រថយន្ត
ល្បឿនកំណត់ និងសីលធម៌របស់អ្នកបើកបរ
29, Mar 2021 , 8:19 pm        
រូបភាព
ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ រូបថត Google Maps
ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ រូបថត Google Maps
ដោយ ម៉ាសាតូ កូតូ
 
មានផ្លូវ-មានសង្ឃឹម គឺជាក្តីរំពឹងរបស់ប្រជាកសិករ និងពលរដ្ឋគ្រប់រូប ដោយសារផ្លូវថ្មីផ្តល់បង្កភាពងាយស្រួលដល់ការចរាចរណ៍ទំនិញ កសិផលផ្សេងៗ និងការធ្វើដំណើរទៅមកផង។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈគម្រោងកែលម្អផ្លូវជនបទជំហានទីពីរ បានប្រែក្លាយផ្លូវលំក្រួសក្រហម និងផ្លូវដី ច្រើនជាង១២០០គម ឱ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុងសម្រាប់ទីតាំងដែលមានទឹកលិចក្នុងរដូវវស្សា។  ប្រជាពលរដ្ឋជាច្រើន បានទទួលផលប្រយោជន៍ពីសមិទ្ធិផលទាំងនោះ និងមានការសាទរយ៉ាងក្រៃលែង។

 
ទន្ទឹមគ្នានឹងក្តីអំណរ ការព្រួយបារម្ភអំពីសុវត្ថិភាពក៏បានកើតមានដូចគ្នា។ ចំនួនយានយន្តធ្វើដំណើរ បានកើនឡើងសន្ធឹកសន្ធាប់ ដោយប្រែពីភូមិស្ថានដែលធ្លាប់មានតែ រទេះគោ ក្របី ម៉ូតូ ឬរថយន្តមួយៗ ធ្វើចរាចរលើផ្លូវដី យ៉ាងស្ងៀមស្ងាត់ ទៅជាអ៊ូរអរពោរពេញទៅដោយយានយន្តគ្រប់ប្រភេទ ហើយយាន្តយន្តខ្លះបើកបរលឿនហួសប្រមាណ។ អ្វីដែលគួរឱ្យតក់ស្លុតនោះ គេសង្កតឃើញមានស្នាមថ្នាំពណ៌ស ខ្លះគូសវាសជារង្វង់កង់ឡាន ខ្លះទៀតជាគំនូសព្រួញទិសដៅ ដែលបានបញ្ជាក់យ៉ាងច្បាស់ពីវត្តមានគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចនោះនាពេលថ្មីៗ។ 
 
មួយទសវត្សរ៍ចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតមនុស្សលើដងផ្លូវ អស់ប្រមាណជា ២០,០០០នាក់។ បន្ថែមពីនោះ វាក៏បណ្តាលឲ្យមានជនរងគ្រោះរបួសធ្ងន់ធ្ងរជាច្រើនម៉ឺននាក់ផ្សេងទៀតដែលបានធ្លាក់ខ្លួនពិការ 
ជាអចិន្ត្រៃយ៍។ ក្នុងចំណោមកត្តាបង្ករគ្រោះថ្នាក់នេះ ការបើកបរលើសល្បឿនកំណត់មានភាគរយខ្ពស់ជាងគេ ដែលវាមានរហូតដល់ទៅ ៣៥% នៃចំនួនអ្នកស្លាប់សរុប ។ 
 
គួរកត់សម្គាល់ផងដែរថា ជនរងគ្រោះដែលស្លាប់មានអាយុចន្លោះពី១៥ ដល់២៩ឆ្នាំ មានរហូតដល់ ៤១%  អ្នកស្លាប់ជាកសិករមានភាគរយខ្ពស់ជាងគេ គឺ៣៤% កម្មករមាន ២៨% និងសិស្សមាន ១២%។  តើមានអ្វីនៅពីខាងក្រោយមូលហេតុនេះ? 
 
តាមពិតទៅ ពលរដ្ឋភាគច្រើនទទួលស្គាល់ថា ការបើកបរហួសល្បឿនដែលច្បាប់បានកំណត់ ប្រឈមនិងហានីភ័យគ្រោះថ្នាក់ចរាចរណ៍ និងអាចត្រូវបានមន្រ្តីនគរបាលចរាចរណ៍ពិន័យជាប្រាក់ផងដែរ។ ក៏ប៉ុន្តែនៅពេលត្រូវសមត្ថកិច្ចចាប់ពិន័យ ពួកគេចាប់ផ្តើមលើកយកមូលហេតុជាច្រើន ដើម្បីសុំសម្រាលនូវទោសកំហុសខ្លួន។ ខ្លះលើកមូលហេតុថា ខ្លួនមានការប្រញាប់បន្ទាន់ រងសម្ពាធការងារ ដោយត្រូវទៅឱ្យទាន់ពេលកំណត់ និងខ្លះទៀតថា ខ្លួនកំពុងសាកកម្លាំងម៉ាស៊ីនយានយន្ត ជាដើម។ 
 
តើលោកអ្នកដែលតែងតែបើកបរលឿន មានបានពិចារណាទេថា វាអាចមានករណីអាសន្ន ឬហេតុការណ៍ប្រថុចញ៉ុច ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ដូច្នេះ តើលោកអ្នកមានពេលដោះសារ បង្ហាញគេឯងឲ្យបានដឹងទេ?  បើលោកអ្នកស្លាប់អ្វីៗគ្រប់យ៉ាងសម្រាប់អ្នកនឹងត្រូវបញ្ចប់ តែក្រុមគ្រួសារអ្នក ពិសេសឪពុកម្តាយ បងប្អូន ប្រពន្ធកូន សាច់ញាតិ និងមិត្តភក្តិរបស់អ្នក ពួកគាត់ត្រូវទទួលរងសម្ពាធ និងត្រូវរ៉ាប់រងច្រើនណាស់បន្ទាប់ពីអ្នកបង្កបញ្ហា។
 
បទពិសោធន៍ និង ឥរិយាបទខុសឆ្គងក្នុងគ្រាកន្លងមកគួរត្រូវបានយកមកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង និងជាផែនទី សម្រាប់បញ្ចៀសខ្លួន ឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ដ៏កំណាចនេះ។ ការចេះប្រើប្រាស់ និង គ្រប់គ្រងពេលវេលាបានត្រឹមត្រូវ អ្នកនឹងក្លាយខ្លួនជាមនុស្សដែលមានតម្លៃក្នុងសង្គម។ ជាងនេះទៅទៀត រាល់ការបញ្ជាឬ បើកបរយានយន្ត ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ការគោរពអត់ឱន អធ្យាស្រ័យខ្ពស់ នោះអ្នកមិនត្រឹមតែរក្សានូវសេចក្តីសុខផ្ទាល់ខ្លួនទេ តែអ្នកថែមទាំងបាន
បណ្តុះនូវគម្រូល្អ ដល់អ្នកដទៃ និង បង្កើនសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាដែលធ្វើដំណើរតាមដងផ្លូវ។ រួមគ្នាកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ គឺរួមគ្នាគោរពច្បាប់ចរាចរណ៍។ 
 
ដោយឡែក គ្រោះថ្នាក់ចរាចរណ៍ក៏បានធ្វើឲ្យកម្ពុជាបានខាតបង់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចក្នុងទំហំរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដែរ។ តាមរបាយការណ៍ថ្នាក់ជាតិ នៅឆ្នាំ២០១៩កម្ពុជាបន្តខាតបង់ ៣៥០លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត ស្របពេលដែលថវិកាវិនិយោគលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជាស្ថិតក្នុងកម្រិតតិចតួចបំផុត។ 
 
យោងតាមផែនការជាតិ១០ឆ្នាំ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០១១-២០២០ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាកាត់បន្ថយចំនួនអ្នកស្លាប់ឱ្យបាន៥០% គឺនៅត្រឹមយ៉ាងច្រើន១,៦០០នាក់ ក្នុងមួយឆ្នាំ។ ប្រសិនមិនមានកិច្ចប្រឹងប្រែងរួមគ្នាជាក់លាក់ទេ នោះចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ព្យាករថា នឹងកើនឡើងរហូតដល់ ៣២០០នាក់។ បើទោះជាផែនការនេះមិនទាន់អាចសម្រេចជោគជ័យបាន ប៉ុន្តែលទ្ធផលទទួលបានវាក៏នៅមិនឆ្ងាយខ្លាំងពីទិសដៅកំណត់ដែរ។ វិសាលភាពកម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍នៃគម្រោងកែលម្អផ្លូវលំជនបទជំហានទីពីរនេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ និងបន្តគាំទ្រដល់ផែនការជាតិ និងទិសដៅអង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព២០៣០ សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរ៥០% បន្ថែមទៀត។ 
 
តាមពិសោធន៍ខ្ញុំផ្ទាល់ នៅប្រទេសជប៉ុន រដ្ឋាភិបាល សង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន បានវិនិយោគ បង្កើនកញ្ចប់ថវិកា និងរក្សានិរន្តរភាពការលើកកំពស់សុវត្ថិភាពចរាចរណ៍ រហូតមកដល់ពេលនេះ ច្រើនជាង៥០ឆ្នាំមកហើយ ដោយគិតចាប់តាំងពីឆ្នាំ១៩៧០មក។ ការវិនិយោគដើម្បីសង្រ្គោះជីវិតមនុស្ស និងបង្ការពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍នេះនៅតែត្រូវបានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងសកម្ម លើការអប់រំផ្សព្វផ្សាយតំរង់ទិសឥរិយាបថប្រជាពលរដ្ឋ រឹតបន្តឹងច្បាប់លើកត្តាហានិភ័យចម្បងៗ ការកសាង និងធ្វើឱ្យប្រសើរឡើងនូវវិស្វកម្មផ្លូវថ្នល់ដែលមានលក្ខណៈអនុគ្រោះដល់កំហុសឆ្គងដែលបង្កើតឡើងដោយអ្នកបើកបរ ក៏ដូចជាជំនួយបន្ថែមតាមរយៈបច្ចេកវិទ្យាទំនើប ដើម្បីគាំទ្រដល់សុវត្ថិភាពចរាចរណ៍ ផងដែរ៕
 
លោក ម៉ាសាតូ កូតូ ជាប្រធានក្រុមទីប្រឹក្សាសុវត្ថិភាពចរាចរណ៍ នៃគម្រោងកែលម្អផ្លូវជនបទ។
 

© រក្សាសិទ្ធិដោយ thmeythmey.com