មន្ត្រីចិន ប្រាប់ក្រុមហ៊ុនបស្ចិមលោកកុំយកបញ្ហានយោបាយ ទៅពាក់ព័ន្ធការទិញកប្បាសនៅស៊ីនជាំង
អន្តរជាតិ
មន្ត្រីចិន ប្រាប់ក្រុមហ៊ុនបស្ចិមលោកកុំយកបញ្ហានយោបាយ ទៅពាក់ព័ន្ធការទិញកប្បាសនៅស៊ីនជាំង
29, Mar 2021 , 7:59 pm        
រូបភាព
ចំការកប្បាសតំបន់ស៊ីនជាំង។ រូបភាព៖Xinhua
ចំការកប្បាសតំបន់ស៊ីនជាំង។ រូបភាព៖Xinhua
មន្ត្រីតំបន់ស៊ីនជាំង អះអាងថា ក្រុមហ៊ុនអន្តរជាតិមួយចំនួនដូចជា H&M ជាដើមមិនគួរសម្រេចចិត្តបែបប្រញាប់ ប្រញាល់ ឬជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយឡើយ។ ការព្រមានរបស់មន្ត្រីចិនបែបនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុន អន្តរជាតិទាំងនោះលើកឡើងសេចក្តីបារម្ភទាក់ទងទៅនឹងការសង្ស័យជុំវិញពលកម្មដោយបង្ខំ ក៏ដូចជាអំពើប្រល័យ ពូជសាសន៍ក្នុងតំបន់នោះ។


ពលរដ្ឋចិនមួយចំនួនធំ ចាប់ផ្តើមពហិការមិនទិញទំនិញក្រុមហ៊ុនរបស់ក្រុមហ៊ុនបស្ចិមលោក ស្របពេលដែល អង់គ្លេស អាមេរិក និងសហភាពអឺរ៉ុបរួមគ្នាដាក់ទណ្ឌកម្មលើមន្ត្រីតំបន់ស៊ីនជាំងដែលជាប់ការសង្ស័យពីការបំពាន សិទ្ធិមនុស្ស។ រដ្ឋាភិបាលអាមេរិក ថែមទាំងបានចោទប្រកាន់រដ្ឋាភិបាលចិនជាសាធារណៈចំពោះការប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍ប្រឆាំងជនជាតិភាគតិចមូស្លីមវីហ្គ័រថែមទៀតផង។
 
«ខ្ញុំគិតថា ក្រុមហ៊ុនមិនគួរយកបញ្ហានយោបាយទៅពាក់ព័ន្ធ ទៅនឹងសកម្មភាពសេដ្ឋកិច្ចឡើយ»។ នេះជាការលើក ឡើងរបស់លោក Xu Guixiang អ្នកនាំពាក្យរដ្ឋបាលតំបន់ស៊ីនជាំងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា។ លោក Xu និយាយថាការប្រញាប់ប្រញាល់សម្រេចចិត្តដែលពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មជារឿងដែលមិន សមហេតុសមផល។
 
អ្នកប្រើប្រាស់បណ្តាញសង្គមចិន កាលពីសប្តាហ៍មុនបានចាប់ផ្តើមចែកចាយសេចក្តីថ្លែការណ៍ របស់ក្រុមហ៊ុន H&M កាលពីឆ្នាំ២០២០ ដែលលើកឡើងពីការឈប់ទិញកប្បាសពីតំបន់ស៊ីនជាំង។ គ្រានោះ H&M អះអាងថា បញ្ហាស្មុគស្មាញក្នុងការបញ្ជាក់ពីប្រភពរបស់កប្បាសក្រោយរបាយការណ៍ស្តីពីពលកម្មដោយបង្ខំជាហេតុជំរុញឱ្យខ្លួនលែងយកកប្បាសពីតំបន់នោះ។
 
លោក Elijan Anayat អ្នកនាំពាក្យរដ្ឋបាលតំបន់ស៊ីនជាំងមួយរូបផ្សេងទៀតអះអាងថា ពលរដ្ឋចិនមិនចង់ទិញ ផលិតផលរបស់ក្រុមហ៊ុនដូចជា H&M និង Nike ដែលឈប់ទិញកប្បាសតំបន់ស៊ីនជាំង។ លោក Elijan និយាយ ថា ចិនស្វាគមន៍ក្រុមហ៊ុនទាំងឡាយណាដែលចង់បំពេញទស្សនកិច្ចទៅកន្លែងដាំកប្បាស និងពិនិត្យដោយផ្ទាល់នូវ អ្វីដែលកំពុងកើតឡើង។
 
អាមេរិកបានថ្កោលទោសយុទ្ធនាការលើបណ្តាញសង្គមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតចិនចំពោះ ពហិការមិនទិញផលិតផលរបស់ក្រុមហ៊ុនអាមេរិក និងអន្តរជាតិ ដែលប្តេជ្ញាចិត្តមិនទិញផលិតផលកប្បាសពី តំបន់ស៊ីនជាំង។ អាមេរិកថែមទាំងចោទថា ចលនាបង្កើតឡើងដោយអាជ្ញាធរចិនទៀតផង។ 
 
នាខែមករា ឆ្នាំ២០២១ អាមេរិកបានប្រកាសហាមឃាត់ការនាំចូលកប្បាស និងប៉េងប៉ោះទាំងអស់ដែលផលិតក្នុង តំបន់ស៊ីនជាំង ដោយសង្ស័យពីពលកម្មដោយបង្ខំពីសំណាក់ជនជាតិភាគតិចមូស្លីមវីហ្គ័រ។ រដ្ឋាភិបាលបស្ចិមលោក ក៏ដូចជាក្រុមសិទ្ធិមនុស្សបានចោទប្រកាន់អាជ្ញាធរចិនចំពោះការឃុំខ្លួន និងធ្វើទារុណកម្មជនជាតិភាគតិចទាំងនោះ ខណៈអ្នកដែលធ្លាប់បានឃុំខ្លួនអះអាងថា មានការអប់រំមនោគមវិជ្ជានៅទីនោះផងដែរ៕
 

Tag:
 ចិន
  អាមេរិក
  EU
© រក្សាសិទ្ធិដោយ thmeythmey.com