ជាតិ
កវី អ៊ុក សំអាត ខំនិពន្ធបទភ្លេងនិងទំនុកច្រៀង តាមដំណើររៀមច្បងទសវត្សរ៍៦០
28, Mar 2021 , 9:39 pm        
រូបភាព
ភ្នំពេញ៖ ជាតន្ត្រីករក្នុងអំឡុងទសវត្សរ៍៦០ លោក អ៊ុក សំអាត ដែលបច្ចុប្បន្នមានវ័យ៧៩ឆ្នាំ បានប្រឹងប្រែងវិវឌ្ឍន៍ខ្លួន ទៅជាអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងតាមរយៈទេពកោសល្យលេងតន្ត្រីរបស់លោក។ បានបន្តការងារជាអ្នកនិពន្ធ ដែលជាចំណង់ចំណូលចិត្ត កវី អ៊ុក សំអាត ថាការតែងនិពន្ធរបស់លោក ទាំងបទភ្លេង និងទំនុកច្រៀង គឺយកតាមគំរូកវីជំនាន់មុន ដើម្បីរក្សាតន្ត្រីនិងចម្រៀងរសជាតិខ្មែរ។


តទៅនេះសូមអញ្ជើញប្រិយមិត្តស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖





 
ជាតន្ត្រីករឧបករណ៍ស្គរនិងឧបករណ៍មួយចំនួនទៀត តាំងពីសម័យសង្គមរាស្ត្រនិយម លោក អ៊ុក សំអាត ដែលបច្ចុប្បន្នមានជន្មាយុ៧៩ឆ្នាំ បានវិវឌ្ឍន៍ខ្លួនទៅជាអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង ដោយរក្សារសជាតិចម្រៀងលំនាំទសវត្សរ៍ឆ្នាំ៦០។ មានតួនាទីជាទីប្រឹក្សានៃក្រសួងព័ត៌មាន កវី អ៊ុក សំអាត បច្ចុប្បន្នកំពុងបន្តអាជីព តែងនិពន្ធបទចម្រៀង ដែលគាត់ស្រឡាញ់តាំងពីក្មេង ដោយសហការជាមួយសិស្សជំនិតឈ្មោះ ម៉ៃ វឌ្ឍនា។  
 
អង្គុយក្នុងបន្ទប់ស្ទូរឌីយោ ដែលស្ថិននៅតំបន់សំណង់១២ក្នុងរាជធានីភ្នំពេញ កវី អ៊ុក សំអាត បានបញ្ជាក់បន្ថែមដូច្នេះ៖«នៅក្នុងរាជការក៏ខ្ញុំសរសេរបទចម្រៀង ហើយនៅខាងក្រៅខ្ញុំសហការណ៍ជាមួយលោក ម៉ៃ វឌ្ឍនា គឺជាសិស្សជំនិតរបស់ខ្ញុំ។ ខ្ញុំសហការណ៍ជាមួយលោក វឌ្ឍនា បើគិតទៅខ្ញុំនិពន្ធចម្រៀងនិងបទភ្លេងបានប្រហែលជា១០០បទហើយ តាំងពីឆ្នាំ២០១៥មក»។
 
រាល់ពេលតែងនិពន្ធបទភ្លេងឬទំនុកច្រៀង តន្ត្រីករជើងចាស់រូបនេះ តែងធ្វើកាយវិកាដៃ មុខមាត់ រួមទាំងខ្លួនប្រាណទាំងមូល យោលទៅតាមចង្វាក់ដែលលោកបានកំណត់ ដែលមើលទៅអារម្មណ៍មនុស្ស បានកំពុងវេញជាមួយទំនុកភ្លេងយ៉ាងស្អិតរមួត។ 
 
សហការផលិតបទចម្រៀង ជាមួយសិស្សជំនិតបានជាច្រើនបទ កវីដែលមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះ បញ្ជាក់ថាក្នុងចំណោមបទចម្រៀង ដែលលោកស្រឡាញ់ទាំងអស់ បទ”កោះអណ្ដែត” គឺជាបទដែលលោកស្រឡាញ់ជាងគេ។
 
រៀបរាប់ក្នុងទឹកសំដីហ្មត់ចត់លោក អ៊ុក សំអាត ពន្យល់៖«និយាយរួមខ្ញុំស្រឡាញ់បទចម្រៀងដែលខ្ញុំនិពន្ធទាំងអស់។ ខ្ញុំស្រឡាញ់ខ្លឹមសារដែលលោក ម៉ៃ វឌ្ឍនា គាត់និពន្ធ គឺគាត់និពន្ធបានល្អណាស់។ ខ្ញុំនិពន្ធជាមួយគាត់ មានបទបែបមនោសញ្ចេតនា មានសប្បាយ មានកម្សត់។ បទចម្រៀង ”កោះអណ្ដែត” ខ្ញុំពេញចិត្តខ្លាំងមែនទែន ខ្ញុំខំរកនឹកច្នៃយ៉ាងម៉េច ដើម្បីរៀនសូត្រតាមកវីរៀមច្បងរបស់យើង»។
 
ធ្លាប់បានធ្វើការក្នុងវិស័យសិល្បៈចម្រៀង និងតន្រ្តីជាមួយរៀមច្បង នៅក្នុងទសវត្សរ៍ឆ្នាំ៦០ ក្នុងនាមជាតន្ត្រីករ លោក អ៊ុក សំអាត បានប្រឹងប្រែងសិក្សាស្វែងយល់ ពីដំណើរតែងនិពន្ធបទចម្រៀង កាលពីសម័យមុនរៀងរាល់ថ្ងៃ។ បើកបទចម្រៀងដែលស្រឡាញ់ពេញចិត្តស្ដាប់ដណ្ដើរ ហើយពន្យល់ប្រាប់ខ្ញុំបណ្ដើរ កវី អ៊ុក សំអាត ថាលោកត្រូវរៀនសូត្រច្រើនទៀត ពីបែបបទនៃការតែងនិពន្ធរបស់កវីជំនាន់មុន ដែលមានស្នាដៃខ្ពស់៖«មិនមែនយើងគិតថា យើងធ្វើ(និពន្ធ)ជារបស់យើងហើយ មានតែយើងនោះទេ គឺថាយើងត្រូវរៀនសូត្រពីចរិតរបស់កវីរៀមច្បង។ 
 
ក្នុងការតាក់តែងនិពន្ធ យើងមិនអាចលុបបំបាត់នូវកេរដំណែលរបស់គាត់ ដែលគាត់បន្សល់ទុកឱ្យយើង ដើម្បីរៀនសូត្រស្វែងយល់ គួបផ្សំទាំងបទភ្លេងនិងទំនុកច្រៀង របៀបរបបរៀបសម្រួលតន្ត្រីនោះទេ។ ត្រូវតែរក្សា ព្រោះយើងជាខ្មែរ។ ទាំងបទភ្លេងនិងចម្រៀង យើងត្រូវតែធ្វើវាឱ្យចេញជាចរិតខ្មែរ។ មិនមានមូលហេតុអ្វីទេ គឺត្រូវតែរក្សាតែម្ដង ដើម្បីកុំឱ្យបាត់ពណ៌សម្បុរបស់ជាតិ ព្រោះយើងជាខ្មែរ បទចម្រៀងគឺខ្មែរ»។ 
 
ប្រឹងប្រែងនិពន្ធទំនុកច្រៀងថ្មី និងបទភ្លេងថ្មី ដោយរក្សានូវពណ៌សម្បុរនិងរសជាតិសិល្បៈតន្ត្រីខ្មែរ តន្ត្រីករខ្លុយដែក ដែលមានផ្ទៃមុខជ្រីវជ្រួញ សក់ស្កូវល្បាយអាចម៍ខ្លារូបនេះ ថាក្នុងនាមលោកជាខ្មែរ លោកនៅតែប្រកាន់ខ្ជាប់ របៀបតែងនិពន្ធបង្ហាញអត្តសញ្ញាណជាតិ៖«មិនមែនខ្មែរ ប៉ុន្តែបទចម្រៀងទៅជាបារាំង អាមេរិកកាំងនោះទេ ព្រោះចរិតបរទេសផ្សេង ចរិតខ្មែរយើងផ្សេង មិនអាចលាយឡំគ្នាបានទេ ក្នុងការដែលយើងសរសេរបទបែប យកទៅអួតប្រាប់គេ យើងមិនអាចទៅច្រៀងបទរបស់គេ ចរិតរបស់គេទៅឱ្យគេស្ដាប់បានទេ គេមិនស្ដាប់ជាដាច់ខាត។ គេត្រូវការអ្វីដែលជាពណ៌សម្បុររបស់យើង ហ្នឹងបរទេស។ បើយើងចង់បង្ហាញទៅគេ យើងត្រូវបង្ហាញអ្វីដែលជាយើង តើយើងជាអ្វី? ខ្ញុំចង់រក្សានូវខ្លឹមសារឱ្យខ្ជាប់ របស់ខ្ញុំក៏ដូចជារបស់ជាតិ»។ 
 
ក្នុងវ័យកាន់តែជ្រេនេះ លោក អ៊ុក សំអាត ម្ចាស់បទ”ភាសាទ្រូងម្ដាយ” មិនអាចកំណត់បានឡើយ ថាលោកត្រូវការពេលប៉ុន្មានថ្ងៃ ដើម្បីអាចតែងនិពន្ធទំនុកម្រៀង ឬបទភ្លេងបានមួយបទ ដ្បិតអីការតាក់តែងត្រូវពឹងលើអារម្មណ៍ជាចម្បង។ ធ្លាប់និពន្ធបទចម្រៀងបាន២០បទ ក្នុងរយៈពេលប្រហែលតែមួយខែ កាលពីមុនសម័យសង្គ្រាមប៉ុលពត ប៉ុន្តែពេលនេះលោក អ៊ុន សំអាត ទំនងធ្វើមិនបានឡើយ៖«បើនិយាយពីរឿងចំណាយពេល គឺមិនទៀងទេ ទៅលើអារម្មណ៍របស់យើងល្អ។ និយាយពីរឿងបទបែប ថ្ងៃណាខ្ញុំអារម្មណ៍ល្អ ឬខ្ញុំសប្បាយចិត្ត សរសេរលឿនទេ មួយភ្លែតបាន ប៉ុន្តែគ្រាន់តែថាយើងសម្រេចថាយកឬមិនយក គឺនៅលើយើង។ ប៉ុន្តែបើថ្ងៃណាមិនសប្បាយចិត្ត រកនឹកតែបន្តិចក៏រកមិនឃើញដែរ។ បើកក្បាលបទរកនឹកមិនឃើញទេ ព្រោះអារម្មណ៍ខ្ញុំវិលវល់ អត់សប្បាយចិត្តផង រកនឹកសរសេរមិនឃើញទេ។ ការតែងនិពន្ធយើងត្រូវសម្រួលអារម្មណ៍ឱ្យបានល្អ ឱ្យបានសប្បាយ ឱ្យឃើញទិដ្ឋភាពហ្នឹង ឱ្យថ្លាតែម្ដង»។
 
កវី អ៊ុក សំអាត ដែលនិពន្ធទំនុកច្រៀង និងសម្រួលតន្ត្រីបានរាប់រយបទ គឺចាប់តាំងពីឆ្នាំ២០១៥មកនោះ  ថាការតែងនិពន្ធដែលចង់បានគុណភាពខ្ពស់ មិនមែនជារឿងងាយសម្រាប់លោកទៀតឡើយ ព្រោះអារម្មណ៍របស់លោកភាគច្រើនផ្លាស់ប្ដូរមិនទៀងទាត់នោះឯង៖«ដើម្បីរកបានក្បាលបន្តិចមកហ្នឹង ចាប់ផ្ដើមដំបូងហ្នឹងមិនងាយរកឃើញទេ ប៉ុន្តែបើបើកបានហើយ អាចទៅបណ្ដើរៗបានហើយ។ អារម្មណ៍របស់ខ្ញុំល្អពេលណាអត់ទៀងទេ ជួនកាលកំពុងតែសប្បាយ វាទៅជាវេទនាចិត្ត។ ប៉ុន្តែភាគច្រើន អារម្មណ៍ដែលល្អមែនទែន ពេលទៀបភ្លឺ។ កាលណាយើងចង់តាក់តែងនិពន្ធ ឬចង់បង្កើតអ្វីមួយ ទាល់តែអារម្មណ៍យើងល្អ»។ 
 
បើទោះបីជាមានវ័យកាន់តែចាស់ទៅហើយក្ដី ប៉ុន្តែកវី អ៊ុក សំអាត នៅតែមានកម្លាំងកាយ រួមទាំងការចងចាំបានយ៉ាងល្អ។ ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តន្ត្រីករជើងចាស់រូបនេះ តែងឆ្លៀតពេលជិះកង់ហាត់ប្រាណជាមួយសិស្សជំនិត។ ក្នុងពេលជិះកង់ហាត់ប្រាណនោះ បុរសដែលពោរពេញដោយទេពកោសល្យ សិល្បៈក្នុងខ្លួនរូបនេះ អាចឆ្លៀតនិពន្ធទំនុកច្រៀង ឬបទភ្លេងបាន ក៏ព្រោះតែដំណើរនោះ លោកបានជួបទិដ្ឋភាពកម្រៗមួយចំនួន ដែលមិនងាយរកបាននោះឯង។ 
 
មានទម្លាប់យកសៀវភៅ ឬក្រដាស រួមទាំងប៊ិកដាក់តាមជាប់ខ្លួនជានិច្ច ដូចជាអ្នកនិពន្ធគ្រប់រូបបានធ្វើដែរ លោក អ៊ុក សំអាត ថាពេលគំនិតថ្មីណាមួយផុសឡើង លោកត្រូវកត់ត្រាទុកភ្លាម បើពុំដូចនោះទេ វានឹងរលាយបាត់ទៅ ដោយមិនត្រឡប់មកវិញឡើយ៖«គ្រាន់តែឃើញខ្លឹមសារ ហើយអារម្មណ៍ខ្ញុំល្អ ខ្ញុំសរសេរទុកសិន មិនកំណត់ថាយើងយកទេ ប៉ុន្តែបទហ្នឹងគឺជាមូលដ្ឋានមួយសម្រាប់យើងធ្វើដំណើរតទៅទៀត បើមិនអ៊ីចឹងទេ មិនងាយទេ។ គួបផ្សំខ្លឹមសារ តើកម្សត់ ឬសប្បាយ ឬមួយយ៉ាងម៉េច។ ដូចខ្ញុំសរសេរបទ “កោះអណ្ដែត” ខ្ញុំមើលខ្លឹមសារម្យ៉ាងទៅ ត្រូវប្រើចង្វាក់ហ្នឹង ត្រូវប្រើឧបករណ៍មួយណា លេងយ៉ាងម៉េចឱ្យទៅតាមសាច់បទ យើងប្រើពេលវេលាសម្បើមណាស់»៕ 
 

Tag:
 ចម្រៀង
 សិល្បៈ
 បទភ្លេង
© រក្សាសិទ្ធិដោយ thmeythmey.com