អន្តរជាតិ
ទីក្រុងប៉េកាំង រងគ្រោះដោយសារព្យុះខ្សាច់ជាលើកទី២
29, Mar 2021 , 5:59 pm        
រូបភាព
ដោយ ឈួ ស៊ាវយីងជាវ 
 
រដ្ឋធានីប៉េកាំង បានរងគ្រោះជាលើកទីពីរនៅចុងសប្ដាហ៍មុនដោយសារព្យុះខ្សាច់ដែលបក់មកពីម៉ុងហ្គោលី។ កម្ទេចដីដ៏ក្រាស់ ធ្វើឱ្យរដ្ឋធានីចិនប្រែពណ៌លឿង ខណៈកម្រិតខ្យល់បំពុលដ៏គ្រោះថ្នាក់កើនឡើងផងដែរ។


បើតាមអាជ្ញាធរឧតុនិយមចិន ព្យុះខ្សាច់ធ្វើដំណើរពីទឹកដីម៉ុងហ្គោលីចូលទៅបណ្ដាខេត្តភាគខាងជើងមានតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង សានស៊ី លាវនីង និងហឺប៉ីដែលព័ទ្ធជុំវិញរដ្ឋធានីប៉េកាំង។ នេះជាលើកទីពីរហើយដែលរដ្ឋធានីចិនរងគ្រោះដោយសារព្យុះខ្សាច់ក្នុងពេលមិនដល់ពីរសប្ដាហ៍ផង។
 
នៅថ្ងៃទី២៨ ខែមីនា ព្យុះខ្សាច់ធ្វើឱ្យកម្រិតខ្យល់ពុលក្នុងទីក្រុងប៉េកាំងឡើងដល់កម្រិតអតិបរមា ហើយភាពដែលអាចមើលឃើញធ្លាក់មកត្រឹមមួយពាន់ម៉ែត្រប៉ុណ្ណោះ។ នៅផ្នែកឯទៀត ព្យុះខ្សាច់ បានបង្អាក់ការធ្វើដំណើរតាមផ្លូវអាកាស ដោយស្រទាប់ខ្សាច់មានពេញបរិយាកាស ដែលធ្វើឱ្យយន្តហោះពិបាកចុះចត និងហោះឡើង។ ជើងហោះជាច្រើននៅតំបន់ម៉ុងហ្គោលីខាងក្នុងដែលជាប់ម៉ុងហ្គោលី ត្រូវលុបចោល។ នេះបើយោងតាមសារពត៌មាន South China Morning Post។ 
 
លោក Zhang Tao មន្ត្រីរដ្ឋបាលឧតុនិយមចិននិយាយថា ភាគខាងជើង និងភាគពាយព្យចិនមានព្រិលនិងភ្លៀងធ្លាក់តិចនៅឆ្នាំនេះ ហើយតាំងពីខែកុម្ភៈមក សីតុណ្ហភាពក៏មានកើនឡើងជាងមុនដែលបណ្តាលឱ្យអាកាសធាតុរាំងស្ងួត និងមានខ្យល់ខ្លាំងខុសធម្មតា។ ចំណែក លោក Wang Ji នាយកមជ្ឈមណ្ឌលអាកាសធាតុទីក្រុងប៉េកាំង លើកឡើងថ នេះជាកម្រណាស់ដែលព្យុះខ្សាច់កើតឡើងដល់ទៅពីរដងក្នុងរយះពេលមិនដល់២សប្ដាហ៍ផង។
 
ព្យុះខ្សាច់លើកនេះ ក៏មិនមែនជាលើកចុងក្រោយដែរ។ អាជ្ញាធរឧតុនិយមចិនព្រមានថា ទីក្រុងប៉េកាំងនឹងប្រឈមព្យុះខ្សាច់បន្ថែមទៀតនៅខែមេសាខាងមុខ។ ព្យុះខ្សាច់នេះ តែងតែបោកបក់ចូលទីក្រុងប៉េកាំងជារៀងរាល់ឆ្នាំនៅនិទាឃរដូវ នៅពេលខ្យល់បក់ពីតំបន់វាលខ្សាច់ទៅកាន់តំបន់សមុទ្រ។
 
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលចិន ក៏កំពុងតែរៀបចំគម្រោងអេកូឡូស៊ីដែលត្រូវបានគេហៅថា «The Great Green Wall » ដោយដាំដើមឈើចំនួន៦៦ពាន់លានដើមជុំវិញទីក្រុងប៉េកាំងសម្រាប់ជាការរាំងខ្ទប់នូវព្យុះខ្សាច់ដ៏កំណាចនេះ។ គម្រោង «The Great Green wall »ត្រូវបានកំណត់នឹងបញ្ចប់នៅឆ្នាំ២០៥០៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com