COVID-19
ជាតិ
តំណាង UN អរគុណកម្ពុជាដែលបញ្ចូលបុគ្គលិកខ្លួនក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩
30, Mar 2021 , 11:24 am        
រូបភាព
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា
ដោយ: រួបរួម
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) បានសម្តែងការដឹងគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូលបុគ្គលិកអង្គការសហប្រជាជាតិ នៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩ តាមការស្នើសុំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

 
«បុគ្គលិករបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា ត្រូវធ្វើតាមតួនាទីរបស់ខ្លួន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយនេះរាប់បញ្ចូលទាំងការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនរបស់យើង ក្រុមគ្រួសាររបស់យើង សហគមន៍របស់យើង និងសហគមន៍ដែលយើងធ្វើការជាមួយ»។ នេះជាការលើកឡើងរបស់លោកស្រី Pauline Tamesis។
 
តាមរយៈសារដែលបង្ហោះនៅលើបណ្តាញសង្គមរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា អ្នកសម្របសម្រួល UN រូបនេះ បានបន្ថែមថា៖ «យើងអាចចាប់ផ្ដើមកសាងឡើងវិញឲ្យកាន់តែប្រសើរ លុះត្រាតែយើងអាចគ្រប់គ្រងជំងឺរាតត្បាតជាសាកលនេះបាន។ យើងចូលរួមចាក់វ៉ាក់សាំងការពារ ដើម្បីឲ្យយើងអាចបន្តកិច្ចការងាររបស់យើងបាន»។

 
 
 
ក្រៅពីការពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលរដ្ឋខ្មែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់អាទិភាពដល់បុគ្គលិកអង្គការអន្តរជាតិទទួលបានវ៉ាក់សាំងកូវីដ-១៩ដោយឥតគិតថ្លៃនៅកម្ពុជាផងដែរ។
 
តាមសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្រៅពីមនុស្សវ័យ៦០ឆ្នាំនៅកម្ពុជា បុគ្គលិកស្ថានទូត និងអង្គការអន្តរជាតិ ទទួលបានវ៉ាក់សាំងកូវីសែល (COVISHIELD) ជាបន្តបន្ទាប់ផងដែរ។
 
គិតត្រឹមថ្ងៃទី២៦ ខែមីនា បុគ្គលិក៧៤១នាក់ពីស្ថានទូតចំនួន១៨ បានចាក់រួចរាល់នៅមន្ទីរពេទ្យកុមារជាតិ។ ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា បុគ្គលិក១៦៧១នាក់ពីអង្គការអន្តរជាតិចំនួន៤៤អង្គការក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ត្រូវទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់នៅមន្ទីរពេទ្យកាល់ម៉ែត។
 
ជាមួយគ្នានេះ បុគ្គលិក៤៤៣នាក់ពីអង្គការអន្តរជាតិពហុភាគី និងទ្វេភាគីមួយចំនួនទៀត ដែលត្រូវបានជូនដំណឹងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវទទួលបានវ៉ាក់សាំងចាប់ពីថ្ងៃទី៣០ ខែមីនា នៅមន្ទីរពេទ្យព្រះអង្គឌួង។
 
គិតត្រឹមថ្ងៃទី៣០ ខែមីនានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុប២៣៧៧នាក់ ក្នុងនោះ១៨៥១នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន១១៧៦នាក់ ស្លាប់១១នាក់ និង៤នាក់ទៀតស្លាប់ដោយជំងឺផ្សេងនាអំឡុងពេលព្យាបាលកូវីដ-១៩។
 
 
 
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបន្តអំពាវនាវឲ្យមានការអនុវត្តឲ្យម៉ឺងម៉ាត់នូវវិធានការនានា។ «យើងមានការព្រួយបារម្ភខ្លាំងណាស់។ ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មិនធូរស្បើយឡើយ […]។ សូមធ្វើអ្វីដែលត្រឹមត្រូវ! ជម្រើសមិនត្រឹមត្រូវ គឺការមិនគោរពច្បាប់ ឬវិធានការ ដែលនាំឲ្យមានការស្លាប់កាន់តែច្រើនឡើង»៕
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com