ជាតិ
លោក បេន ដេវីស៖«កុំគិតថា បច្ចុប្បន្នសំខាន់ជាងអនាគត បើបរិស្ថានថយ មានដីក៏គ្មានប្រយោជន៍»
28, Mar 2021 , 11:58 pm        
រូបភាព
 លោក បេន ដេវីស ឈរច្រត់ចង្កោះ
លោក បេន ដេវីស ឈរច្រត់ចង្កោះ
ព្រះវិហារ៖ ជាអ្នកអភិរក្សធនធានធម្មជាតិ មានព្រៃឈើ និងសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក លោក បេន ដេវីស (Ben Devis) ដែលជាជនជាតិអាមេរិក បានចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីសម្បត្តិធម្មជាតិកម្ពុជា។ មកដល់ដែនដីខ្មែរតាំងពីឆ្នាំ១៩៩២ ហើយនៅឆ្នាំ២០០៤ បានចាប់ផ្ដើមធ្វើការលើការអភិរក្សព្រៃឈើនិងធម្មជាតិ រហូតដល់បច្ចុប្បន្ន លោក បេន ដេវីស សង្កេតឃើញថាប្រជាជនកម្ពុជាមួយចំនួន ហាក់គិតខ្លីចំពោះទស្សនៈថែរក្សាព្រៃឈើនិងសត្វព្រៃ សម្រាប់ថ្ងៃអនាគត។



តទៅនេះសូមប្រិយមិត្ត អញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយមេត្រីភាព៖






មានវ័យ៥៤ឆ្នាំ បុរសជនជាតិអាមេរិកឈ្មោះ បេន ដេវីស បានមកដល់ប្រទេសកម្ពុជាដំបូងក្នុងឆ្នាំ១៩៩២ ដោយធ្វើការផ្នែកអភិវឌ្ឍន៍ជនបទ។ នៅឆ្នាំ២០០៤ លោក បេន ចាប់ផ្ដើមធ្វើការលើការអភិរក្សព្រៃឈើនិងធម្មជាតិខ្លះៗ ហើយនៅឆ្នាំ២០១២ លោកចាប់ផ្ដើមធ្វើការងារនេះពេញម៉ោង។
 
បច្ចុប្បន្នលោក បេន ដេវីស បានប្រែក្លាយដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ឱ្យទៅជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ បន្ថែមលើការការពារ និងអភិរក្សព្រៃឈើនិងសត្វព្រៃ។ ការកែប្រែតំបន់នេះឱ្យទៅជាតំបន់ទេសចរណ៍ ក៏ជាផ្នែកមួយជួយកាត់បន្ថយបទល្មើសផ្សេងៗក្នុងតំបន់នេះផងដែរ។
 
ឆ្លងកាត់បទពិសោធការងារ ផ្នែកបរិស្ថាននៅកម្ពុជាអស់ជាច្រើនឆ្នាំ លោក បេន ដេវីស បានសង្កេតឃើញថា ប្រជាជនខ្មែរមួយចំនួន ហាក់មិនបានខ្វល់ពីហានិភ័យទៅថ្ងៃអនាគត នៅពេលព្រៃឈើត្រូវបានបាត់បង់ឡើយ៖«ខ្ញុំគិតថាទាំងប្រជាជន ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសបងប្អូននៅជនបទ គួរគិតវែងឆ្ងាយ កុំគិតថាបច្ចុប្បន្នវាសំខាន់ជាងអនាគត។ ខ្លះគេគិតថា ហូបសិន ចាយសិន ហើយគិតដោះស្រាយធនាគារក្រោយ។ បើធនាគារយើងអាចរកលុយសងគេក្រោយបាន ប៉ុន្តែបើបរិស្ថានថយ អាកាសធាតុប្រែប្រួល ឧទាហរណ៍យើងធ្លាប់ចាប់ដី ដើម្បីដាំស្វាយចន្ទី ឬដាំសណ្ដែកសៀង ប្រសិនបើអាកាសធាតុក្ដៅពេក អត់ទឹកភ្លៀង ដាំអត់ដុះ វាទៅជាមិនមានប្រយោជន៍អ្វីទេ»។ 
 
កំពុងអង្គុយលើឈើងាប់វែងមួយ ដែលគេយកមកធ្វើជាកៅអី សម្រាប់អង្គុយសម្រាកនៅខាងមុខផ្ទះកណ្ដាលព្រៃ នាម៉ោងប្រហែល៨យប់ លោក បេន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា នៅពេលដែលប្រជាជនខ្មែរទាំងអស់ គិតតែដោះស្រាយបញ្ហាបច្ចុប្បន្ន ដោយមិនខ្វល់ពីផលប៉ះពាល់នៅថ្ងៃអនាគត នោះមនុស្សនឹងមានវិបត្តិទាំងនៅទីក្រុង និងជនបទ៖«ចុងក្រោយដីហ្នឹងត្រូវតែចោល ព្រោះវាមិនអាចដាំដំណាំបាន។ មានន័យថាយើងពិបាកទាំងអស់គ្នា ទាំងអ្នកទីក្រុងក៏ពិបាក ទាំងអ្នកជនបទក៏ពិបាក។ ដូច្នេះយើងត្រូវតែគិត យើងចង់ចំណាយបច្ចុប្បន្ននេះ ឬយើងចង់សន្សំដើម្បីអនាគត។ ខ្ញុំជឿថារាល់ថ្ងៃនេះ គឺអ្នកភូមិនៅក្នុងតំបន់នេះ គេអត់បានគិតអនាគតទេ គេគិតតែបច្ចុប្បន្នទេ បើយើងនិយាយរឿងអនាគត គេថាមិនបាច់និយាយទេ ហ្នឹងគិតក្រោយ គេត្រូវគិតដោះស្រាយបញ្ហាពេលនេះ»។
 
បានខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើរួមទាំងសត្វព្រៃនៅកម្ពុជា អស់ជាច្រើនឆ្នាំ បុរសកូន២នាក់ ដែលបាននាំទាំងគ្រួសារទៅរស់នៅក្នុងព្រៃជាមួយលោកផងនោះ បញ្ជាក់ថា បើទោះបីជាគេខំប្រឹងប្រែងដាំឈើឡើងវិញយ៉ាងណាក៏ដោយ ក៏មិនអាចល្អដូចព្រៃធម្មជាតិដែរ។ ហើយបើចង់ឱ្យព្រៃធម្មជាតិដុះឡើងច្រើនដូចដើម គឺត្រូវការពេលរាប់រយឆ្នាំ ដូច្នេះមនុស្សគួរថែរក្សាព្រៃធម្មជាតិប្រសើរជាង៖«គេជួយដាំដើមឈើ គេជួយចូលរួមហើយ ប៉ុន្តែបើគិតតែបច្ចុប្បន្ន មានន័យថាគេចង់ចំណាយបច្ចុប្បន្ននេះឱ្យអស់សិន កាប់លក់សិន ទៅជាវាលរហោឋាន វាមិនដុះមកវិញលឿនទេ។ ព្រៃធម្មជាតិយើងចំណាយពេលរាប់រយឆ្នាំទើបបានដូចដើម»។

 
អ្នកការពារបរិស្ថានរូបនេះ ពិតជាបានសង្កេតឃើញដែរថា យុវជនកម្ពុជាមួយចំនួន ពិតជាចង់ធ្វើការងារលើការលើកស្ទួយបរិស្ថានដែរ ហើយលោកក៏យល់ដែរថា ពួកគេនៅមានរនាំងជាច្រើន ដែលមិនអាចធ្វើអ្វីតាមដែលខ្លួនចង់បាន៖«ខ្ញុំយល់ថាយុវជនមួយចំនួនធំគេចាប់អារម្មណ៍ខ្លាំង ហើយគេធ្លាប់លើកទឹកចិត្តខ្ញុំដែរ តាមហ្វេសប៊ុក ខ្ញុំជឿថាទឹកចិត្តគេល្អ ហើយធំទូលាយ គេចង់ចូលរួមការពារព្រៃឈើ ប៉ុន្តែគេមិនដឹងធ្វើម៉េចទេ។ វាពិបាកណាស់សម្រាប់គេ ព្រោះគេមិនមានអំណាចទេ ម្នាក់ឯងធ្វើអត់កើត បើមនុស្សច្រើនធ្វើបាន ប៉ុន្តែក៏ត្រូវតែប្រថុយខ្លះដែរ បើមិនប្រថុយខ្លះប្រហែលជាមិនជោគជ័យទេ»។
 
ធ្វើដំណើរលើនាវាការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា អស់រយៈពេលប្រហែល១៧ឆ្នាំមកនេះ លោក បេន បានជួបរឿងរ៉ាវជាច្រើន ដែលពេលខ្លះស្ទើរតែធ្វើឱ្យលោកបាត់បង់ជីវិតផងក៏មាន។ ប៉ុន្តែទោះជាយ៉ាងណា ការប្រឹងប្រែងទាំងនោះ បានធ្វើឱ្យលោកទទួលលទ្ធផលប្រសើរដល់បច្ចុប្បន្ន៖«វាមិនស្រួលទេ វាមិនដោះស្រាយមួយភ្លែតទេ ខ្ញុំនៅទីនេះ៨ឆ្នាំ ខ្ញុំមើលឃើញថាទើបតែថ្មីៗនេះ មានការរីកចម្រើនខ្លាំង បើ៤ទៅ៥ឆ្នាំដំបូងមិនដឹងស្លាប់ឬរស់ទេ។ ក្មេងៗខ្មែរបើធ្វើដូចខ្ញុំស្លាប់ហើយ ខ្ញុំដោយសារជាបរទេស ស្បែកស ជួនកាលគេខ្លាចយើងតិចៗ បើខ្មែរគ្នាគេដូចជាក្នុងសហគមន៍ខ្ញុំនេះ ខ្ញុំធ្លាប់ទៅជាមួយគេ គេអាចសម្លាប់តែម្ដង។ គេរកសម្លាប់ខ្ញុំខ្លះដែរ ប៉ុន្តែគេខ្លាចជាងខ្មែរ គេខ្លាចមានបញ្ហាជាមួយក្រសួង ជាមួយស្ថានទូត ខ្ញុំអត់ដឹងទេ»។
 
តាមពិតទៅដំបូងឡើយ លោក បេន ដេវីស មិនបានចាប់អារម្មណ៍មកការពារព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់ ភ្នំត្នោត-ភ្នំពក នេះឡើយ ប៉ុន្តែដោយសារនៅតំបន់ព្រៃធំៗដែលលោកពេញចិត្ត ត្រូវបានកាប់បំផ្លាញ ទើបលោកសម្រេចចិត្តមកទីនេះ៖«បើប្រៀបធៀបព្រៃនៅទីនេះ និងព្រៃនៅក្បែរៗនេះពីមុន ព្រៃនេះមិនសូវល្អប៉ុន្មានទេ វាធម្មតា វាក្រោមមធ្យម ប៉ុន្តែនៅតំបន់ផ្សេងៗ វាត្រូវបានបំផ្លាញរួចហើយ ដូច្នេះព្រៃនៅទីនេះដូចជាល្អ ដូចជានៅតាមស្ទឹងមានដើមឈើធំៗច្រើន គគី ឈើទាល កកោះ ធ្នង់។ ខ្ញុំសប្បាយចិត្តនឹងបានជួយសង្គ្រោះឈើសំខាន់ៗខ្លះ»។

លោគ នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន (បង់កក្រមា) និង លោក បេន ដេវីស នៅនៅខាងឆ្វេងដៃលោក នេត ភក្រ្តា 

ក្រៅពីរក្សាបានព្រៃឈើ ក៏ដូចជាដើមឈើកម្រៗមួយចំនួន នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក លោក បេន ដេវីស ក៏បានការពារសត្វព្រៃកម្រៗ ទាំងសត្វស្លាបនិងសត្វជើងបួន បានជាច្រើនផង។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នលោក បេន ក៏កំពុងប្រឹងប្រែងផ្សាំងសត្វព្រៃទាំងនោះ ឱ្យសាំងនឹងមនុស្សផងដែរ ដើម្បីអាចឱ្យភ្ញៀវទេសចរណ៍ងាយស្រួលឃើញពួកវា៖«សត្វព្រៃជើងបួនមាន២៦ប្រភេទ ដែលយើងរាប់។ សត្វដែលយើងគិតខ្លាំងជាងគេ គឺទន្សោង បន្ទាប់ពីហ្នឹង ប្រើស ហ្នឹងសត្វធំ បើយើងអាចនាំភ្ញៀវទៅឃើញ ហ្នឹងល្អមែនទែន។ យើងចង់ការពារសត្វ ដើម្បីយើងចង់ឱ្យភ្ញៀវមកមើលឃើញ យើងចង់ផ្សព្វផ្សាយថាកន្លែងនេះមានសត្វព្រៃកម្រ ប្រសិនបើគេចង់ឃើញ នោះគេអាចមកទីនេះបាន»។ 
 
បើទោះបីជាការងារអភិរក្សដែលលោកកំពុងតែធ្វើ ពុំទាន់ទទួលបានលទ្ធផល គួរជាទីពេញចិត្តពេញលេញក៏ពិតមែន ប៉ុន្តែលោកនៅតែលើកទឹកចិត្តខ្លួនឯងជានិច្ច ដើម្បីបន្តការងារនេះទៅមុខទៀត៖«យើងប្រៀបធៀប៥ឆ្នាំមុន ឬ១០ឆ្នាំមុន យើងមកអាចថាវាកំពុងល្អ ឬវាកំពុងធ្លាក់ ប៉ុន្តែពេលនេះកំពុងឡើងបន្តិច ដែលយើងអាចទទួលយកបាន។ ដើម្បីលើកទឹកចិត្តខ្លួនឯង ខ្ញុំតែងគិតថា ការងារនេះវាមិនអាចជោគជ័យក្នុងពេលមួយភ្លែតទេ ដូច្នេះយើងរស់នៅក្នុងសេចក្ដីសង្ឃឹម»។ 
 
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីជាង ៤ម៉ឺន២ពាន់ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប។ ក្រៅពីជីវចម្រុះ និងធនធានធម្មជាតិ ដូចជាភ្នំ ព្រៃឈើ ស្ទឹងបឹងបួ និងសត្វព្រៃនោះ តំបន់អេកូទេសចរណ៍ BeTreed ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក៏បានក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញផងដែរ៕
 

Tag:
 បរិស្ថាន
  ព្រៃ
  សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com