បិទ​ទ្វា​រ​ ក្រោយ​ពេលមាន​ការផ្ទុះឆ្លងជំងឺ​កូវីដ​ក្នុង​សហគមន៍។
 
ក្រុម​ការងារ​និង​សិល្បករ​សរុប​ជិត​ ២០០​ នាក់​ ចាប់​ផ្តើម​ត្រៀម​ចិត្តត្រៀម​កាយ​ និង​រៀបចំ​គម្រោង​នានា តាំងពី​ជាងពីរ​ខែ​មុន​។​ ឯ​សិល្បករ​សៀកប្រឹងហាត់​សមការ​សម្តែង​តាម​ក្រុមរៀងៗខ្លួនយ៉ាង​ស្វិតស្វាញជាង​មួយ​សប្តាហ៍​មុន​ថ្ងៃ​សម្តែង។
 
ពេល​វេលានៃការ​ហាត់​សម​បានធ្វើ​ឲ្យ​សាមគ្គីភាព​និងភាព​ស្និទ្ធស្នាល​របស់​ក្រុម​សិល្បករ​ហាក់​ដូចជា​ត្រឡប់​មកវិញដែរ។ នេះ​ជា​ការលើកឡើង​របស់​សិល្បករ ​ប៊ូរ​ រដ្ឋា​។
 


លោក ប៊ូរ រដ្ឋា សិល្បករសៀក ប្រចាំល្ខោនសៀកកម្ពុជាហ្វារ។ (រូបភាពផ្តល់ឲ្យ)
 

សកម្មភាពសម្តែងរបស់ក្រុមសៀកហ្វារពន្លឺសិល្បៈ ដើម្បីព្យាយាមបំបែកឯតទគ្គកម្មពិភពលោករបស់ Guinness សម្រាប់ការសម្រាប់ការសម្តែងរយៈពេលដ៏យូរបំផុត។ (រូបថតដោយ Scott Sharick)
 
«ពេល​ខ្លះ​ក៏ខ្ញុំ​ក្តុក​ក្តួល​ក្នុងអារម្មណ៍ដែរ​។ ដូចថា​... យើងតស៊ូ​ដើម្បី​រស់ ទាំងអស់​គ្នា​អញ្ចឹង​ណា​។​ហើយ​យើង​ខំប្រឹងធ្វើ... និយាយ​ឲ្យចំ​ទៅបាន​មកសម្តែង​បំបែក​ឯតទគ្គ​កម្ម​ហ្នឹង​ទោះបីថា​នឿយ​ហត់​ ឬអស់​កម្លាំង​យ៉ាង​ម៉េច​យ៉ាង​ណាក៏ដោយ ធ្វើ​យ៉ាង​ម៉េច អីម៉េច​ខ្ញុំ​មិន​ដឹងទេសំខាន់ ​គឺថា​ខ្ញុំ​ខំ​ប្រឹងធ្វើ​ឲ្យ​ដល់​ទី​បញ្ចប់ ខំ​ប្រឹង​ឲ្យ​ដល់​ម៉ោង​បញ្ចប់​ទាំងអស់​គ្នាជុំគ្នា​តែម្តង​។ ​និយាយ​ឲ្យចំ​អារម្មណ៍​អារម្មណ៍ដូចគ្នា​ឬ​ពួកគេ​ខ្លាំងជាងខ្ញុំទៀតផង​ខ្ញុំ​មិនដឹង​»​។​
 
លោក រដ្ឋា និយាយ​ថា​ ការ​ហាត់​សម​និង​ត្រៀម​ខ្លួន​បន្ដ​រហូត​ដល់​ពេល​រៀបឡើង​ឆាក​សម្តែង​ពិត​ប្រាកដ​តែ​ម្តង។
 
«និយាយ​ឲ្យ​ចំ​ទី១ យើង​ហ្វឹក​ហាត់​ធម្មតា​តាម​អ្វីៗ ដែល​យើង​មាន​ស្រាប់​អស់​ហើយ។ បន្ទាប់​មក​បាន [មុន​ឡើង​ឆាក]យើង​ចាប់​ដៃ​គ្នា យើង​ប្រមូល​អារម្មណ៍ យើង​ស្ងាត់​មួយ​នាទី ពីរ​នាទី​អី​អញ្ចឹង​ទៅ ដើម្បី​យើង​តាំង​ចិត្ត អារម្មណ៍។ បន្ទាប់​មក​យើង​ដាក់​ដៃ​លើ​គ្នា​ស្រែក​មួយ​វើស​ទាំង​អស់​គ្នា អញ្ចឹង​ទៅ យើង​ចាប់ផ្តើម​ធ្វើ​ការ​យក​តែម្តង ចេញ​សម្តែង​យក​តែ​ម្តង»។
 
នៅ​ពេល​សិល្បករ​សៀក​ ប៊ូរ រដ្ឋា​ វ័យ​ ៣០ ឆ្នាំ ​ទទួល​បាន​ដំណឹង​តាមទូរស័ព្ទ​ថា ហ្វារ​ពន្លឺ​សិល្បៈ​នឹង​រៀបចំ​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភព​លោកលោក​កំពុង​ប្រកបរបរ​ផ្សេងមួយ ​ដើម្បី​រក​ចំណូល​នៅ​ពេលរោង​សម្តែង​របស់​ហ្វារ​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​បិទ​ទ្វារ​។​ លោក​កំពុង​រវល់​ដឹក​ជញ្ជូនគ្រឿង​សំណង់​ឲ្យហាង​លក់​គ្រឿង​សំណង់​មួយ​ នៅ​ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​ស្រុក​កំណើត​របស់​លោក។
 
រដ្ឋា​ សុំ​ច្បាប់ថៅ​កែ​របស់​លោក​ជាងមួយ​សប្តាហ៍​ ដើម្បី​ត្រៀម​ខ្លួនហាត់​សម​សៀកឡើង​វិញ​។​ គាប់ជួន​ថៅ​កែ​របស់ ​រដ្ឋា ជាមនុស្ស​ស្រលាញ់​សិល្បៈ​ដែរ​ ក្រៅ​ពី​អនុញ្ញាត​ឲ្យ​ រដ្ឋា ឈប់​សម្រាក​ពេញ​សម្រាប់​ការ​ហាត់​សម​ លោក​ថែម​ទាំង​តាម​ដាន​ការ​សម្តែង​បំបែក​កំណត់​ត្រា​ឯត​ទគ្គកម្ម​នោះ។​លោក​ក៏​បាន​បរិច្ចាគ​ថវិកា​ក្នុង​កម្មវិធី​រៃ​អង្គាស​ប្រាក់​ទ្រទ្រង់​ហ្វារ​ពន្លឺ​សិល្បៈ​ផង​ដែរ​។
 
រដ្ឋា​ និយាយថា​ នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ធំ​ធេង​មួយ​ដល់​សិល្បករ។
 
រដ្ឋា ​ធ្លាប់​ជា​សិស្ស​សាលា​សៀក​នៃអង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ កាល​ពី​អំឡុង​ឆ្នាំ​ ២០០៣។​ ការ​ដែល​លោកចូល​ហាត់​សិល្បៈ​នេះ​អាច​ជា​ទេព​កោសល្យ​ពី​កំណើតផង ​និង​ដោយសារ​ជីវភាព​ផង​។​ កាល​នោះ​ ​គ្រូៗ​សិល្បៈ​ដែល​មក​ពី​សមាគម​ហ្វារ បាន​ចុះ​តាម​ភូមិ ហើយ​ឃើញ​គ្រួសាររបស់ រដ្ឋា ​ស្ថិត​ក្នុង​ជីវភាព​ក្រី​ក្រ​លំបាក​ ក៏​នាំ​លោក​ចូល​រៀន​ជំនាញ​សិល្បៈ​នេះ​។
 
 
 
បង​ប្រុស​របស់លោក​មានទេព​កោសល្យខាង​គំនូរ។ ចំណែក ​រដ្ឋា​ ដែល​មាន​កាយសម្បទា​រឹងមាំ រហ័ស​រហួន ដោយ​ធ្លាប់​រែកទឹក​សណ្តែក​ឲ្យ​ម្តាយ​លក់ មាន​ទេពកោសល្យ​ខាង​សៀក​។ លោក​ធ្លាប់ចេញ​ទៅហាត់​សៀក​បន្ត​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​ ២០០៩ និង​បន្ត​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ថែម ​២ ​ឆ្នាំ​។ នៅ​ឆ្នាំ ២០​១៣ លោក​ចាប់​ផ្តើម​ចេញ​សម្តែង​ជា​អាជីព​នៅ​ខេត្តសៀម​រាប​។
 
លោក ​ប៊ូរ រដ្ឋា​ និង​ដៃ​គូ​សម្តែង​របស់​លោក​អ្នក​នាងជួប​ កញ្ញា ​វ័យ ​២៥ ​ឆ្នាំ សម្តែង​ឈុត​ឆាក​ធំៗ ​ចំនួន​ ៥ ​រួមគ្នា។ ក្នុង​នោះ​មាន​ឈុត​បើក​ឆាកឈ្មោះ​ថា ​«សូរ្យគ្រាស​» ​មាន​រយៈ​ពេល​មួយ​ម៉ោង ​ចាប់​ផ្តើម​នៅ​ម៉ោង ​៨ ​ព្រឹក។​ ឈុត​ចុង​ក្រោយ​ដែល​អ្នក​ទាំង​ពីរ​សម្តែង​គឺ​នៅ​ម៉ោង​ ៤ ​ទៀប​ភ្លឺ​ នា​ថ្ងៃ​បន្ទាប់​ គៀក​ម៉ោង​ផ្តាច់​ព្រ័ត្រ​។ ក្នុង​ចំណោម​នោះ​មាន​ឈុតរឿង​មួយ មាន​ចំណងជើង​ថា​ «ដូច​គ្នា​ តែ​ខុស​គ្នា​» ឬ "Same Same But Different"​។
 
«ដូចគ្នាតែ​ខុស​គ្នា​»​ រៀបរាប់​ពី​សាច់​រឿងតួ​ឯតមួយ​គូរ​ជា​ជន​បរទេសមក​លេង​ស្រុក​ខ្មែរ​ ហើយបាន​ឃើញ​ប្រជាជន​ខ្មែរ​រីករាយ​នឹង​ធម្មជាតិ​ ដោយ​ការ​ប្រឡែងគ្នា​លេងក្រោម​តំណក់​ទឹក​ភ្លៀង​។​ ឈុត​ប្រជាជន​រត់​លេង​ក្រោម​តំណក់​ភ្លៀង​ មាន​តួអង្គ​ជា​ច្រើនបញ្ចេញ​ក្បាច់​សៀក​រៀង​ៗ​ខ្លួន​។ តួ​ជន​បរទេសស្រី​ប្រុសសម្តែង​ដោយលោក ​ប៊ូរ រដ្ឋា និង​អ្នកនាង ជួប​ កញ្ញា​។ ពួក​គេបង្កើតសុភមង្គល​មួយ​ ដោយ​បោះ​ឆត្រ​និង​កាបូប​ចោល​ រួច​រត់​លេង​ក្រោម​តំណក់​ទឹក​ភ្លៀង​ដែរ​។​
 
ឈុត​នោះ​គេ​ឃើញ​រដ្ឋា​ស្លៀក​ខោ​ខៅប៊ូយ​ និង​អាវក​ឌុប​ពណ៌​ស មាន​ហោប៉ៅ​ពីរ​សង​ខាង ​រីឯ​ដៃ​គូ​របស់​លោក​ស្លៀក​រ៉ូប​ពណ៌​ក្រហម​ពង​ជីង​ចក់​។​ ទាំង​ពីរ​នាក់​ហក់​ចុះ​ហក់​ឡើង​តោង​ខ្សែ​ក្រណាត់​ព្យួរ​នឹង​រ៉ក​ និង​បន្ត​ប្រកៀក​គ្នា​ពត់​ពែន​ខ្លួន​យ៉ាង​ទន់​ និង​រស់​រវើក​ ស្រប​ពេល​ដែល​ខ្សែ​រ៉ក​បន្ត​ទាញ​ពួក​គាត់​ឡើង​លើ រហូត​ដល់​ជើង​ផុត​ពី​ដីខ្ពស់​ជិត​ដល់​ដំបូល​ឆាក​។​ អ្នក​ភ្លេង​ចាក់​សំឡេង​ទឹក​ភ្លៀង ​អម​ដោយ​ការ​លេងភ្លេង​កំដរ​ឆាក។ អ្នក​មើល​ហ៊ោ​កញ្ជ្រៀវ​ នៅ​ពេល​ដែល​ពួក​គេ​ស្ញើច​ស្រៀវ​ម្តងៗ​។
 
កញ្ញា ​បារម្ភ​អំ​ពី​សុវត្ថិភាពរបស់​ក្រុម​សិល្ប​ករ​ ជា​ពិសេស​អ្នក​ដែលមាន​ម៉ោង​សម្តែង​កណ្តាល​អធ្រាត្រ។​
 
នាង​និយាយថា៖ «ខ្ញុំ​ចូល​គេង​ម៉ោង​ដប់​ភ្ញាក់​ម៉ោង ​២ ​ភ្លឺ។ ប៉ុន្តែ វា​អត់​ស្រួល​វា​អត់​ប្រក្រតី​ដូច​យើង​លេង​(សម្តែង​)​ធម្មតា។ បច្ចេកទេស​យើង​ធ្វើ​មាន​ធ្លាក់​ មាន​អីហើយ​ភ្លេច​ភ្លាំង​។ ខ្ញុំ​អត់​ភ្លាត់​ទេ​គ្រាន់​តែ​ថា ​ខ្ញុំ​រាង​អស់​កម្លាំង​និង​ឈឺ​សាច់​ដុំ»។
 
កញ្ញា បាននិយាយបន្ថែមថា៖ «បច្ចេក​ទេស​ខ្លះ​ខ្ញុំ​ឡើង​អត់​ជាប់ ធ្វើ អត់​បាន​ល្អ ​(ជាពិសេស​) អា​ពេល​ម៉ោង​៤ភ្លឺ​។ តែ​អត់​មាន​បញ្ហា​អីទេ។​ ដោយសារ​តែ​ខ្ញុំ​លេង​ពី​ក្រុម​មុនៗ ​វា​ខ្លាំង​មកហើយ​ចឹង​ទៅ​ទ្រោម​សាច់​ដុំ​ទ្រោម​ខ្លួន​»។
 
​បើទោះ​ជា​ខ្លួន​ជា​សិល្បករសៀក​អាជីព​អស់​រយៈ​ពេល​ជាង ​៧ ឆ្នាំ​មក​ហើយ​ក៏​ដោយ​ កញ្ញា ថា​ការ​សម្តែង​ជាប់​គ្នា ២៤ ​ម៉ោង​នេះ​ ជា​បទ​ពិសោធន៍​មិន​ដែល​មាន​ពី​មុន​មក និង​មាន​ការ​លំបាក​ច្រើន​។​ កញ្ញាត្រូវ​ធ្វើ​អ្វី​ៗ​ដោយ​រហ័ស​បំផុត​ សូម្បី​តែការស្លៀក​ពាក់​និង​ផាត់មុខ​។ នាង​ត្រូវ​ផាត់​មុខ​ដោយខ្លួន​ឯង​ ឲ្យ​ស្រប​តាម​ឈុត​ឆាក​សម្តែង​។ គ្រាន់​តែ​ក្រុម​មុនៗ បញ្ចប់​សាច់​រឿង​ភ្លាម ពួក​គេ​ត្រូវ​ឲ្យ​សញ្ញាទៅ​ក្រុម​បន្ទាប់​។​ កញ្ញា​ឈរ​រង់ចាំ​នៅ​ក្រោយ​ឆាក​អន្ទះ​អន្ទែង​ រង់​ចាំ​គេ​ឲ្យ​សញ្ញា​។​
 


កញ្ញា ជួប កញ្ញា សិល្បករសៀក ប្រចាំល្ខោនសៀកកម្ពុជាហ្វារ។ (រូបភាពផ្តល់ឲ្យ)
 
 
 
​កញ្ញា​ ប្រាប់​វីអូអេ​ថា​៖​ «ខ្ញុំ​បារម្ភ​ខ្ញុំ​ភ័យ​មែន​ទែន​។ មិន​មែន​បារម្ភ​តែ​ខ្លួន​ឯង​ទេ​ បារម្ភ​ពី​សិល្បករ​ទាំង​អស់។ ភាគ​ច្រើន​ខ្ញុំ​បារម្ភពេល​លេង​ទៀប​ភ្លឺ​។​ សិល្បករ​យើង​លេង​ច្រើន​ក្រុម​។ យើង​អត់​សូវ​បាន​សម្រាក​ច្រើន​។​ មុន​ពេល​លេង​ ខ្ញុំ​ភ័យៗ​ឡើង​ចង់​គ្រុន​ខ្លួន​ឯង​។ ភ័យ​ថា​លេង​អត់​បាន​ល្អ ​ខ្លាច​មាន​អ្នក​មាន​គ្រោះ​ថ្នាក់»។​
 
កញ្ញាបានបន្ថែមថា៖ «ពេល​ឡើង​លើ​ឆាក គឺ​ដោយសារ​ខ្ញុំ​ធ្លាប់​ទទួលអស់​ហើយ​ធ្លាប់​លេង​ពី​មុនៗ​មក គឺ​ត្រូវ​តែ​សម្រុក ត្រូវ​តែ​ខំ​អស់ពី​សមត្ថ​ភាព»។
 
នៅ​យប់​រំលង​អធ្រាត្រ​នៃ​ការ​សម្តែង ​អ្នក​ខ្លះ​ហូប​គ្រាប់​ឪឡឹក​លេង ​អ្នក​ខ្លះ​ផឹក​ទឹក​ផ្លែ​ឈើ​ស្រស់​ផ្អែមៗ​កាហ្វេ តែ​ ញ៉ាំ​ផ្លែ​ក្រូច​ ឬ​ផឹក​ថ្នាំ​វីតា​មីន ដើម្បី​ជួយឲ្យអារម្មណ៍​ស្វាហាប់​និង​ចៀស​វាង​ការ​អស់​កម្លាំង​ជ្រុល។ ក្រៅ​ពី​នោះ​មាន​ទឹក​ នំ​នែក​ភេសជ្ជៈ​កំប៉ុង​ និង​បាយ​សម្ល​ជា​ដើម។ ឯ​អ្នក​ខ្លះ​វិញ​សម្ងំគេង​សិន​ដើម្បី​រក្សា​កម្លាំងសម្រាប់​សម្តែង​ឈុត​របស់​ពួក​គេ​នៅ​ពេល​អធ្រាត្រ ​ឬ​ទៀប​ភ្លឺ​។ ឯ​អ្នក​មួយ​ចំនួន​ទៀត​រវល់​មិនបានគេង​រហូតដល់​ទៅ ​៤៨ ម៉ោង​។
 
លោក ​ប៊ូរ​ រដ្ឋា​ រៀប​រាប់​អនុស្សាវរីយ​នោះ​ថា៖​ «ស្រាប់​តែ​ជិត​ដល់​ម៉ោង​សិស្ស​ប្អូន​ខ្ញុំ​ ដែល​ចេញ​នោះ គាត់​ព្រឹក​ពេក​រាង​អស់​កម្លាំង​នោះ​ គាត់​រាង​ងងុយ​ និយាយ​ឲ្យចំ​គាត់​ថា​ សម្រាក​ទេ​តែ​ដេក​ជ្រុល ដល់​ហើយ​ដាស់​ទៅ គាត់​អត់​ចង់​ងើប​ទាល់​និយាយ​ប្រាប់​ថា​ ជិត​ដល់​ម៉ោង​សម្តែង​អី បាន​គាត់ងើប​មក​ស្ទុះ​វឹង​ផាត់​មុខ​ផាត់​អី​ហើយ​ចេញ​ត​ទៀត... ហើយ​នាំ​គ្នា​សើច​បង្អាប់​គ្នា​លេង​»។
 
ក្រោយ​បញ្ចប់​ការ​សម្តែង​របស់​ខ្លួន​មួយ​ឈុត​ៗ​ សិល្បករម្នាក់​ៗ​ត្រូវ​ឆ្លៀតជួយ​សិល្បករក្រុម​ផ្សេង​ទៀត​ដែល​ត្រៀម​ចូល​សម្តែង​ដោយ​មិន​ទំនេរ​ដៃ​ឡើយ​។
 
«​ចង្កឹះមួយ​កាច់​បាក់​ចង្កឹះ​មួយ​បាច់កាច់​មិន​បាក់​» ។ លោក​ ប៊ូរ រដ្ឋា ​និយាយ​អំពី​ការ​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​សិល្បករ​ដែល​ដឹង​តែ​ពីតស៊ូធ្វើ​យ៉ាង​ណា​ឲ្យ​បាន​រលូននិង​ទទួល​ជោគជ័យ។
 
លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​រួម​គ្នា​ទាំងអស់​។ ចប់​មួយ​រឿង​ត្រូវ​តែ​រៀប​ចូល​មួយរឿង​ទៀត។ ពេល​ដែល​ចប់​រឿង​ហ្នឹង​ ហើយ​ពេល​ដែល​យើង​រៀបចំ​អីវ៉ាន់​ក្រៅ​ឆាក សឹង​តែ ​៥​នាទី​ទេ។ ហើយ​បង​គិតមើល​ន៍​ ៥​នាទី​យើង​រៀប​ម៉េច​? អញ្ចឹង​យើង​ត្រូវ​សហការ​គ្នា​មែន​ទែន ហើយ​វា​តៗៗៗ​ រហូត យើង​អត់​មាន​ថា​យើង​រួច​ខ្លួន​អី​ទេ ចប់​ម៉ោង​ ២៤​ម៉ោង​ហ្នឹង​ បាន​ថា​យើង​ចប់​ទាំង​គ្នា»។
 
 
 
នៅ​ខាង​ក្រៅបរិវេណ​រោង​សៀកវិញ ​ពី​ព្រឹកដល់​អធ្រាត្រ​ឈាន​ដល់​ទៀប​ភ្លឺថ្ងៃ​បន្ទាប់ មនុស្ស​ចេញ​ចូល​មក​មើល​សៀក​នេះ​មិន​ដាច់​ បើ​ទោះ​លក្ខន្តិកៈ​នៃ​ឯតទគ្គកម្ម​នោះ​ត្រូវ​ការ​ទស្សនិក​ជន​មើល​ផ្ទាល់​ត្រឹម ៥០​នាក់ ​ក៏​ដោយ។
 
រដ្ឋា​ និយាយ​ថា​៖ «ទស្សនិក​ជន​ដែល​គាត់​មក​ទស្សនា​ហ្នឹង​ ដល់​ថ្នាក់​គាត់​មក​ឈរ​តម្រង់​ជួរ​យូរ​ពេក ហ្វារ​ក៏បាន​ធ្វើ​ស្លាយ​មួយ​នៅ​ខាងក្រៅ​ នៅ​ទីលាន​វាល​ធំ​ដាក់​ស្លាយ​ហ្នឹង​ គាត់​នាំ​គ្នា​ទៅ​អង្គុយ​នៅ​ក្រៅ​ហ្នឹង​បណ្តោយ ម្នាក់​អង្គុយ​មួយ​ដុប​ៗ ឆ្ងាយ​ពី​គ្នាៗ ខ្លះ​បំពេរ​កូន ខ្លះ​បក់​មូស​ឲ្យ​កូន​ដេក គាត់​អង្គុយ​មើលអញ្ចឹង​បណ្តោយ...​ខ្ញុំ​ឃើញ​អញ្ចឹង​មិន​ដឹង​ថា ​បេះ​ដូង​ខ្ញុំ​នៅ​ឯណា​ទៀត​ទេ វា​រំភើប​ពេក»​។​
 
ទស្សនីយ​ភាព​សម្តែង​សៀក ​២៤​ម៉ោង​នេះ​ មាន​ឈុត​ឆាក​សម្តែង​សរុប​ចំនួន​ ៣១​ សាច់​រឿង​ ដោយ​បូក​បញ្ចូល​ទាំង​សាច់រឿង​ខ្នាត​វែង​រយៈ​ពេល​មួយ​ម៉ោង ​និង​សាច់​រឿង​ខ្លីរយៈ​ពេល ៥ ​ទៅ ​១៥ ​នាទី។​ ការ​បញ្ចូល​ការ​សម្តែង​ឈុតខ្លី​ៗនេះ គឺ​ជា​បច្ចេក​ទេស​មួយ​ប្រើ​សម្រាប់​ពន្យារ​ពេលឲ្យក្រុម​ការងាររៀប​ចំ​ឆាក​សម្តែង​ឈុត​ធំ​ បន្ទាប់ដែល​មាន​រយៈពេល​ដល់ទៅ​ ១​ម៉ោង​។
 
ការ​សម្តែង​នេះ​គួប​ផ្សំ​រវាង​ការ​បង្កើត​ស្នាដៃ​ថ្មី​និងមួយ​ចំនួន​ទៀត​ជា​ស្នាដៃ​សម្តែង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ អម​ដោយ​ភ្លេង​រណ្តំ​ពី​ឧបករណ៍​ភ្លេង​ចម្រុះ ទាំង​បុរាណ​និង​ទាំងសម័យ។​ សាច់​រឿង​នៅ​ក្នុង​ការ​សម្តែង​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ឲ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ពី​មួយ​ឆាក​ទៅ​មួយ​ឆាក​ទៀត​ និង​ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​សង្គម​កម្ពុជា​ តាំង​ពី​សម័យ​អាណានិគមបារាំង របប​ខ្មែរ​ក្រហម ​និង​កម្ពុជានា​ពេល​បច្ចុប្បន្ន និង​មាន​ការ​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​រាប់​រយ​ឈុត​ ទៅ​តាម​ឈុត​ឆាក​សាច់​រឿង និង​បុគ្គលិក​លក្ខណៈរបស់​តួអង្គ​នីមួយៗ។​ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ ឃួន ដេត​ ជា​សហ​ស្ថាបនិក​ហ្វារពន្លឺ​សិល្បៈ។​
 


សកម្មភាពសម្តែងរបស់ក្រុមសៀកហ្វាពន្លឺសិល្បៈ ដើម្បីព្យាយាមបំបែកឯតទគ្គកម្មពិភពលោករបស់ Guinness សម្រាប់ការសម្រាប់ការសម្តែងរយៈពេលដ៏យូរបំផុត។ (រូបថតដោយ Scott Sharick)


លោក ឃួន ដេត សហស្ថាបនិកអង្គការហ្វារពន្លឺសិល្បៈ។ (រូបភាពផ្តល់ឲ្យ)
 
សហស្ថាបនិក​នៃ​សមាគម​ហ្វារ​ពន្លឺសិល្បៈរូប​នេះ​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័​ព្ទ​ពី​ខេត្ត​បាត់​ដំបង​យ៉ាង​ដូច្នេះ​៖​ «យើង​ជា​អ្នក​ទទួល​ខុសត្រូវ ​គឺ​យើង​ត្រូវ​ផ្ទៀង​ផ្ទាត់​ម៉ោង​ បែង​ចែក​តាម​ក្រុម​បណ្តាក់​គ្នា​។​ ក្រុម​នីមួយៗ​មិន​អាច​លេង​ជាប់​គ្នា​រហូត​ទេ​ ព្រោះ​យើង​ត្រូវ​ទុកឲ្យ​គាត់​សម្រាក​ ដើម្បី​យក​កម្លាំង​សម្រាប់​ការ​លេង​បន្ទាប់​»។
 
​ក្រៅ​ពី​ការ​សម្តែងផ្ទាល់នៅលើ​ឆាក​ក្រុម​ការងាររបស់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​បានរៀបចំផ្សាយ​វីដេអូ​បន្តផ្ទាល់ នៅ​លើ​បណ្តាញ​សង្គមយូធ្យូប (Youtube​)​ សម្រាប់សាធារណ​ជន​ក្នុង​ស្រុក​ និងលើ​ពិភព​លោក​ និងសម្រាប់​ក្រុម​ការងារ​ហ្គីន​ណេស ដើម្បី​វាយ​តម្លៃ​។ សមាគម​ហ្វារ​ឲ្យ​ដឹង​ថា ​វីដេអូ​ផ្សាយ​ផ្ទាល់​នៃ​ការ​សម្តែង​នេះ​មាន​អ្នក​ចូល​ទស្សនា​សរុប​ទាំង​អស់​ជាង​ ១ ​លាន​នាក់ ពេល​ផ្សាយ​ផ្ទាល់។
 
លោក ឃួន ដេត ឲ្យដឹងថាការ​សម្តែង​ ២៤ម៉ោង​ជាប់​គ្នា​នេះ​ អាច​សម្រេច​បាន ដោយសារ​មាន​ការ​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​និង​សាមគ្គីភាពពី​ក្រុម​ការងារ​និង​សិល្បករ​ហ្វារពន្លឺ​សិល្បៈ​។
 
«អាច​ថា​ទី ១ ​ជា​កិត្តិយស​សម្រាប់​គាត់។ ​ទី​២​ សម្រាប់​សាលា​ហ្វារ​។ ទី៣​ គឺ​ប្រទេស​កម្ពុជា​យើង​ទាំង​មូល ដើម្បី​ផ្សព្វផ្សាយលើឆាក​អន្តរជាតិ​។ ហើយ​យើង​សង្ឃឹម​ថា ​សិល្បៈ​វប្បធម៌​ដែល​បាត់​បង់យូរ​ហើយយើង​អាច​ធ្វើ​វា​ឲ្យ​ទទួលស្គាល់​ជាប់​ក្នុង​កំណត់​ត្រា​ពិភពលោក​មួយ​»។
 
លោក ហួត តារា ជា​នាយក​ប្រតិបត្តិនៃ​សហ​គ្រាស​សង្គម​ហ្វារ​ បានឲ្យ​ដឹង​ថា លក្ខន្តិកៈ​ពី​ក្រុម​ហ៊ុន​ហ្គីន​ណេស ​(Guinness World Records)​ គឺ​តម្រូវឲ្យមាន​ការ​ផ្តល់​កម្រៃ​ដល់សិល្បករ​ ដែល​ចូលរួមសម្តែង​មិន​ឲ្យ​មានឈុត​ណាមួយ​ដូចគ្នា ​ឬ​ស្រដៀង​គ្នា ការ​ដូរតុប​តែង​ឆាក​ត្រូវ​រហ័ស​ ដោយ​មិនសម្រាក​យូរ​ពេក​ នៅចន្លោះ​ពី​ឈុត​មួយ​ទៅ​ឈុត​មួយ​ និង​ត្រូវ​មាន​ទស្សនិក​ជន​មើល​ផ្ទាល់​យ៉ាង​តិច ៥០​ នាក់។ សមាគម​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ​១ ម៉ឺន ​៥ ពាន់​ដុល្លារ​ លើ​កម្មវិធី​សម្តែង​សៀក​ ២៤​ម៉ោង​ បំបែក​កំណត់​ត្រា​ឯត​ទគ្គកម្ម​ពិភព​លោក​មួយ​នេះ​។
 
​ថ្វី​បើ​ការ​សម្តែង​សៀក​ដ៏យូរ​ជាង​គេ​ដំបូង​បង្អស់​ ដើម្បី​បំបែក​កំណត់​ត្រា​ពិភពលោក​បាន​បញ្ចប់ជា​ស្ថាពរ​ ដូច​បាន​គ្រោងទុក​ក្តី​ វា​មិនរលូន​ឥត​ខ្ចោះនោះ​ទេ​។​ ក្រៅ​ពី​សម្រាកមិន​បាន​គ្រប់​គ្រាន់ ​និង​មាន​អ្នកខ្លះឈឺសាច់ដុំ​ ក្នុង​នោះ​មាន​ការភ្លាត់​ស្នៀត ​រអិល​ដួល និង​ការ​លោត​ខុស​បច្ចេក​ទេស​ខ្លះ​ដែរ​។
 


លោក ​ឃួន​ ដេត​ សហស្ថាបនិក​សមាគហ្វារ​ពន្លឺ​សិល្បៈ​ ឲ្យ​ដឹង​ថា ​រូបលោក​និង​ក្រុមសិល្បករ​សៀក​បាន​មើលឃើញជា​មុននូវ​ឧបសគ្គ​ទាំង​នោះ​ ដូច​នេះ​ពួកគេត្រៀម​អ្នកសម្តែង​ជំនួស​តាម​ជំនាញ​នីមួយៗ។ ពួកគេ​ក៏​ត្រៀម​សម្ភារៈ​ពេទ្យ​សង្គ្រោះ​បឋមនិងក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​ ក្នុង​ករណី​សង្គ្រោះ​បន្ទាន់ ​ឬ​ជួយ​សម្រួល​សរសៃ​សាច់ដុំ​ គ្រេច​ថ្លោះ​ ដល់​ក្រុម​សិល្បករ​។
 
លោក​ ឃួន​ ដេត ពន្យល់​ថា​៖ «ដោយ​សារ​តែ​គាត់​លេង​ច្រើន ពេល​ដែល​មើល​ទៅ​ឃើញ​ថា​ គាត់​ដង្ហក់​ខ្យល់​ ឬ​ក៏​ការ​សម្តែង​គាត់​គ្រោះ​ថ្នាក់​ យើង​ឈប់​ទៅ។​ កន្លែង​ណា​ដែល​កាត់​គាត់​បាន ​យើង​កាត់​គាត់ ឬ​ដាក់​គេ​ឲ្យ​ចូល​ជំនួស​»។
 
ឈុត​បញ្ចប់​ជា​សាច់រឿង​របស់​ក្មេង​ស្រី​កម្ពុជា​ម្នាក់ដើរ​ចូល​ទស្សនា​សារមន្ទីរ និង​មើល​ឃើញ​រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ​កម្ពុជា ដែល​ឆ្លុះបញ្ចាំង​ពី​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់អំណាច​របស់​អ្នកដឹកនាំ​និង​បញ្ហា​សង្គម​នានា។​ ចប់​ឈុត​នេះ ក្រុម​សិល្បករ​ទាំងអស់​ឡើង​លើឆាកជុំគ្នា​ អប​អរ​បិទ​បញ្ចប់​ការ​សម្តែង​។ ​អ្នក​ខ្លះ​ឈរញញឹម ​អ្នក​ខ្លះ​ឈរហូរ​ទឹក​ភ្នែក ​អម​ដោយ​សំឡេង​ទះ​ដៃ​ហ៊ោ​កញ្ជៀវ​ពី​ទស្សនិកជន។​
 
​អ្នក​នាង ជួប កញ្ញា​ នៅ​ចង​ចាំពី​ក្តីរំភើប​ក្តុក​ក្តួល​ពេល​នោះ​។
 
នាងនិ​យាយថា​៖ «ពេល​សម្តែង​ចប់​ភ្លាម គេ​អប​អរគ្រប់​គ្នា​។ ខ្ញុំ​ក៏​អរ​ដូច​គ្នា​ តែ​ខ្ញុំ​អរ​អត់​ចេញ​ស្រែក​អត់ចេញ​»។​ មាន​អារម្មណ៍​ថា ​មាន​មោទន​ភាព​ដែល​ពួកយើង​ទាំងអស់​គ្នា​អាច​ធ្វើបាន​។​ ពេល​ហ្នឹង​ ខ្ញុំហ៊ោ​អត់​កើតទេ ​ខ្ញុំ​ឈរយំ​»​។​
 
​ខណៈ​ពេល​ដែល​សមាគម​ហ្វារ​ពន្លឺសិល្បៈកំពុង​ទន្ទឹង​រង់​ចាំ​លទ្ធផល​នៃ​ការ​បំបែក​កំណត់​ត្រា​ឯតទគ្គកម្ម​ពិភព​លោកពី ​Guinness World Records ដែល​រំពឹង​ថា ​នឹង​ចេញ​នៅ​រយៈពេល​ ៣​ ឬ​ ៤​ខែខាង​មុខ​ ក្រុម​សិល្បករ​ក៏​មាន​ក្តី​សង្ឃឹម​ថា​ នេះ​មិន​មែន​ជា​ការ​សម្តែង​លើក​ចុង​ក្រោយ​នោះ​ទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com