អន្តរជាតិ
តំណាងរាស្ត្រកូស្តារីកាម្នាក់បន្តគេងក្នុងបន្ទប់ប្រជុំសភាដើម្បីតវ៉ាប្រឆាំងនឹងច្បាប់រំលូតកូន
× តំណាងរាស្ត្រគណបក្សអភិរក្សនិយមម្នាក់នៅកូស្តារីកា បានទៅស្នាក់នៅក្នុងបន្ទប់ប្រជុំពេញអង្គសភា ដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ភាពស្របច្បាប់លើការរំលូតកូន។
«វាជាសេចក្តីព្រាងច្បាប់មួយដែលប្រឆាំងនឹងការកើតរបស់មនុស្សជាតិ»។ អ្នកស្រី Nidia Cespedes បានថ្លែងប្រាប់ AFP តាមទូរសព្ទ ដោយអ្នកតំណាងរាស្ត្រពីគណបក្សអភិរក្សសាធារណរដ្ឋមួយនេះ បញ្ជាក់ថា អ្នកស្រីនៅតែមិនយល់ចំពោះស្ត្រីមួយចំនួនដែលចង់បានភាពស្របច្បាប់លើការរំលូតកូន។
ក្នុងកិច្ចប្រជុំសភា អ្នកស្រី Nidia បានអង្គុយនៅចំពោះមុខថ្នាក់ដឹកនាំសភា និងនៅពីមុខសមាជិកសភាផ្សេងទៀត។ អ្នកស្រីបន្តស្នាក់នៅទីតាំងដដែលនោះនៅពេលយប់ ហើយបន្តរហូតដល់សភាចាប់ផ្តើមការងារនៅថ្ងៃបន្ទាប់។ អ្នកស្រីបានសម្រេចចិត្តបែបនេះ រហូតទាល់តែមានការសម្រេចចិត្តណាមួយពីរដ្ឋាភិបាល។
ចាប់តាំងពីដើមខែមីនានេះមក អង្គការក្រៅរដ្ឋាភិបាលកូស្តារីកា បានដឹកនាំចលនាផ្តួចផ្តើមឲ្យមានសេចក្តីស្នើច្បាប់មួយដែលឈានដល់ការលុបទោសទណ្ឌទាក់ទងនឹងការរំលោភកូន។ មុននឹងដាក់សេចក្តីស្នើច្បាប់ទៅសភា អង្គការនេះ ទទួលបានញត្តិគាំទ្រប្រមាណ១៧០ ០០០នាក់។
សេចក្តីព្រាងច្បាប់ គ្រោងអនុញ្ញាតឲ្យស្ត្រីដែលពរពោះបាន១៤សប្តាហ៍មានសិទ្ធិរំលូតកូន ខណៈបច្ចុប្បន្នច្បាប់នៅកូស្តារីកា អនុញ្ញាតឲ្យមានការរំលូតតែក្នុងលក្ខខណ្ឌដែលគ្រោះថ្នាក់ដល់សុខភាព ឬហានីភ័យដល់ជីវិតស្ត្រីមានផ្ទៃពោះប៉ុណ្ណោះ។
ក្រុមបណ្តាញការពារសិទ្ធិនារីជាច្រើននៅអាមេរិកឡាទីន នាំគ្នាទាមទារភាពស្របច្បាប់ស្តីពីការបញ្ចប់ការមានផ្ទៃពោះដោយស្ម័គ្រចិត្ត (IVG)។ អាហ្សង់ទីន កាលពីថ្ងៃទី១៤ ខែមករា បានអនុម័តសេចក្តីព្រាងច្បាប់នេះ ជាមួយនឹងការអនុញ្ញាតឲ្យមានការរំលូតកូនដោយគ្មានលក្ខខណ្ឌសម្រាប់ការពរពោះរហូតដល់១៤សប្តាហ៍ ប៉ុន្តែគុយបា អ៊ុយរូហ្គា គុយយ៉ាន និងបណ្តារដ្ឋផ្សេងទៀត បង្ហាញជំហរប្រឆាំងដាច់ខាត។
នៅកូស្តារីកា អ្នកស្រី Nidia មិនចង់ឲ្យមានការពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់នេះឡើយ ដោយអ្នកស្រីបានតវ៉ាចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមីនា ហើយបន្តបោះទីតាំងនៅក្នុងបន្ទប់ប្រជុំសភាបន្ថែមពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា។
លោក Eduardo Cruickshank ប្រធានសភាកូស្តារីកា បានអះអាងថា រាល់តម្រូវការផ្សេងៗដូចជាសេវាកម្មសុខាភិបាល និងម្ហូបអាហារ ខាងសភាមិនទទួលខុសត្រូវឡើយ ដោយសារបុគ្គលិកប្រចាំការនៅសភា ត្រូវឈប់សម្រាក ដូច្នេះអ្នកស្រី Nidia ត្រូវទទួលបន្ទុកដោយខ្លួនឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com