អន្តរជាតិ
បារាំង ថ្កោលទោសការប្រើប្រាស់ហិង្សាដោយងងឹតងងល់នៅមីយ៉ាន់ម៉ា
30, Mar 2021 , 10:43 am        
រូបភាព
ក្រុមបាតុករ ធ្វើបាតុកម្មនៅក្នុងទីក្រុងMandalay។ រូបភាព៖ Reuters
ក្រុមបាតុករ ធ្វើបាតុកម្មនៅក្នុងទីក្រុងMandalay។ រូបភាព៖ Reuters
បារាំង នៅថ្ងៃទី២៩ ខែមីនា បានរិះគន់ក្រុមយោធាមីយ៉ាន់ម៉ាយ៉ាងខ្លាំង ដែលបានប្រើប្រាស់ហិង្សាយ៉ាងងងឹតងងល់លើក្រុមបាតុករមីយ៉ាន់ម៉ា។ បើតាមបារាំង ក្រុមយោធាត្រូវតែបញ្ឈប់ហិង្សាទាំងនោះ និងដោះលែងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិល និងមនុស្សផ្សេងទៀតដោយគ្មានលក្ខខណ្ឌ។ ស្របគ្នានេះ អាមេរិកឯណោះវិញ ក៏បានសម្រេចផ្អាកការរកស៊ី ទាំងអស់ជាមួយមីយ៉ាន់ម៉ា ដែលមានចែងក្នុងកិច្ចព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០១៣ ផងដែរ។


សម្ពាធធ្លាក់មកកាន់តែច្រើនទៀតលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បន្ទាប់ពីបង្រ្កាបលើក្រុមបាតុករមីយ៉ាន់ម៉ានៅក្នុងថ្ងៃទី២៨ ខែមីនាកន្លងទៅ ដែលបង្កឱ្យមានអ្នកស្លាប់១០៧នាក់។ តួលេខអ្នកស្លាប់នេះ គឺជាតួលេខខ្ពស់បំផុត ចាប់តាំងពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈមក។ អ្នកស្លាប់សរុបបានកើនឡើងដល់ ៥១០នាក់។ 
 
ពេលនេះ បារាំង ក៏បានចេញមុខមករិះគន់លើហិង្សានោះដែរ។ «កម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើហិង្សាយ៉ាងងងឹតងុល និងមានអ្នកស្លាប់ជាច្រើនអ្នក»។ រដ្ឋមន្រ្តីការបរទេសបារាំងលោក  Jean-Yves Le Drian បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២៩ ខែមីនា ដោយបន្ថែមថា អ្នកទាំងនោះ បានប្រើអាវុធប្រឆាំងនឹងប្រជាជន និងសម្លាប់ក្រុមបាតុករច្រើនជាង ១០០នាក់ រួមទាំងកុមារផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្នុងន័យនេះ រដ្ឋាភិបាលបារាំង បានអំពាវនាវឱ្យក្រុមយោធាបញ្ឈប់ការដឹកនាំបែបរបបសឹក បញ្ចប់ការប្រើហិង្សាលើប្រជាជនស៊ីវិល ដោះលែងអ្នកនយោបាយសំខាន់ៗ និងមនុស្សផ្សេងទៀត និងបើកផ្លូវឱ្យមានការចរចារវាងរដ្ឋាភិបាលស៊ីវិល និងក្រុមយោធាឡើងវិញ។ បើតាមលោក Le Drian កងទ័ពមានតួនាទីសំខាន់ណាស់ ក្នុងការការពារប្រជាជន ប៉ុន្តែមិនមែនដើរតួជាអ្នកបង្រ្កាបប្រជាជនឡើយ។ ករណីស្លាប់នៅមីយ៉ាន់ម៉ាកាន់តែកើនឡើង ហើយពេលនេះមីយ៉ាន់ម៉ា កំពុងធ្លាក់ក្នុងរណ្តៅសោកនាដកម្ម។ 
 
គួររំលឹកថា ថ្មីៗនេះ អឺរ៉ុប បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ាជាលើកដំបូង ដែលការសម្រេចចិត្តនោះ ក៏មានការគាំទ្រពីបារាំងផងដែរ។ ទណ្ឌកម្មនោះ គឺហាមឃាត់មេដឹកនាំចំនួន១១ រូប ចេញចូល ឬឆ្លងកាត់ទឹកដីអឺរ៉ុប និងបង្កកទ្រព្យសម្បត្តិ ឬមូលនិធិរបស់មេដឹកនាំទាំងនោះ ដែលមានវត្តមាននៅអឺរ៉ុប។ 
 
ស្របគ្នានេះ អាមេរិកបានសម្រេចផ្អាកទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយមីយ៉ាន់ម៉ា ដែលមានចែងក្នុងកិច្ចព្រមព្រៀងវិនិយោគ និងពាណិជ្ជកម្មឆ្នាំ២០១៣ រហូតដល់រដ្ឋាភិបាលស៊ីវិល ត្រលប់មកដឹកនាំប្រទេសវិញ។ នេះបើតាមសេចក្ដីប្រកាសរបស់តំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai នៅថ្ងៃទី២៩ ខែមីនា។ លោកស្រី Tai បន្តថា ការិយាល័យលោកស្រី ក៏កំពុងសហការជាមួយសភាអាមេរិក ដើម្បីពិនិត្យមើលលើប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក សម្រាប់មីយ៉ាន់ម៉ាផងដែរ។
 
ចំណែកចិន និងរុស្ស៊ី ដែលមិនធ្លាប់រិះគន់លើក្រុមយោធា ចាប់តាំងពីរដ្ឋប្រហារមក បានត្រឹមតែបង្ហាញការព្រួយបារម្ភលើការវិវត្តនៃនយោបាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះប៉ុណ្ណោះ។ 
 
បើសិនគ្មានការប្រែប្រួលទេ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី៣១ ខែមីនា ដើម្បីជជែកពីបញ្ហានៅមីយ៉ាន់ម៉ា។ កិច្ចប្រជុំបន្ទាន់នេះ ត្រូវបានស្នើដោយអង់គ្លេស៕ 
 

Tag:
 មីយ៉ាន់ម៉ា
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com