អន្តរជាតិ
មនុស្ស៥នាក់របួស និងជិតមួយពាន់នាក់ត្រូវជម្លៀស ក្រោយភ្លើងឆេះរោងចក្រចម្រាញ់ប្រេងនៅ ឥណ្ឌូណេស៊ី
29, Mar 2021 , 4:29 pm        
រូបភាព
រូបថត Kompas
រូបថត Kompas
ក្រុមហ៊ុនប្រេងឥណ្ឌូណេស៊ី Pertamina នៅថ្ងៃទី២៩ ខែមីនា បានអះអាងថា ខ្លួនបានបិទរោងចក្រ ចម្រាញ់ប្រេង Balongan ដែលស្ថិតនៅកោះជ្វាខាងលិច ដើម្បីគ្រប់គ្រងអគ្គិភ័យដ៏ធំមួយ ដែលធ្វើឱ្យ មនុស្ស៥នាក់រងរបួស និងប្រមាណ៩៥០នាក់ទៀតដែលរស់នៅក្បែរនោះ ក៏ត្រូវបានជម្លៀសចេញ ភ្លាមៗ។

 
 
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌូណេស៊ីបានរាយការណ៍ថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅ រោងចក្រ Balongan តាំងពីយប់ថ្ងែទី២៨ ខែមីនា ហើយបន្តឆេះនៅថ្ងៃទី២៩ ។ ក្រុមហ៊ុនប្រេង Pertamina បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ភ្លើងបានឆាបឆេះ អំឡុងពេល មាន អាកាសធាតុមិនសូវល្អ។ 
 
«មូលហេតុបណ្តាលឱ្យមានអគ្គិភ័យនេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែនៅខណៈពេលមានឧប្បត្តិ ហេតុ មានភ្លៀងធ្លាក់ខ្លាំងនិងរន្ទះ»។ នេះជាការលើកឡើងរបស់ក្រុមហ៊ុន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pertamina លោក Ifki Sukarya អះអាងថា មនុស្ស ៥ នាក់រងរបួសដោយសារការរលាកភ្លើង និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមិនមានបុគ្គលិករបស់ក្រុមហ៊ុន Pertamina ណាម្នាក់ត្រូវ រងរបួសឡើយ។ ភ្លើងឆេះយ៉ាងខ្លាំង នៅត្រង់កន្លែងស្តុកប្រេងរបស់រោងចក្រ តែមិនប៉ះពាល់ដល់ ផ្នែក កែច្នៃឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
 
អ្នកនាំពាក្យរបស់មន្រ្តីប៉ូលិសនៃកោះជ្វាខាងលិច លោក Erdi Chaniago បានអះអាងថា ប៉ូលិសនឹង ចូលរួមនៅក្នុងការស៊ើបអង្កេតចំពោះមូលហេតុនៃអគ្គិភ័យនេះ តែត្រូវរងចាំរហូតភ្លើងរលត់អស់ជាមុន សិន។
 
ពាក់ព័ន្ធនឹងការខូចខាត ក្រុមហ៊ុនត្រូវជួសជុលរោងចក្រឡើងវិញ និងអាចចំណាយពេលរាប់ខែដែល ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។ នាយកប្រតិបត្តិ នៃក្រុមអ្នកឃ្លាំមើល ថាមពលរបស់ឥណ្ឌូណេស៊ីលោក Mamit Setiawan សង្ឃឹមថា រោងចក្រចម្រាញ់ប្រេងរបស់ Pertamina មួយផ្សេងទៀតនៅភាគកណ្តាលនៃកោះជ្វា អាចជួយបំពេញកង្វះខាតការផ្គត់ផ្គង់ប្រេងឱ្យបានឆាប់រហ័សជំនួសរោងចក្រ Balongan។
 
សូមបញ្ជាក់ថា រោងចក្រ Balongan ជារោងចក្រចម្រាញ់ប្រេងធំជាងគេមួយរបស់ Pertamina ដែលធ្វើការកែច្នៃប្រេងឆៅបូមមកពីអណ្ដូងរ៉ែនៅ Duri និង Minas ក្នុងខេត្ត Riau របស់ឥណ្ឌូណេស៊ី។ រោងចក្រនេះដំណើរការចម្រាញ់ប្រេងដើម្បីផ្គត់ផ្គង់ដល់រដ្ឋធានីហ្សាកាតា និងទៅតំបន់ភាគខាងលិច នៃកោះជ្វា៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com