អន្តរជាតិ
កូរ៉េខាងជើង ចោទក្រុមប្រឹក្សាសន្តិសុខថា ប្រើប្រាស់ស្តង់ដារពីរ
29, Mar 2021 , 9:59 pm        
រូបភាព
កូរ៉េខាងជើង នៅថ្ងៃទី២៨ ខែមីនា បានចោទក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) ថា បានប្រើប្រាស់ស្តង់ដារពីរ ដោយសារហាមឃាត់កូរ៉េខាងជើង មិនឱ្យប្រើប្រាស់សិទ្ធិការពារខ្លួន ខណៈពេលប្រទេសដទៃបានធ្វើតេស្តមីស៊ីលជាច្រើនគ្រាន់។ បើតាមរដ្ឋាភិបាលក្រុងព្យុងយ៉ាង ខ្លួននឹងចេញវិធានការឆ្លើយតបវិញ។


កូរ៉េខាងជើង នៅសប្តាហ៍មុន បានបាញ់មីស៊ីលប្រដេញដែលត្រូវបានអភិវឌ្ឍថ្មីចំនួនពីរគ្រាប់ ដែលធ្វើឱ្យអាមេរិកស្នើឱ្យបើកកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ។ ក្នុងកិច្ចប្រជុំនោះ អាមេរិក បានអំពាវនាវឱ្យដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង ដើម្បីឆ្លើយតបនឹងទង្វើរបស់រដ្ឋាភិបាលក្រុងព្រុងយ៉ាង ដែលមិនគោរពសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខក្នុងការហាមឃាត់បាញ់សាកល្បងលើអាវុធប្រភេទនោះ។ ក្រុមប្រឹក្សាសន្តិសុខ នឹងអាចបើកកិច្ចប្រជុំនៅថ្ងៃទី៣០ ខែមីនា លើបញ្ហាកូរ៉េខាងជើងធ្វើតេស្តអាវុធប្រភេទថ្មីនេះថែមទៀត។ 
 
ទាក់ទិននឹងបញ្ហានេះ លោក Jo Chol Su អគ្គនាយកនៃនាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីតវ៉ា និងរិះគន់ក្រុមប្រឹក្សាសន្តិសុខប្រើប្រាស់អង្គការសហប្រជាជាតិថា អនុវត្តស្តង់ដារពីរជាន់។ «វាជាការមិនទទួលស្គាល់រដ្ឋអធិបតេយ្យ និងប្រើស្តង់ដារពីរមកលើកូរ៉េខាងជើង ដែលក្រុមប្រឹក្សាសន្តិសុខបានដាក់ចេញដោយផ្អែកលើសេចក្តីសម្រេច»។ លោក Jo បានលើកឡើងបែបនេះ ដោយបន្ថែមថា វាជាគោលនយោបាយបង្កើតសត្រូវផ្ទាល់របស់អាមេរិក ក្នុងការប្រឆាំងនឹងកូរ៉េខាងជើង។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចុះផ្សាយលើទីភ្នាក់ងារព័ត៌មាន KCNA នេះ ក្រុងព្យុងយ៉ាង បានការពារសកម្មភាពរបស់ខ្លួនថា ការធ្វើតេស្តមីស៊ីលប្រដេញប្រភេទថ្មីនៅពេលកន្លងមក គ្រាន់តែជាការប្រើប្រាស់សិទ្ធិការពារខ្លួន ដើម្បីប្រឆាំងនឹងការគំរាមកំហែងសកម្មភាពយោធាពីសំណាក់ប្រទេសផ្សេង និងការពារសន្តិភាពលើឧបទ្វីបកូរ៉េប៉ុណ្ណោះ។ 
 
បើតាមមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងរូបនេះ វាមិនសមហេតុផលឡើយ ដែលការបាញ់មីស៊ីលរបស់កូរ៉េខាងជើងត្រូវបានរិះគន់ ខណៈប្រទេសជាច្រើន ក៏បានមីស៊ីលប្រភេទនេះផងដែរ ដើម្បីពង្រឹងកម្លាំងយោធារបស់ខ្លួន។
 
ជាមួយគ្នានេះ លោក Jo ក៏បានវាយប្រហារអាមេរិក និងអង់គ្លេសវិញផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ លោកJo បានរំលឹកថា កន្លងទៅ អាមេរិក បានបើកការវាយប្រហារនៅក្នុងប្រទេសស៊ីរី។ ដោយឡែកអង់គ្លេសវិញ ថ្មីៗនេះ បានប្រកាសបង្កើនក្បាយគ្រាប់នុយក្លេអ៊ែរថែមទៀត ដែលនេះជាសកម្មភាពមិនគោរពកាតព្វកិច្ច ដែលមានចែកសន្ធិសញ្ញាអន្តរជាតិ។ 
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ មកទល់ឆ្នាំ២០១៧ កូរ៉េខាងជើង បានរងទណ្ឌកម្មជាច្រើនលើកពីសំណាក់ក្រុមប្រឹក្សាសន្តិសុខដោយសារតែការធ្វើតេស្ត និងអភិវឌ្ឍមីស៊ីលជាច្រើនប្រភេទ។ ទណ្ឌកម្មទាំងនោះ មានដូចជា ហាមឃាត់នាំចូលប្រេងទៅកូរ៉េខាងជើង, បង្កកទ្រព្យសម្បត្តិមេដឹកនាំកូរ៉េខាងជើងនៅបរទេស, ហាមនាំចូលធ្យូងថ្ម និងដែក, និងទណ្ឌកម្មជាច្រើនផ្សេងទៀត៕ 
 

Tag:
 កូរ៉េខាងជើង
  UN
© រក្សាសិទ្ធិដោយ thmeythmey.com