ជាតិ
សុខភាព
អ្នកវ៉ាក់សាំងកូវីដ-១៩ កើនដល់ជាង៣៧ម៉ឺននាក់
28, Mar 2021 , 10:19 pm        
រូបភាព
ភ្នំពេញ៖ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា  បានកើនដល់ជាង៣៧ម៉ឺននាក់ហើយ ដោយគិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

 
ក្នុងចំណោមមនុស្សជាង៣៧ម៉ឺននាក់ខាងលើ ដែលបានចាក់វាក់សាំងបង្ការកូវីដ-១៩  មានជាង២៤,៧ម៉ឺននាក់ ជាពលរដ្ឋអាទិភាព និង ជិត១៣ម៉ឺននាក់ទៀត ជាកងកម្លាំងយោធា។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨មីនានេះ ចំនួនពលរដ្ឋអាទិភាពជិត២៣ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងរួចនោះ គឺមានជិត១០ម៉ឺននាក់ ចាក់វ៉ាក់សាំង COVISHIELD។ 
 
កម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំង Sinopharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង COVISHIELD លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ 
 
កន្លងមកកម្ពុជា បានទទួលវ៉ាក់សាំងជាង៩២ម៉ឺនដូស ដោយក្នុងនោះ មានវ៉ាក់សាំង Sinopharm ចំនួន៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន និង ជាង៣២ម៉ឺនដូសទៀត ជាវ៉ាក់សាំង COVISHIELD ដែលកម្ពុជាបានតាមរយៈយន្តការ COVAX។ ចំពោះ វ៉ាក់សាំង Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិនក្នុងតម្លៃ១៥លានដុល្លារ បានមកដល់កាលពីថ្ងៃទី២៦មីនា ឆ្នាំ២០២១នោះ គឺមិនទាន់បានប្រើទេ។  
 
ក្នុងពិធីទទួលវ៉ាក់សាំង Sinovac ចំនួន១,៥លានដូសពីចិន លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានអះអាងថា កម្ពុជានឹងមានវ៉ាក់សាំងបង្ការកូវីដ-១៩ ជាហូរហែរសម្រាប់ចាក់ជូនប្រជាជនយ៉ាងតិច១០លានដូស នៅដំណាច់ឆ្នាំ២០២១។
 
សូមជម្រាបថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយបន្ថែមរបស់ចិន នឹងមកដល់កម្ពុជា នៅថ្ងៃទី៣១មីនា ខាងមុននេះផងដែរ៕
 

Tag:
 COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com