ជាតិ
មានករណីលួចដឹកឈើចេញពីឧទ្យានឫស្សីត្រឹប ខណៈថ្មីៗមានករណីភ្លើងឆេះព្រៃអស់ ២០០ហិកតា
29, Mar 2021 , 9:29 pm        
រូបភាព
ដោយ:
ក្រុមល្បាតព្រៃនៃឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានសង្គ្រោះជីវិតសត្វព្រៃ ដែលជាប់អន្ទាក់ រួមនឹងចាប់បានគោយន្តដឹកឈើចំនួន ២គ្រឿង របស់អ្នកលួចកាប់ឈើផងដែរ កាលពីថ្ងៃទី ២៨ មីនាកន្លងទៅ។ នេះបើតាមហ្វេសប៊ុករបស់លោក សុខ ទូច ដែលបានបញ្ជាក់ ថា ជនល្មើសមានគ្នា៣នាក់ ហើយពួកគេ បានតដៃ ដណ្តើមយកឈើ ពីមន្ត្រីឧទ្យានុរក្សវិញទៀតផង ប៉ុន្តែមិនបានសម្រេច។

 
លោក សុខ ទូច បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 តាមតេឡេក្រាម ៖«ជនខិលខូចមានគ្នា ៣នាក់ ដោយមានការតដៃគ្នាយ៉ាងសម្បើម ដើម្បីដណ្ដើមឈើពីក្រុមអនុរក្ស»។
 
ឈើដែលជនល្មើស លួចដឹកចេញពីឧទ្យាន ជាប្រភេទឈើផ្ចឹក ដែលមានមុខកាត់ចាប់ពី ៦០ទៅ ៨០សង់ទីម៉ែត្រ។ លោក សុខ ទូច មិនបានបញ្ជាក់ទេថា ជនល្មើស ត្រូវបានឃាត់ខ្លួន ឬយ៉ាងណានោះទេ លោកគ្រាន់តែបញ្ជាក់ថា រាល់សម្ភារ និងឧបករណ៍ ដែលក្រុមអភិរក្សព្រៃឈើ ចាប់បាន មិនប្រគល់ជូនម្ចាស់វិញនោះទេ។


រូបភាពទាំងអស់ពីហ្វេសប៊ុក លោក សុខ ទូច 

គួរកត់សម្គាល់ថា បទល្មើសព្រៃឈើនេះ កើតឡើង បន្ទាប់ពីពេលកន្លងទៅថ្មីៗនេះ ព្រៃឈើប្រមាណ២០០ហិកតា ក្នុងដែនឧទ្យានឫស្សីត្រឹបនេះ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ត្រូវភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ ឆេះអស់កូនឈើប្រមាណ ៧ម៉ឺនដើម  ដែលទើបដាំបានប្រមាណ៣ឆ្នាំ នៅក្នុងឧទ្យាននេះ។ មិនតែប៉ុណ្ណោះ ជីវិតសត្វព្រៃ ជីវចម្រុះជាច្រើន ក៏រងផលប៉ះពាល់ផងដែរ។ ជុំវិញករណីនេះ ប្រធានរាជបណ្ឌិតសភាកម្ពុជា សន្និដ្ឋានថា មានជនខិលខូចលួចដុត៕
 
 

ឈើដែលជនខិលខូចលួចដឹកពីឧទ្យានឫស្សីត្រឹប


ឈើផ្ចឹក


Tag:
 បទល្មើសព្រៃឈើ
 ឧទ្យានឫស្សីត្រឹប
 ភ្លើងឆេះព្រៃ
 សុខ ទូច
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com