កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមនៅអឺរ៉ុប បញ្រ្ជាបបញ្ហាសិទ្ធិមនុស្សនៅកាតា អំឡុងជម្រុះ World Cup
30, Mar 2021 , 8:29 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិដាណឺម៉ាក ន័រវែស អាល្លឺម៉ង់ និងក្រុមជម្រើសជាតិអឺរ៉ុបដ៏ទៃទៀត បានរួមគ្នាបង្កើតចលនាប្រឆាំងនឹងបញ្ហាសិទ្ធិមនុស្សនៅកាតា។ ពួកគេចង់ឱ្យកាតា ផ្តល់លក្ខខណ្ឌការងារសមរម្យដល់ពលករចំណាកស្រុក ដែលកំពុងធ្វើការងារ ក្នុងការសាងសង់កីឡដ្ឋានត្រៀមប្រកួត World Cup ឆ្នាំ ២០២២។


អំឡុងការប្រកួតជម្រុះ World Cup នៅតំបន់អឺរ៉ុប ក្រុមកីឡាករជាច្រើនបានពាក់អាវធំដែលមានពាក្យស្លោកថា «បាល់ទាត់គាំទ្រការផ្លាស់ប្តូរ» ឈរថតជុំគ្នាមុនពេលប្រកួត។ ពួកគេធ្វើបែបនេះ ដើម្បីបង្ហាញការគាំទ្រដល់កម្មករចំណាកស្រុកដែលជួបបញ្ហា និងជួយកែលម្អលក្ខខណ្ឌការងាររបស់ពួកគេនៅកាតាឱ្យប្រសើរឡើង។ 
 
កន្លងមក មានការផ្សាយថាកម្មករសំណង់ចំណាកស្រុកចំនួន៦៥០០នាក់បានស្លាប់ ចាប់តាំងពីកាតា ផ្តើមសាងសង់កីឡដ្ឋានត្រៀម World Cup ឆ្នាំ២០២២ ក្រោយប្រទេសនេះ ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះពី FIFA កាលពីឆ្នាំ២០១០មក។
 
កីឡាកររបស់ដាណឺម៉ាក ហូឡង់ ន័រវែស ក៏ដូចជាអាល្លឺម៉ង់បានបង្ហាញការយកចិត្តទុកដាក់ពីបញ្ហាសិទ្ធិមនុស្សនៅកាតានេះ។ Erling Braut Haaland ខ្សែប្រយុទ្ធឆ្នើមរបស់ន័រវែស ខ្សែការពារ Joshua Kimmich របស់អាល្លឺម៉ង់សុទ្ធតែចូលរួមប្រឆាំងនឹងរបៀបប្រើកម្មករពីក្រៅប្រទេសរបស់កាតា រហូតបង្កឱ្យមានមនុស្សស្លាប់ច្រើនបែបនេះ។
 
ជុំវិញករណីខាងលើ ក្រុមហូឡង់បានលើកឡើងថា ទាំងកីឡាករ និងសហ័ន្ធរបស់ខ្លួនអាចនឹងមិនចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅកាតា បើសិនប្រទេសផលិតប្រេងមួយនេះ មិនមានការប្តូរលក្ខខណ្ឌការងារប្រសើរ សម្រាប់កម្មករចំណាក់ស្រុក ដែលកំពុងធ្វើការងារសំណង់ក្នុងកីឡដ្ឋានទេនោះ។
 
 «អ្នករាល់គ្នាដឹងថាអ្វីដែលកំពុងកើតឡើងនៅទីនោះជារឿងមិនល្អទេ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ ក៏ធ្លាប់និយាយថាប្រសិនបើយើងទៅទីនោះ ស្មើនឹងយើងជំរុញឱ្យមានករណីនេះកាន់តែខ្លាំង»។នេះជាការលើកឡើងរបស់ក្រុមហូឡង់។
 
កាតាដែលទទួលការរិះគន់យ៉ាងខ្លាំងលើបញ្ហាសិទ្ធិមនុស្ស បានផ្លាស់ប្តូរច្បាប់ការងាររបស់ខ្លួនមួយចំនួនដែរ។ ពួកគេឱ្យកម្មករទទួលបានការអនុញ្ញាតពីនិយោជក ដើម្បីពួកគេអាចមានសិទ្ធិផ្លាស់ប្តូរការងារ ឬចាកចេញពីប្រទេសបាន។ ក្រៅពីនោះកាតា ក៏បានដំឡើងប្រាក់ខែមួយចំនួនផងដែរ ដល់កម្មករទាំងជនជាតិកាតា និងកម្មករចំណាកស្រុក៕
 

Tag:
 World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com